- ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

លោក ណៅ ធួក តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានស្នើឱ្យរាជរដ្ឋាភិបាលពិចារណាក្នុងការលែងកូនបង្កង ទៅក្នុងប្រភពទឹកធម្មជាតិ ឱ្យបានចំនួន ១៥លានក្បាលជារៀងរាល់ឆ្នាំ ដើម្បីបង្កើនផលិតផលបង្កងនៅក្នុងធម្មជាតិ។ បើតាមណៅ ធួក ការលែងកូនបង្កង អាចធ្វើឡើងក្នុងទិវាមច្ឆជាតិ។
សំណើរបស់លោក ណៅ ធួក ធ្វើឡើងនៅក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា នៅថ្ងៃទី៣ មិថុនា ក្នុងប្រធានបទពាក់ព័ន្ធនឹងវិស័យកសិកម្ម។ តំណាងរាស្ត្រដែលធ្លាប់ជានាយករដ្ឋបាលជលផល រូបនេះ យល់ថា បង្កងតាកែវ ដែលត្រូវបានក្រសួងពាណិជ្ជកម្ម ចុះជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ GI មានសក្តានុពលសេដ្ឋកិច្ចធំធេងសម្បើមណាស់។ ទោះយ៉ាងណា ទិន្នផលបង្កងតាកែវធម្មជាតិ មានបរិមាណស្តួចស្តើងណាស់ បើធៀបនឹងអតីតកាល លោក ណៅ ធួក អះអាងថា ទិន្នផលបង្កងធម្មជាតិរបស់កម្ពុជា មានបរិមាណដ៏សន្ធឹកសន្ធាប់រហូតដល់រាប់រយតោនឯណោះ។
លោក ណៅ ធួក ស្នើឡើងដូច្នេះថា៖ «បើយើងអាចលែងបានដល់ ១៥លានក្បាលក្នុងមួយឆ្នាំ គឺល្អមែនទែន ពីព្រោះថា កម្ពុជាមានផ្ទៃដីលិចទឹកប្រមាណ ៣លានហិកតា។ ហើយផ្ទៃដីលិចទឹកនេះ សម្បូរទៅដោយចំណីសម្បូរបែបណាស់។ អ៊ីចឹងបើយើងបានលែងកូនបង្កងទៅ ក្នុង៣លានហិកតានេះ ឱ្យ១ហិកតា បង្កើនបង្កងបានតែ២គីឡូ(ក្រាម) ក៏បានបង្កង ៦ពាន់តោនដែរ ដែលមានតម្លៃទៅដល់ ១៨០លានដុល្លារ។ ហើយយើងអត់ចាំបាច់ ឱ្យចំណីទេ ចាក់តែកូនបង្កងចូលទៅ។»។
ការជំរុញឱ្យមានការលែងកូនបង្កងក្នុងប្រភពទឹកធម្មជាតិនេះ ក៏ព្រោះតែ អតីតនាយករដ្ឋជលផលរូបនេះ មានពិសោធន៍ជោគជ័យក្នុងការបង្កើនបរិមាណបង្កង តាមរយៈការលែងកូនរបស់ទៅក្នុងបឹង ឬទន្លេនេះដែរ។
បើតាម លោក ណៅ ធួក កម្ពុជាជោគជ័យក្នុងការងារភ្ញាស់បង្កង នៅក្នុងអំឡុងឆ្នាំ២០០៤ និងចាប់ផ្តើមលែងបង្កងទៅក្នុងប្រភពទឹកធម្មជាតិនៅក្នុងឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៥។
នៅក្នុងឆ្នាំ២០១១ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានលែងបង្កងក្នុងទន្លេវ៉ៃគោ ក្នុងខេត្តស្វាយរៀង ក្នុងចំនួនប្រមាណ ១០ម៉ឺនក្បាល។ ពីរ បីឆ្នាំក្រោយ លោក ណៅ ធួក អះអាងថា ទិន្នផលបង្កងក្នុងទន្លេវ៉ៃគោមានការកើនឡើង ដោយពលរដ្ឋនេសាទបានបង្កងជាបន្តបន្ទាប់។ នៅខេត្តកំពង់ស្ពឺ ក៏មានកំណើនបង្កងធម្មជាតិដែរ ក្រោយសម្តេច សាយ ឈុំ លែងបង្កងក្នុងបឹងធម្មជាតិ។
ការលែងបង្កងនេះ ជំរុញឱ្យមានកំណើនធនធានបង្កងធម្មជាតិ រហូតដល់ទៅ ២៩ដងឯណោះ។ នេះបើតាមការបញ្ជាក់របស់លោក ណៅ ធួក ដែលបានពន្យល់ដូច្នេះ៖
តាមការសិក្សាស្រាវជ្រាវទៅឃើញថា វាបានផលចំណេញដល់ទៅ ២៩ដង។ ខ្ពស់ណាស់! ហើយលទ្ធផលដែលប្រទេសដទៃ ដែលគេលែងបង្កងដែរក៏បានផលដូចគ្នា។ មិនខ្ពស់ដូចនេះពេកទេ ព្រោះវាស៊ីសងទៅតាមកូនបង្កងដែលយើងលែង តូច ឬធំ?»៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ