លោក ធន់ វឌ្ឍនា លើកឡើងពីសារសំខាន់នៃការងារស្រាវជ្រាវក្នុងវិស័យកសិកម្ម
- ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១១:០៥ នាទី ព្រឹក

លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា
«យុវជននៅតាមសាលាមិនសូវចាប់អារម្មណ៍រឿងស្រាវជ្រាវ [Research] ទេ តែបើមានគោលនយោយលើកិច្ចការនេះ ពោលបើមានលុយធ្លាក់លើការស្រាវជ្រាវនេះ គ្រូ និស្សិត បញ្ញវន្តជាច្រើននឹងផ្តោតលើការស្រាវជ្រាវ»។ លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់បែបនេះ នាសមាជរដ្ឋសភា-ព្រឹទ្ធសភា ក្នុងថ្ងៃទីពីរ លើប្រធានបទវិស័យកសិកម្ម។

លោក ធន់ វឌ្ឍនា ដែលជាអតីតនាយកវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បានគូសបញ្ជាក់ថា អង្ករខ្មែរដែលជាប់លេខ១នៅលើឆាកអន្តរជាតិ ជាអង្ករដែលមានគុណភាព។ ទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងស្រាវជ្រាវ។
តាមរយៈសមាជ អនុប្រធានព្រឹទ្ធសភា ដែលមានជំនាញខាងកសិកម្មរូបនេះ ចង់ឱ្យមានការបើកចំហរជួយគាំទ្រដល់វិស័យស្រាវជ្រាវ ជំរុញបន្ថែមការងារស្រាវជ្រាវ ដោយមិនមែនតែស្រូវអង្ករមួយមុខទេ គឺមានពូជច្រើនទៀតដែលត្រូវផ្តោត។
លោក ធន់ វឌ្ឍនា កត់សម្គាល់ថា ក្នុងវិស័យកសិកម្ម រដ្ឋមានគោលនយោបាយច្បាស់លាស់ទាក់ទងនឹងរឿងដី ជាពិសេសការបង្កបង្កើនផលនៅលើដីដដែល និងការកំណត់តំបន់ដាំដុះ ដែលចេញជាគោលនយោបាយរបស់រដ្ឋ។
ទាក់ទងនឹងការស្រាវជ្រាវ លោក ធន់ វឌ្ឍនា ថា វិស័យកសិកម្ម ផ្តោតលើធាតុចូលចំនួន២ ក្នុងនោះមាន ជី និងពូជ។ លោកបន្ថែមថា៖ «បើខេត្តមួយក្នុង១អាណត្តិ៥ឆ្នាំ អាចផ្តោតលើការស្រាវជ្រាវពូជដែលសមប្រកបទៅនឹងដីក្នុងខេត្តហ្នឹង យើងអាចមាន២៥ពូជក្នុង១អាណត្តិ ដាក់ទៅលើទីផ្សារ»៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com