អ្នករត់ម៉ារ៉ាតុង ១០នាក់ជាប់បម្រាម៣ឆ្នាំ ពីបទ «បត់ជើងតូច» ដាក់ផ្លាកសាលារៀន
  • ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
អ្នករត់ម៉ារ៉ាតុង ១០នាក់ជាប់បម្រាម៣ឆ្នាំ ពីបទ «បត់ជើងតូច» ដាក់ផ្លាកសាលារៀន

អ្នករត់ម៉ារ៉ាតុង ១០នាក់ ជាប់បម្រាមមិនឱ្យចូលរួមប្រកួតរយៈពេល ៣ឆ្នាំ បន្ទាប់ពីរកឃើញថា បានបត់ជើងតូច លើផ្លាកសញ្ញាសាលារៀន និងសួនច្បារនៅតាមដងផ្លូវសាធារណៈអំឡុងព្រឹត្តិការណ៍ Suzhou Marathon ឆ្នាំ ២០២៥ ក្នុង ប្រទេសចិន។

TTN-Free-Banner-In-Article-PC

រូបភាពដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo បង្ហាញអ្នករត់មួយក្រុមឈរនោមជុំគ្នានៅលើផ្លាកសញ្ញាសាលា ដែលស្ថិតនៅជិតទីចាប់ផ្តើមព្រឹត្តិការណ៍ម៉ារ៉ាតុង។ បុគ្គលិក​សាលា​បាន​​រាយការណ៍ពីករណីនេះ​ទៅកាន់​អាជ្ញាធរ។ រូបភាពមួយសន្លឹកទៀត ថតបានអត្តពលិកបីនាក់នោមដាក់ដើមផ្កាជិតបន្ទប់ទឹកចល័ត ស្របពេល គណៈកម្មការ​រៀបចំ​បាន​បំពាក់បន្ទប់ទឹក​ចល័ត​រាប់រយ​នៅ​តាម​ផ្លូវ​ ក្នុងព្រឹត្តិការណ៍ Suzhou Marathon ឆ្នាំ ២០២៥។

បន្ទាប់ពីមានការការស៊ើបអង្កេតរយៈពេល ២ខែ ចំពោះករណីអ្នករត់ បត់ជើងតូច នៅទីសាធារណៈ ទាំងនៅលើផ្លាកសញ្ញាសាលារៀន ផើងផ្កា និងសួនច្បារនៅតាមដងផ្លូវ អំឡុងការព្រឹត្តិការណ៍ Suzhou Marathon កាលពីដើមខែមីនា សមាគមអត្តពលកម្មចិន (CAA) បានសម្រេចពិន័យអ្នកចូលរួម១០នាក់ ពីសកម្មភាពម៉ារ៉ាតុង ៣ឆ្នាំ។

«យើងសង្ឃឹមថាអត្តពលិក និងភាគីពាក់ព័ន្ធទាំងអស់ចាត់ទុករឿងនេះជាមេរៀន និងចៀសវាងកើតឡើងនៅព្រឹត្តិការណ៍បន្តបន្ទាប់»។ CAA ផ្តែផ្តាំអ្នកស្នេហាវិស័យរត់ក្នុងសេចក្តីប្រកាសរបស់ខ្លួន មុនបន្ថែមថា ការដាក់ពិន័យលើអ្នករត់ សមាគមបានដកឈ្នោះពីព្រឹត្តិការណ៍ Suzhou Marathon ឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត។

នៅទីក្រុង Suzhou ការបន្ទោបង់បត់ជើងតូចតាមទីសាធារណៈគឺខុសច្បាប់ ហើយត្រូវដាក់ទោសពិន័យជាប្រាក់ ១៣៣ ដុល្លារ។ ករណី​នោម​ជា​សាធារណៈ​ក្នុង​កម្មវិធីរត់ម៉ារ៉ាតុង​ធំៗ​មិន​មែន​ជា​បញ្ហា​ថ្មី​ក្នុង​ប្រទេស​ចិន​ទេ។ អំឡុងម៉ារ៉ាតុងក្រុងប៉េកាំងឆ្នាំ ២០១៣ ស្របពេលបន្ទប់ទឹកអនាម័យមិនគ្រប់គ្រាន់ផងនោះ អ្នកចូលរួមភាគច្រើននោមដាក់របង និងដើមឈើតាមដងផ្លូវ ដែលធ្វើឱ្យមានក្លិបឆ្អេះ។ ចាប់តាំងពីពេលនោះមក អ្នករៀបចំការរត់ម៉ារ៉ាតុងបានបង្កើនចំនួនបន្ទប់ទឹកចល័តនៅតាមកន្លែងប្រណាំង ប៉ុន្តែនៅតែមានអ្នកល្មើស។

Suzhou Marathon ជាព្រឹត្តិការណ៍ម៉ារ៉ាតុងលំដាប់កំពូលរបស់ចិន។ នៅឆ្នាំ ២០២៥ នេះបានទាក់ទាញអ្នកចុះឈ្មោះជាង ១៦ម៉ឺននាក់ឯណោះ ប៉ុន្តែត្រូវបានជ្រើសរើសត្រឹមតែ ២៥០០០នាក់ប៉ុណ្ណោះដើម្បីប្រកួតប្រជែង៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ