រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ ឯកភាពបន្ថយភាពតានតឹង តែកម្ពុជាមិនថយពីទីតាំងឈរជើងឡើយ
  • ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៧ នាទី រសៀល
រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ ឯកភាពបន្ថយភាពតានតឹង តែកម្ពុជាមិនថយពីទីតាំងឈរជើងឡើយ
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយសមភាគីថៃ លោក Phumtham Wechayachai នៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយសមភាគីថៃ លោក Phumtham Wechayachai នៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា។ ក្នុងជំនួប ភាគីទាំងពីរ បានឯកភាពគ្នាកាត់បន្ថយភាពតានតឹង ដោយជៀសវាងការប៉ះទង្គិចយោធាគ្នា ប៉ុន្តែសំណើមិនសមស្របមួយចំនួនពីភាគីថៃ ត្រូវបានកម្ពុជាច្រាលចោល។
TTN-Free-Banner-In-Article-PC


«យើងបានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងជៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ»។ លោក ទៀ សីហា បានបញ្ជាក់យ៉ាងដូច្នេះ ក្រោយជំនួបរវាងលោកជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai។

ទោះបីជាយ៉ាងណាក៏ដោយ ចំណុចដែលភាគីថៃ ស្នើសុំឱ្យសម្រួលកងទ័ព ត្រលប់ទៅសភាពដើមមុនឆេះសាលារួមចិត្ត ឬសភាពដើមដូចកាលឆ្នាំ២០២៤ ត្រូវបានភាគីកម្ពុជាបដិសេធ និងមិនទទួលយកការស្នើសុំនោះទេ។ លោក ទៀ សីហា បានអះអាងថា ទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រយ៍តាំងពីដើមរៀងមក ដូច្នេះភាគីកម្ពុជា មិនអាចថយពីទីតាំងឈរជើងបាននោះឡើយ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកដដែលថា  ដរាបណាភាគីថៃនៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំណុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ ហើយភាគីកម្ពុជានៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០០ ដូចដែលមានកន្លងមក។ 

លោក ទៀ សីហា បានបញ្ជាក់ពីជំហរច្បាស់លាស់របស់កម្ពុជាក្នុងការបញ្ចប់ជម្លោះ និងការកំណត់ព្រំដែនជាក់លាក់ តាមរយៈការរៀបចំបញ្ជូនសំណុំរឿងវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ។

លោកបញ្ជាក់ថា កម្ពុជាមានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតម្កល់ប្រយោជន៍ប្រជាជនទាំងសងខាងជាធំ។ ក្នុងនោះដែរ ភាគីថៃក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំណុចទាំង៤ ទៅ ICJ រួមទាំងបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀតនាពេលខាងមុខ។

ជាមួយគ្នា ភាគីថៃ បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលធ្វើឱ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ  ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ។

សូមបញ្ជាក់ថា កម្ពុជាបន្តបោះជំហានទៅមុខក្នុងការរៀបចំបញ្ជូនសំណុំរឿងព្រំដែននៅតំបន់រសើបទាំង៤ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្រោយការវាយឆ្មក់របស់កងទ័ពថៃទៅលើលេណដ្ឋានកងទ័ពខ្មែរនៅតំបន់មុំ៣ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ដែលបណ្តាលឱ្យព្រិន្ទបាលឯក សួន រ៉ោន ទទួលមរណភាព។

ការសម្រេចចិត្តបញ្ជូនសំណុំរឿងព្រំដែនទៅកាន់ ICJ ដូចករណីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ និងការប្ដឹងឱ្យបកស្រាយសាលក្រមឡើងវិញកាលពីឆ្នាំ២០១១។ តាមអនុសាសន៍សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាសមាជព្រឹទ្ធសភា និងរដ្ឋសភា លើកទីមួយ សមាជិកនៃស្ថាប័ននីតិបញ្ញត្តិទាំងពីរ បានបង្ហាញជំហររួមគ្នាគាំទ្រសេចក្តីថ្លែងការណ៍រដ្ឋាភិបាលក្នុងការនាំយកបញ្ហាជម្លោះព្រំដែននេះ ទៅកាន់តុលាការឡាអេ។ ស្ថាប័នរដ្ឋ ឯកជន ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏សុទ្ធតែគាំទ្ររដ្ឋាភិបាលចំពោះការដោះស្រាយបញ្ហាព្រំដែនតាមប្រព័ន្ធតុលាការអន្តរជាតិនេះផងដែរ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម