ព្រះមហាក្សត្រ រំឭកប្រជានុរាស្ត្រឱ្យបន្តកាតព្វកិច្ចថែរក្សាបរិស្ថាន និង​រស់នៅ​ដោយការគោរពធម្មជាតិ
  • ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៧ នាទី ព្រឹក
ព្រះមហាក្សត្រ រំឭកប្រជានុរាស្ត្រឱ្យបន្តកាតព្វកិច្ចថែរក្សាបរិស្ថាន និង​រស់នៅ​ដោយការគោរពធម្មជាតិ

ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានមានព្រះ​រាជបន្ទូលថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិគឺជាឫសគល់នៃវប្បធម៌ ប្រពៃ​ណី និងជំនឿ​របស់​ប្រជាជន​ខ្មែរយើងតាំងពីបុរាណកាលមក។ នៅក្នុងជាព្រះរាជសុន្ទរកថា របស់ព្រះអង្គ នៅក្នុងព្រះរាជទិវាបរិស្ថាន នា​ថ្ងៃទី៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតក​តេជោ ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង បានរំឭកប្រជានុរាស្ត្ររបស់ព្រះអង្គឱ្យបន្តនូ​វ​កាតព្វ​កិច្ចថែរក្សាបរិស្ថាន និងការ​រស់នៅ​ដោយការគោរពធម្មជាតិ មិនចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

TTN-Free-Banner-In-Article-PC

ព្រះករុណា ​ព្រះបាទ សម្តេច ព្រះបរមនាថនរោត្តម សីហមុនី មានព្រះរាជសុន្ទ​រកថាដូច្នេះ ៖ «ការរស់នៅ​ដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើ​ប្រាស់​ធនធានធម្មជាតិ​ប្រ​កបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យ​បាន​ខ្ជាប់ខ្ជួនសម្រាប់បន្ត​ដល់កូន​ចៅជំនាន់ក្រោយ។»។

មាតុភូមិកម្ពុជា គឺជាទឹកដីដ៏ស្រស់បំព្រង ពោរពេញទៅដោយសម្បត្តិធម្មជាតិ ដែលបុព្វបុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់កូនចៅជំនាន់ក្រោយ រាប់ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើដ៏ខៀវស្រងាត់ ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាប ដែលជាមរតកធនធានធម្មជាតិ ដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្រដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន។ ព្រះករុណា មានព្រះរាជឱង្ការ ដូច្នេះ ដោយបន្តព្រះបន្ទូលថា សម្បត្តិធម្មជាតិទាំងអស់នេះ ជាសរសៃឈាម និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិកម្ពុជា។

​អង្គព្រះមហាក្សត្រ ក៏បានរំឭកឡើងនូវព្រះរាជសមិទ្ធផលរបស់​ព្រះបរមរតនកោដ្ឋ ដែលបានបង្តើតតំបន់ការពារធម្មជាតិ និងលើកទឹកចិត្តដល់កូនចៅព្រះអង្គឱ្យបន្ត​ចូល​រួមការពាររ​ផងដែរ។ ​

សម្រាប់ព្រះករុណា ការប្រារព្ធទិវាបរិស្ថាន ឆ្នាំ២០២៥ ក្រោមប្រធានបទ«ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» គឺជារំឭក និងជាការអំពាវនាវមួយឱ្យមនុស្សជាតិ ឱ្យធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ 

​«ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»។ ព្រះករុណា ព្រះប្រមុខរដ្ឋ បានមានព្រះរាជបន្ទូលដូច្នេះ ដោយបន្តអំពាវនាវដល់ ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ​ឱ្យបន្ត​សហការ ​ជាមួយក្រសួងបរិស្ថាន ដើម្បីសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមពាក្យស្លោក«កម្ពុជាស្អាត ខ្មែរធ្វើបាន»៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា