- ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

គម្រោង«លើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ» ត្រូវបានដាក់ឱ្យដំណើរការហើយ កាលពីថ្ងៃទី ២៧ ខែមេសា ក្រោមវត្តមានលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។
លោក ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ បានឡើងក្នុងពិធីប្រកាសដំណើរគម្រោងនេះ
នៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ ស្ថិតក្នុងស្រុកតាំងគោក ថា គម្រោងនេះ មានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។
លោក ប៉ែន ធីរុង្គ បន្ថែមថា៖ «គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ បន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ, ការចិញ្ចឹមសត្វ, ការផលិតជីសរីរាង្គ, និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ (ចូលរួមជាភាគហ៊ុនក្នុងមុខរបរសហគមន៍កសិកម្ម) និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការជំរុញកសាងខ្សែច្រវាក់តម្លៃកសិកម្មនៅតាមបណ្ដាមូលដ្ឋាន/សហគមន៍។»។
ពលរដ្ឋស្រុកតាំងគោក ខេត្តកំពង់ធំ ដែលចិញ្ចឹមកណ្តូបក្នុងសំណាញ់។ រូបភាព៖ ហ្វេសប៊ុកទីស្តីការគណៈរដ្ឋមន្ត្រី
បើតាម លោក ប៉ែន ធីរុង្គ គម្រោង នឹងត្រូវអនុវត្តក្នុងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០២៨ ដោយផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្មចំនួ ៧៥ ដែលបានចុះបញ្ជី និងកំពុងមានសកម្មភាពផលិតកម្មកសិកម្ម ឬតាមស្ថានភាពជាក់ស្តែង និងសម្រាប់ចំណាយគាំទ្រប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដែលមានទឹកប្រាក់សរុបជាង ៤០ ម៉ឺនដុល្លារអាមេរិក ដែលជាថវិកាផ្ទាល់របស់លោក វង្សី វិស្សុត និងក្រុមការងារ ព្រមទាំងសប្បុរសជន។
ក្នុងឱកាសនេះ លោក វង្សី វិស្សុត បញញជាក់ថាការដាក់ឱ្យដំណើរការគម្រោង«លើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ»នេះថា ជាការធ្វើពិត ពុំមែនសំដែងល្ខោនទេ។ ទោះយ៉ាងណា ដើម្បីឱ្យគម្រោងនេះជោគជ័យ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ស្នើឱ្យពលរដ្ឋ ត្រូវត្រូវចូលរួមការបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហ៍ព្យាយាម និងត្រូវមានសាមគ្គីភាពល្អ។ ទន្ទឹមនេះនេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងផ្នែកជំនាញពាក់ព័ន្ធ ត្រូវចូលរួមសម្របសម្រួល និងគាំទ្រការអនុវត្តគម្រោងដោយការទទួលខុសត្រូវ ហើយត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមដែលកើតមាន។
លោក វង្សី វិស្សុត ក៏បានណែនាំឱ្យក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងក្រុមការងារវិស័យពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលសហគមន៍បានលើកឡើងដូចជាតម្រូវការបច្ចេកទេស, ការដោះស្រាយបញ្ហាទីផ្សារ, ការគ្រប់គ្រងប្រើប្រាស់និងចាត់ចែងហិរញ្ញវត្ថុជាដើម។ លោក វង្សី វិស្សុត ក៏បង្ហើបពីគម្រោង រៀបចំឱ្យមានការប្រឡងប្រណាំងសហគមន៍ដែលអនុវត្តគម្រោងបានជោគជ័យផងដែរ នៅក្នុងពេលខាងមុខ៕
អ្នកសរសេរអត្ថបទ
