- ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៤៧ នាទី ព្រឹក

ភ្នំពេញ, កម្ពុជា – ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ – ក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងរួមគ្នាកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យា(ICT)ថ្នាក់តំបន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សផ្នែកឌីជីថល។ កិច្ចសហការអប់រំ-ឧស្សាហកម្មនេះ គឺជាវិធានការសំខាន់សម្របសម្រួលនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន។
ការបង្កើតគ្រឹះនៃឧត្តមភាពឌីជីថល
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន ហួវៃ នឹងផ្តល់នូវប្រព័ន្ធបណ្តុះបណ្តាលពេញលេញមួយរួមមាន៖ វេទិកាឌីជីថលទំនើប សម្ភារៈសិក្សា ICT ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងបរិក្ខារមន្ទីរពិសោធន៍ជាក់ស្តែង។ កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើគម្រោងសំខាន់ៗក្នុងការកសាងសមត្ថភាពដូចជា៖ កម្មវិធី "បណ្តុះបណ្តាលគ្រូបង្រៀន" ដើម្បីអភិវឌ្ឍជំនាញគ្រូបង្គោលក្នុងស្រុក ការគាំទ្រការប្រឡងយកវិញ្ញាបនបត្រ និងសម្ភារៈសិក្សាទំនើបជាដើម។ លើសពីនេះ ក្រុមហ៊ុន ហួវៃ នឹងផ្តល់ឱកាសក្នុងការហាត់ការងារជាក់ស្តែង និងអាទិភាពក្នុងការបំពេញការងារសម្រាប់និស្សិតឆ្នើមប្រចាំ ITCផងដែរ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នឹងដើរតួជាអង្គភាពដឹកនាំការប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ដោយអនុវត្តគំរូ "បណ្តុះបណ្តាលគ្រូបង្រៀន" ជាដំណាក់កាល និងពង្រីកទំហំអាជីវកម្ម នៅពេលដែលមានគ្រូបង្គោលច្រើនទៀត ទទួលបានវិញ្ញាបនបត្រកម្រិតខ្ពស់។ វិទ្យាស្ថាននឹងផ្តល់បរិក្ខារចាំបាច់ សម្របសម្រួលធនធានគ្រូ-និស្សិតចូលរួមកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍមជ្ឈមណ្ឌលនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់ដ៏សំខាន់មួយ។ កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យក្រុមហ៊ុន ប្រើមជ្ឈមណ្ឌលនេះក្នុងការបណ្តុះបណ្តាលសហគ្រាសជាដៃគូរបស់ខ្លួន ដើម្បីជំរុញការចែករំលែកចំណេះដឹង នៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។
លោក សាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា៖ «កិច្ចសហការជាមួយក្រុមហ៊ុន ហួវៃ សម្គាល់ដល់ការវាយតម្លៃយ៉ាងធំទូលាយ នៃសមត្ថភាពរបស់យើងក្នុងការផ្តល់អប់រំ ICT លើឆាកពិភពលោក។ តាមរយៈការបញ្ចូលគ្នា នូវចំណុចខ្លាំងផ្នែកអប់រំ និងភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា យើងកំពុងកសាងយន្តការអភិវឌ្ឍន៍ធនធានមនុស្ស ដែលនឹងរួមចំណែកដល់កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។»។
លោក Tao Guangyao ប្រធានក្រុមហ៊ុន ហួវៃ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន ហួវៃ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖«ការវិនិយោគលើមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ គឺជាការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមយ៉ាងស៊ីជម្រៅ និងគាំទ្រដល់ដំណើរការនៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ តាមរយៈការផ្តល់ឱកាសឱ្យយុវជនកម្ពុជា ទទួលបានវិញ្ញាបនបត្រជំនាញបច្ចេកវិទ្យាទំនើប យើងសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដែលកម្ពុជាត្រូវការ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន និងកសាងយន្តការថ្មីដើម្បីជំរុញសេដ្ឋកិច្ច។»។
ទំហំគម្រោងនិងឥទ្ធិពលក្នុងតំបន់
មជ្ឈមណ្ឌលបណ្តុះបណ្តាល ICT ថ្នាក់តំបន់នេះ នឹងចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្រៀនប្រមាណចំនួន ៨០-១៦០ នាក់ក្នុងមួយឆ្នាំ ដោយផ្តល់ទស្សនៈ និងបទពិសោធន៍ជាក់ស្តែង ពីសហគ្រាសផ្ទាល់ ដើម្បីអភិវឌ្ឍសមត្ថភាពបង្រៀនក្នុងផ្នែកដូចជា៖ ទំនាក់ទំនងទិន្នន័យ 5G បណ្តាញ បញ្ញាសិប្បនិម្មិត (AI) ពពក និងទិន្នន័យធំ។ កម្មវិធីសិក្សាផ្តោតលើការអភិវឌ្ឍជំនាញជាក់ស្តែង ដែលស្ថាប័ននិងសហគ្រាសត្រូវការ ហើយសិក្ខាកាម នឹងទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ ដើម្បីបង្កើនគុណភាពការងារ។ ក្រៅពីការបណ្តុះបណ្តាលជំនាញ មជ្ឈមណ្ឌលនេះ ក៏នឹងក្លាយជាវេទិកាសហការអប់រំឌីជីថលថ្នាក់តំបន់ ដែលជួយឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា នៅក្នុងតំបន់ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
អ្នកសរសេរអត្ថបទ
