សម្តេច ហ៊ុន ម៉ាណែត បន្តដំណើរទស្សនកិច្ចការងារផ្លូវការនៅជប៉ុន ក្រោយបញ្ចប់បេសកកម្មនៅម៉ាឡេស៊ី
- ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:២៣ នាទី យប់

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន តែម្តង បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេល៣ថ្ងៃរួចមក។ ទំព័រហ្វេសប៊ុក សម្តេចហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ នៅយប់ថ្ងៃទី២៧ ខែឧសភា។

ទស្សនកិច្ចការងារផ្លូវការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ក្នុងទស្សនកិច្ចនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ជប៉ុន ISHIBA Shigeru។
សម្តេច ហ៊ុន ម៉ាណែត ក៏គ្រោងជួបទ្វេភាគីដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំនៃស្ថាប័ន នីតិបញ្ញត្តិជប៉ុន និងចូលរួមថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» (Nikkei Forum 30th FUTURE OF ASIA)។ នេះបើតាមក្រសួងការបរទេសកម្ពុជា ដែលបញ្ជាក់បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ដែរ។

អំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចនាយករដ្ឋមន្ត្រី និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងមានជំនួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុនផងដែរ។ នេះបើតាមក្រសួងការបរទេសកម្ពុជា ដែលបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នៅជប៉ុនថានឹងជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសកម្ពុជា ដែលបញ្ជាក់បន្ថែមដូច្នេះ។
នេះគឺជាដំណើរទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសជប៉ុន របស់ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីឡើងកាន់តំណែង ហើយនឹងជាជំនួបលើកដំបូងរវាង លោក ស៊ីហ្គេរូ និងសម្តេច។ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា លើកដំបូងនៅជប៉ុន ធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២៣ ដោយកាលនោះ សម្តេច បានជួបជាមួយ លោកនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ