- ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:៤០ នាទី ព្រឹក

សៀមរាប៖ ចុងភៅកម្ពុជាលោក ឈឿន ឈប់ បានឈ្នះមេដាយមាសលើការប្រកួតម្ហូបលក្ខណៈអន្តរជាតិ ឈ្មោះថា Thailand Ultimate Chef Challenge ២០២៥។ ក្រៅពីនេះ មានចុងភៅផ្សេងទៀតក៏បានឈ្នះមេដាយប្រាក់ និងសំរឹទ្ធ ពីព្រឹត្តិការណ៍ធ្វើម្ហូបជាលក្ខណៈអន្តរជាតិនេះដែរ។
នៅថ្ងៃទី២៨ ខែឧសភា មេចុងភៅកម្ពុជា និងជាសមាជិកសមាគមចុងភៅកម្ពុជាំ (CCA) លោក ឈឿន ឈប់ បានឈ្នះមេដាយមាសលើវិញ្ញាសា Asian Modern Freshwater Fish and Prawn Culinary ក្នុងកម្មវិធី Thailand Ultimate Chef Challenge 2025 ក្នុងចំណោមបេក្ខជនប្រមាណ៧០០នាក់ មកពី៩ប្រទេស។ បើតាមសមាគមចុងភៅកម្ពុជា (CCA) ក្រៅពីលោក ឈឿន ឈប់ ក្នុងនោះចុងភៅម្នាក់ទៀតគឺលោក ឡេង វាសនា ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Asian Curry ដែលការប្រកួតនេះធ្វើឡើងនៅថ្ងៃទី២៧ ឧសភា។
ដោយឡែកនៅថ្ងៃទី២៩ ឧសភា ចុងភៅកម្ពុជា៤រូបទៀត បានដណ្ដើមមេដាយប្រាក់ និងសំរឹទ្ធ លើវិញ្ញាសាផ្សេងៗគ្នា។ ទី១ ចុងភៅ ព្រហ្ម រដ្ឋា ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Asian Rice and Noodle ទី២ ចុងភៅ ឌុក ដា មេដាយសំរឹទ្ធ លើវិញ្ញាសា Asian Modern Freshwater Fish & Prawn
ទី៣ ចុងភៅ ម៉ម ម៉ាញ មេដាយប្រាក់ លើវិញ្ញាសា Asian Curry និងទី៤ ចុងភៅ ដន ឆុង មេដាយសំរឹទ្ធ លើវិញ្ញាសា Asian Rice and Noodle។
សកម្មភាពចុងភៅកម្ពុជាកំពុងចូលរួមប្រកួត។ រូបភាព៖ CCA
នៅថ្ងៃទី៣០ ឧសភា ចុងភៅ ដន ឆុង ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Asian Cuisine Culinary។ ដូច្នេះសរុបមេដាយដែលចុងភៅកម្ពុជាទទួលជាបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី៣០ ឧសភា មានចំនួន៧គ្រឿង ក្នុងនោះមាស១ ប្រាក់១ និងសំរឹទ្ធ៥។ នៅថ្ងៃទី៣១ ឧសភា គឺការប្រកួតចុងក្រោយ និងជាការប្រកួតជាក្រុមៗ។
សមាគមចុងភៅកម្ពុជា បានបង្ហាញការសាទរ និងអបអរចំពោះលទ្ធផលនៃការប្រកួតនេះ។ បើតាមក្រុមការងារនៃសមាគមចុងភៅកម្ពុជាបានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ចុងភៅពីកម្ពុជាចំនួន១៤រូប បានចូលរួមក្នុងកម្មវិធីប្រកួតមុខម្ហូបអន្តរជាតិនៅប្រទេសថៃនេះ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ឧសភា ដោយចូលរួមប្រកួតនៅលើ៦ វិញ្ញាសាផ្សេងៗគ្នា។
ក្រៅពីចុងភៅដែលតំណាងកម្ពុជា ក្នុងនោះប្រធានសមាគម និងអនុប្រធានសមាគមចុងភៅកម្ពុជា៤រូប ផ្សេងទៀតក៏ចូលរួមក្នុងនាមជាសមាជិកនៃក្រុមគណៈកម្មការវាយតម្លៃ (Rookie Judge) ក្នុងកម្មវិធីជាលក្ខណៈអន្តរជាតិនេះដែរ៕
រូបភាព៖ CCA
រូបភាព៖ CCA
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ