- ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:៣០ នាទី រសៀល

សៀមរាប៖ អគាររោងអភិរក្សអង្គរទី១នៅសម័យបារាំង ដែលស្ថិតនៅខាងលិចប្រាសាទបាយ័ន ត្រូវបានកែលម្អ និងលើកតម្លៃឡើងវិញ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរបានសិក្សាស្វែងយល់ពី ការងារអភិរក្សនៅសម័យមុន។ នេះក៏ជាផ្នែកមួយក្នុងការរៀបចំវង់ទស្សនាថ្មីបន្ថែមទៀត ដើម្បីឱ្យទេសចរ អាចទស្សនាគ្រប់ជ្រុងជ្រោយនៃអតីតក្រុងអង្គរធំដ៏ល្បីល្បាញមួយនេះ។
អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា អគារដែលជារោងអភិរក្សអង្គរដំបូងនៅសម័យបារាំងនេះ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ ១៩២៤។ អគារនេះត្រូវបានទុកចោលរាប់សិបឆ្នាំមកហើយ និងបន្ទាប់ពីបារាំងបានរៀបចំបង្កើតអភិរក្សដ្ឋានអង្គរ ដែលមានទីតាំងស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខាងលិចស្ទឹងសៀមរាប ឬនៅទល់មុខវត្តព្រះឥន្ទកោសីយ។ មន្រ្តីរូបនេះបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងប្រើប្រាស់អគារបុរាណនេះឱ្យមានភាពរស់រវើក។ ក្រៅពីតាំងបង្ហាញសម្ភារ ឬការងារអភិរក្ស និងជួសជុល ទីនេះក៏មានរៀបចំជាសាលពិព័រណ៍បង្ហាញភ្ញៀវទេសចរពីប្រាសាទដែលនៅក្នុងតំបន់អតីតក្រុងអង្គរធំនេះផងដែរ ក្នុងនោះមានប្រាសាទសំខាន់ៗដូចជា បាយ័ន បាភួន ព្រះលានជល់ដំរី និងភិមានអាកាស ដែលជាអតីតព្រះបរមរាជវាំងនៅក្នុងក្រុងអង្គរធំ។
លោក ឡុង កុសល
សព្វថ្ងៃ ស្រពពេលតំបន់នេះកំពុងមានសកម្មភាពអភិរក្ស និងជួសជុលជាបន្តបន្ទាប់ វានឹងក្លាយជាវង់ទស្សនាដ៏ទាក់ទាញ និងប្លែកមួយសម្រាប់ទេសចរផងដែរ។ ពួកគេអាចទស្សនាទាំងប្រាសាទ សកម្មភាពជួសជុល និងអភិរក្សនៅតំបន់នេះដោយផ្ទាល់ និងដឹងពីការវិវឌ្ឍនៃកិច្ចការងារនេះ ដែលនឹងមានតាំងបង្ហាញក្នុងអគាររោងជាងខាងលើ។
តាមការពន្យល់ពីអ្នកនាំពាក្យ ក្រៅពីនេះអាជ្ញាធរជាតិអប្សរា ក៏គ្រោងនឹងដាក់តាំងរាល់សម្ភារជួសជុល និងគ្រឿងបរិក្ខាមួយចំនួនទៀត ដែលបង្ហាញពីសកម្មភាពជួសជុលពីសម័យអតីតកាល រហូតដល់បច្ចុប្បន្នដែលនឹងឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានស្វែងយល់ពីកិច្ចការងារខាងលើកាន់តែលម្អិត។
ក្នុងបទសម្ភាសនៅថ្ងៃទី២២ ខែឧសភា លោក ឡុង កុសល បានបន្ថែមថា ចំពោះថ្មដែលគររាយប៉ាយនៅជុំវិញតំបន់នេះ ក៏កំពុងត្រូវបានរៀបចំចុះបញ្ជីលេខ និងផ្គុំលើកតម្លៃឡើងវិញដែរ។ លោក កុសល ពន្យល់ថាថ្មទាំងនោះមួយចំនួន មិនទាន់ដឹងប្រភពច្បាស់ទេ ប៉ុន្តែអ្នកជំនាញនឹងព្យាយាមរកទីតាំងដើម ហើយថ្មដែលអាចផ្គុំបាន នឹងត្រូវរៀបចំផ្គុំនៅនឹងកន្លែងដើម្បីបង្ហាញដល់ភ្ញៀវទេសចរ និងសម្រាប់ការសិក្សាស្រាវជ្រាវ។ លោកបន្ថែមថា៖« តាមរយៈនេះ នឹងធ្វើឱ្យកន្លែងនេះ ក្លាយជាកន្លែងដែលមានលក្ខណៈប្រមូលផ្តុំ ព្រោះក្រៅពីការធ្វើឱ្យដំណើរការឡើងវិញនៃអាគារនេះ វាក៏នឹងត្រូវបានរៀបចំនូវពិព័រណ៍រូបភាព ក៏ដូចជាសកម្មភាពការងារមួយចំនួន ដែលបង្ហាញអំពីកិច្ចការងារជួសជុល អភិរក្ស អង្គរពីអតីតកាល»។
ផ្នែកខាងក្នុងនៃរោងអគារអភិរក្សអង្គរដែលជួសជុលកែលម្អឡើងវិញ
អគាររោងជាងសម័យបារាំងនេះ ក៏នឹងក្លាយជាទីតាំងប្រគល់ និងទទួលរាល់សម្ភារដែលភ្ញៀវទេសចរ បាត់ ឬភ្លេចនៅតំបន់អង្គរផងដែរ។ លោក កុសល ប្រាប់ថា ទេសចរដែលជ្រុះបាត់ ឬភ្លេចសម្ភារផ្សេងៗ អាចមកស្វែងរកនៅអគារនេះ។
ក្រៅពីបង្ហាញពីមោទកភាព និងផែនការការងារដើម្បីបង្កើនការទាក់ទាញទេសចរនៅតំបន់អង្គរ លោក ឡុង កុសល ពន្យល់ថា អាជ្ញាធរជាតិអប្សរាបានធ្វើការដើម្បីជំរុញលើការងារទាំង៣មិនឱ្យដាច់ពីគ្នាឡើយ។ ការងារទាំង៣ដែលមន្រ្តីរូបនេះចង់បញ្ជាក់ គឺអតីតកាល បច្ចុប្បន្ន និងអនាគត។ លោក កុសល លើកឡើងដូច្នេះថា៖« ទាំង៣នេះ មិនអាចបែងចែកដាច់ដោយឡែកពីគ្នាបានទេ យើងត្រូវមានផែនការរួមមួយក្នុងការគាស់កកាយឡើងវិញនៃអតីតកាល រំលឹកពីអតីតកាលដែលអាចធ្វើឱ្យយើងមានក្នុងពេលបច្ចុប្បន្ននេះ អាចឈររឹងមាំនៅទីនេះ ការឈរដ៏រឹងមាំនៅទីនេះបាន គឺដើម្បីគិតពីការផែនការផ្សេងទៀតក្នុងការជំរុញវិស័យទេសចរណ៍នៅតំប់នអង្គរ»៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ