- ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី ព្រឹក

កំពង់ចាម៖ រយៈពេលមួយខែមកនេះ ម្ចាស់ចម្ការ និងជាអាជីករលក់ទុរេនដ៏ធំមួយនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គឺអ្នកស្រី កែវ ចន្ធូ បានលក់ទុរេនអស់ប្រមាណ៣០០តោនរួចហើយ។
អ្នកស្រី កែវ ចន្ធូ បានចាប់ផ្តើមបេះទុរេនពូជមូសានឃីងលក់មុនគេនៅដើមខែ ឧសភា ចំណែកទុរេនពូជម៉ានថង ទើបនឹងប្រមូលផលកាលពីពេលថ្មីៗនេះ។ មានវ័យ៥៤ឆ្នាំ អ្នកស្រី កែវ ចន្ធូ ប្រាប់ថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា អ្នកស្រីលក់ទុរេនទាំងបោះដុំ និងលក់រាយទៅកាន់ទីផ្សារនានាក្នុងប្រទេស សរុបប្រមាណ៣០០តោនរួចហើយ។
ម្ចាស់ចម្ការដែលមានវោហារូបនេះបន្ថែមថា អ្នកស្រីនឹងបន្តចុះកាត់ទុរេនប្រមាណ៤០០តោនទៀតជាបន្តបន្ទាប់ រហូតដលនៅចុងខែកក្កដា។ ក្រៅពីចម្ការខ្លួនឯងដែលមានទំហំ២៣ហិកតានៅលើភ្នំហាន់ជ័យ អ្នកស្រី ចន្ធូ ដើរម៉ៅចម្ការទុរេនពីម្ចាស់ចម្ការតូចធំនានា។ តម្លៃសម្រាប់ទុរេនដែល អ្នកកំពង់ចាមរូបនេះកាត់លក់ជាទូទៅ តម្លៃ១៥ ០០០រៀល។ អ្នកស្រីបញ្ជាក់ថា តម្លៃនេះគឺទូទៅ មិនថាអ្នកទិញតិចឬច្រើន ឬសូម្បីតែមួយផ្លែក៏តម្លៃ ១៥ ០០០រៀលនេះ។
ទុរេនដែលកាត់លក់នៅលើទីផ្សារក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
យ៉ាងចំពោះតម្លៃរបស់ទុរេនអ្នកស្រី ចន្ធូ ដែលមានស្ដង់ធំនៅផ្លូវបំបែកជា៤មុខស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ហាក់ទាបជាងទីផ្សារទូទៅ ដែលមានតម្លៃពី២០ ០០០រៀលឡើង។ អ្នកស្រី ចន្ធូ បញ្ជាក់ថា តម្លៃនេះគឺជាទុរេនចាស់ និងមានទុំដើមខ្លះ ហើយសម្រាប់ឈ្មួញដែលគេលើកទៅលក់បន្ត អាចថ្លៃជាងនេះដោយសារគេត្រូវយកទៅបន្ទុំ២ទៅ៣ ដែលធ្វើឱ្យទុរេនស្រកគីឡូខ្លះ។
ដោយសារការលក់ក្នុងតម្លៃសមរម្យត្រឹម ១៥ ០០០រៀល ធ្វើឱ្យទុរេនម្ចាស់ចម្ការយីហោ ហ៊ា ទី មានអតិថិជនតម្រង់ជួរទិញច្រើន។ ខ្លះបញ្ជាទិញតាមអនឡាញ ឬទូរសព្ទ ដែលធ្វើឱ្យម្ចាស់ចម្ការ ឬក្រុមការងារមមាញឹកខ្លាំង។ ក្នុងមួយថ្ងៃអ្នកស្រី ចន្ធូ អាចលក់ទុរេនចាប់ពី១៥ទៅ២០តោន។
អ្នកស្រី កែវ ចន្ធូ
បទពិសោធជាអ្នកដាំ និងលក់ផ្លែឈើតាំងពីអាយុ២០ឆ្នាំ អ្នកស្រី ចន្ធូ ប្រាប់ថាមូលហេតុដែលអ្នកស្រី មានអតិថិជនច្រើន និងឈរជើងនៅលើទីផ្សារធំៗក្នុងប្រទេស។ អ្នកស្រីបញ្ជាក់ដូច្នេះថា៖«រកស៊ីត្រូវស្មោះត្រង់ អត់ខូច។ ខ្ញុំលក់ឥវ៉ាន់ខ្មែរប្រាប់ថាឥវ៉ាន់ខ្មែរ ខ្ញុំអត់មាននាំចូលពីណាអីទេ។ តែខ្ញុំក៏អត់មានជាន់ពន្លិចឈ្មួញកណ្ដាលផ្សេងទៀតដែរ។ រាល់ឆ្នាំខ្ញុំត្រៀមនាំទៅចិន តែឆ្នាំនេះច្បាប់យើងរត់អត់ទាន់បាន។ ធម្មតាខ្ញុំម៉ៅបានចម្ការច្រើន គឺ១៧-១៨ចម្ការ គឺច្រើនមាន ៧០០ទៅ៨០០តោន ខ្ញុំអត់ដឹងយកទៅណា មានតែខ្ញុំឡាយលក់ ហើយលក់ក្នុងតម្លៃសមរម្យដែលបងប្អូនអាចទិញហូបបាន»។
តាមរបាយការណ៍ក្រសួងកសិកម្មក្នុងឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំទុរេនសរុប ៩ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ ៥ពាន់ហិកតា៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ