«មានហូប មានប្រើ មានបាន និងមានរហូត»! រដ្ឋសភា និងព្រឹទ្ធសភា ប្រកាសពីជោគជ័យនៃសមាជស្តីពីកសិកម្ម
  • ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:០៧ នាទី យប់
«មានហូប មានប្រើ មានបាន និងមានរហូត»! រដ្ឋសភា និងព្រឹទ្ធសភា ប្រកាសពីជោគជ័យនៃសមាជស្តីពីកសិកម្ម

អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានប្រកាសពីលទ្ធផលដ៏ជោគជ័យនៃកិច្ចពិភាក្សាពេញមួយថ្ងៃ ក្នុងអង្គសមាជលើកដំបូងរបស់ស្ថាប័ននីតិបញ្ញតិទាំងពីរ លើរបៀបវារៈទី៣ ស្តីពីវិស័យកសិកម្ម នៅវិមានរដ្ឋសភា នាថ្ងៃទី៣ ខែមិថុនា។
TTN-Free-Banner-In-Article-PC


កិច្ចពិភាក្សាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានការចូលរួមពីសមាជិកអង្គសមាជ១៧៩រូប ដែលជាសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដោយភាគច្រើនបំផុតពីគណបក្សប្រជាជនកម្ពុជា រីឯគណបក្សហ៊្វុនស៊ិនប៉ិច មានសមាជិកសភា៣អង្គរូប និងគណបក្សឆន្ទៈខ្មែរ មានសមាជិកព្រឹទ្ធសភា៣រូប។

ក្រោយ លោក ឡូយ សុផាត តំណាងក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និង ព្រឹទ្ធសភា ទទួលបន្ទុក ប្រធានបទអំពីវិស័យកសិកម្ម ជាអ្នករាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាប្រធានបទជូនអង្គប្រជុំសមាជ សមាជិកអង្គសមាជ ចំនួន ២៣រូប បានឡើងមានមតិ បញ្ចេញយោបល់។ 

អង្គសមាជ បានពិភាក្សាអំពីគោលនយោបាយ ផែនការសកម្មភាព ស្ថានភាព ជាក់ស្តែង បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលរដ្ឋាភិបាលកំពុងអនុវត្ត ហើយបានគាំទ្រទាំងស្រុងនូវ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការទាំងឡាយដែលបានអនុវត្តកន្លង។

សេចក្តីប្រកាសព័ត៌មានបានរៀបរាប់ពីតួលេខទាក់ទងនឹងវិស័យកសិកម្មដែលលោក ឡូយ សុផាត បានអាន ជាពិសេសគោលនយោបាយនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ។ 

គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧% ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ហើយការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%។ 

គោលនយោបាយអាទិភាពរួមមាន ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ, រក្សាលំនឹងថ្លៃកសិផលតាមរយៈ កម្ម វិធីហិរញ្ញប្បទាន និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប។ 
រដ្ឋាភិបាលបានអះអាងថា គោលនយោបាយវិស័យកសិកម្ម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមានទាំងអ្នករកទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈការអនុវត្ត គោលនយោបាយ សាមញ្ញ ៤ ចំណុច គឺ «មានហូប មានប្រើ មានបាន និងមានរហូត»។ 

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកទឹកចិត្តដល់ រដ្ឋាភិបាលឱ្យបន្ត អនុវត្ត គោលនយោបាយទូទៅ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងយុទ្ធសាស្ត្រដែលបានដាក់ចេញចាប់តាំងពីឆ្នាំ១៩៨៧។ 

បន្ទាប់ពីការពិភាក្សាលើប្រធានបទអំពីវិស័យកសិកម្ម និងការបកស្រាយរបស់រដ្ឋាភិបាលទៅលើមតិ ពិភាក្សា អង្គប្រជុំសមាជបានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីវិស័យកសិកម្ម ជាមួយនឹងសំឡេងគាំទ្រ១៧៩សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។ 

តាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មាន សេចក្តីសម្រេចស្តីពីវិស័យកសិកម្ម នឹងក្លាយជាត្រីវិស័យចូលរួមគាំទ្រ លើកទឹកចិត្តដល់រដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធី នយោបាយកាន់តែមានប្រសិទ្ធភាព៕ 

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម