- ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:០០ នាទី យប់

សៀមរាប៖ កន្លងមកសាធារណជនតែងបង្ហាញក្តីបារម្ភ នៅពេលលេចរូបភាពក្រុមកម្មករសម្អាតប្រាសាទ ដែលឡើងកាត់ ឬដករុក្ខជាតិតូចៗនៅលើប្រាសាទខ្ពស់ៗ។ ពួកគេឱ្យដំបូន្មានថា គួរមានខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពអំឡុងពេលបំពេញការងារ។
ជុំវិញក្តីបារម្ភនេះ លោក ងិន ធី ប្រធានក្រុមកាត់សម្អាតរុក្ខជាតិលើប្រាសាទនៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា កន្លងមកក្រសែភ្នែកសាធារណជន និងភ្ញៀវទេសចរតែងគិតថា ក្រុមការងារសម្អាតប្រាសាទប្រឈមនឹងគ្រោះថ្នាក់ ប៉ុន្តែជាក់ស្ដែងមិនដូច្នោះទេ។ លោក ធី ពន្យល់ថា អាជ្ញាធរជាតិអប្សរាមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ទាំងមួក ជណ្ដើរ ខ្សែក្រវាត់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ លោកបន្ថែមថា ការប្រើប្រាស់សម្ភារទាំងនេះគឺទៅតាមពេលវេលា និងទីកន្លែងច្បាស់លាស់ មិនអាចប្រើគ្រប់កន្លែងបានទេ។
លោក ងិន ធី។ រូបភាព៖ ស៊ិន ប្រណី
ប្រធានគ្រប់គ្រងក្រុមការងារសម្អាត លោក ធី ពន្យល់ទៀតថា ជាទូទៅការប្រើសម្ភារដូចជាខ្សែក្រវាត់ ឬបោះខ្សែ សម្រាប់តែការសម្អាតនៅប្រាសាទឥដ្ឋប៉ុណ្ណោះ ដ្បិតថាប្រាសាទឥដ្ឋមិនមានចម្លាក់ ឬក្បាច់ក្បូរច្រើនងាយឱ្យគេតោងច្រើនដូចប្រាសាទថ្ម។ ផ្ទុយទៅវិញ ប្រាសាទថ្មមិនអាចបោះខ្សែ ឬពាក់ខ្សែក្រវាត់បានទេ ព្រោះពេលខ្លះវាអាចទើស ឬលំបាកក្នុងការបំពេញការងាររបស់កម្មករវិញទេ។
មួយវិញទៀត ការរៀបរន្ទាឡើងក៏មិនអំណោយផលចំពោះការងារនេះដែរ។ លោក ធី រំឭកថា ពីមុនអាជ្ញាធរជាតិអប្សរារៀបចំដំឡើងរន្ទានៅពេលត្រូវសម្អាតម្ដងៗ ប៉ុន្តែការងារនេះត្រូវចំណាយកម្លាំងច្រើន និងពេលវេលាយូរ រាប់ទាំងការដំឡើង ការងារសម្អាត និងរើវិញ ចូលរាប់ខែទម្រាំអាច សម្អាតបានមួយកន្លែងៗ។ មួយវិញទៀត ការរៀបរន្ទាក៏អាចប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាព ប្រាសាទផងដែរ។
ដើម្បីធានាពីសុវត្ថិភាពការងារនេះបន្ថែមក្រៅពីពឹងលើសម្ភារ ក្នុងនោះជារៀងរាល់ព្រឹក លោក ធី តែសួរនាំពីសុខភាពកម្មករជាប់ជានិច្ច។ ក្នុងករណីកម្មករមានអាការៈមិនស្រួលខ្លួន ប្រធានក្រុមណែនាំឱ្យពួកគេធ្វើការនៅកន្លែងសុវត្ថិភាព។ ចំណែកអ្នកឡើងទីខ្ពស់ ក៏លោក ធី តែងតឿនជាប់ជានិច្ចឱ្យចាំថ្មដែលមានការពុកផុយ ឬរអិលផងដែរ។
លោក ដម ដេង។ រូបភាព៖ ស៊ិន ប្រណី
លោក ដម ដេង ជាកម្មករសម្អាតប្រាសទពីឆ្នាំ២០០១មក។ ក្នុងនាមជាអ្នកសម្អាតមួយរូប លោក ដម ដេង មានមោទកភាពណាស់ដែលមានចំណែកធ្វើឱ្យប្រាសាទស្អាត។ លោក ដេង និយាយទាំងញញឹមដូច្នេះថា៖« ក្នុងនាមអ្នកសម្អាត ពេញចិត្តជាខ្លាំងដែលសម្អាតប្រាសាទកុំឱ្យស្ដុក។ ក្នុងនាមជាកូនខ្មែរ យើងស្រឡាញ់សម្បត្តិវប្បធម៌ខ្មែរ ចង់ឱ្យរីកចម្រើន កុំឱ្យស្មោគក្រោក»។
នៅក្នុងរដូវវស្សានេះ ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទហាក់មមាញឹកទ្វេដង បើធៀបនឹងរដូវប្រាំង។ លោក ធី ដែលដឹកនាំការងារសម្អាតនេះប្រាប់ថា រុក្ខជាតិឬស្មៅដុះលឿន ដែលបង្ខំឱ្យក្រុមការងារពន្លឿនការសម្អាត មិនដូច្នោះវាធ្វើឱ្យប្រាសាទស្ដុក។ ខែប្រាំង ប្រាសាទមួយអាច១ខែឬ២ខែ ទើបឡើងសម្អាតម្ដង តែខែវស្សា១ខែត្រូវវិលជុំសម្អាត៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ