ជំនួប Leicester-Southampton ផ្អាកការប្រកួតរយៈពេលខ្លី ព្រោះតែអាជ្ញាកណ្តាលរងរបួសក្បាល
  • ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២០ នាទី យប់
ជំនួប Leicester-Southampton ផ្អាកការប្រកួតរយៈពេលខ្លី ព្រោះតែអាជ្ញាកណ្តាលរងរបួសក្បាល

ជំនួបក្របខណ្ឌ Premier League រវាងក្រុម Leicester City ទល់នឹង Southampton ត្រូវបានផ្អាកការប្រកួតរយៈពេល ១១នាទី ក្រោយពេលលោកអាជ្ញាកណ្តាល David Webb របួសត្រង់ក្បាល ក្រោយការប៉ះទង្គិចជាមួយនឹងកីឡាករ Jordan Ayew។

TTN-Free-Banner-In-Article-PC

ការប្រកួតរវាងក្លិបទាំង ២ ត្រូវបានផ្អាកអស់រយៈពេល ១១នាទី បន្ទាប់ពីមានការត្រួតពិនិត្យរបួស សម្រាប់លោកអាជ្ញាកណ្តាល David Webb រួច។ ខ្សែប្រយុទ្ធ Jamie Vardy រកបានគ្រាប់បាល់នាំមុខនៅនាទី១៧ ក្រោយការប្រកួតចាប់ផ្តើមដំណើរការឡើងវិញ ហើយជាគ្រាប់បាល់ទី ១៩៩ របស់កីឡាករសញ្ជាតិអង់គ្លេស។ គ្រាប់ទី២ ធ្វើបានសម្រេចដោយកីឡាករ Jordan Ayew នាទី៤៤ ហៀបបញ្ចប់វគ្គទីមួយ។

លោកអាជ្ញាកណ្តាល Da​vid Webb ដែលទើបកាត់ក្តីការប្រកួតក្នុងក្របខណ្ឌ Premier League លើកដំបូង ក្នុងអាជីព បែរជាជួបរឿងរ៉ាវហួសចិត្ត ប៉ះទង្គិចគ្នាជាមួយនឹងកីឡាករក្រុម Leicester City រហូតដេកដួលនៅលើទីលានប្រកួត។

ហេតុការណ៍ភ្លាមៗ ក្រោយលោក Webb ដេកដួលលើទីលាន ខ្សែប្រយុទ្ធ Jamie Vardy ជាប្រធានក្រុម Leicester City ក៏រត់ទៅទៅលើ ដោយផ្លុំកញ្ចែ របស់លោកអាជ្ញាកណ្តាល ដែលកំពុងកាន់ជាប់ដៃផ្តល់ជាសញ្ញា។ បន្ទាប់មកខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ ក៏បានដើរចេញពីលោក Webb ខណៈដែលស្ថានភាពរបួសក៏កាន់តែធ្ងន់ធ្ងរ ហើយក៏បង្កការព្រួយបារម្ភទៅដល់កីឡាករក្រុមទាំងសងខាង ដោយបានហៅក្រុមគ្រូពេទ្យឱ្យចូលទៅសង្គ្រោះបន្ទាន់។

ខ្សែប្រយុទ្ធ Vardy បាននិយាយរឿងរ៉ាវ ដែលគេទៅផ្លុំកញ្ចែ ពេលអាជ្ញាកណ្តាលដេកដួលលើទីលាន ប្រាប់ទូរទស្សន៍ BBC Sport ដូច្នេះថា៖«ពេលនោះ ខ្ញុំបានឃើញក្រុមកីឡាករ Southampton បានបំបែកខ្លួនទៅខាងឆ្វេងព្រមៗគ្នា ហើយពេលនោះអាជ្ញាកណ្តាលបានដេកលើទីលានទៅហើយ ខ្ញុំគិតថា ខ្ញុំនឹងត្រូវផ្លុំកញ្ចែរបស់គាត់ ដើម្បីបញ្ឈប់ការប្រកួតនោះសិន។»។

រយៈពេល ៥នាទី ក្រោយពេលពេទ្យបានជួយសង្គ្រោះលោក Webb លើទីលានរួច អាជ្ញាកណ្តាលថ្មីថ្មោងក្នុងក្របខណ្ឌ Premier League ក៏ត្រូវបានគេនាំចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីបន្តពិនិត្យស្ថានភាពរបួស និងទទួលការព្យាបាល។ ការប្រកួតត្រូវបានតម្រូវឱ្យចាប់ផ្តើមឡើងវិញ ដោយជំនួសការកាត់សេចក្តីដោយ លោកអាជ្ញាកណ្តាលទី៤ Sam Barrott។

ក្រុម Leicester City ទោះបីជាពួកគេបានយកឈ្នះការប្រកួតទល់នឹង Southampton ប៉ុន្តែក្រុមដែលដឹកនាំដោយលោក Ruud Van Nistelrooy បានធ្លាក់ចេញពីក្របខណ្ឌ Premier League សម្រាប់រដូវកាលក្រោយ បន្ទាប់ពីពួកគេមិនអាចប្រជែងឆ្លងផុតតំបន់កាត់ចោល ក្នុងរដូវកាល ២០២៤-២៥៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង