ដំណើការផ្លូវជាតិ៣ខ្សែជាង២០០គីឡូម៉ែត្រដែលភ្ជាប់ពីភ្នំពេញទៅបណ្តាខេត្តភាគនិរតី
- ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៣១ នាទី ព្រឹក

ផ្លូវជាតិចំនួន៣ខ្សែ គឺផ្លូវជាតិលេខ៣១ ៣៣ និង៤១ ដែលភ្ជាប់រាជធានីភ្នំពេញ និងបណ្តាខេត្តជាប់សមុទ្រនាភាគនីរតីនៃប្រទេសកម្ពុជា ត្រូវបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា នេះ។ កម្មវិធីប្រព្រឹត្តទៅនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា វ៉ាង វិនពីន។

«ផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្ដាល និងតំបន់ភាគនិរតីរបស់កម្ពុជា»។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងយ៉ាងដូច្នេះ ដែលក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប និងផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។
តាមរបាយការណ៍ ផ្លូវជាតិលេខ៣១ ៣៣ និង៤៣ ត្រូវបានបើកការដ្ឋានលើកកម្ពស់គុណភាព និងស្តារឡើងវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន ដែលពេលនោះស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន ៥៣,៥៣៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច កំពត (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបចំនួន ៥២,៥៧៧គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជាព្រំដែនកម្ពុជា-វៀតណាម រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។ ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន ៩៥,២៦៩គីឡូម៉ែត្រ មានចំណុច ចាប់ផ្តើមពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត)។
លោក ប៉េង ពោធិ៍នា បញ្ជាក់ថា ផ្លូវជាតិទាំង៣ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាល គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក ក្នុងនោះផ្លូវជាតិលេខ៣១ ប្រមាណ៦០លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ៦១លានដុល្លារអាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com