៤ឆ្នាំចុងក្រោយនេះ និស្សិតកម្ពុជា៥៥៥នាក់បានជ្រើសរើស​បន្តការសិក្សានៅប្រទេស​បារាំង
  • ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
៤ឆ្នាំចុងក្រោយនេះ និស្សិតកម្ពុជា៥៥៥នាក់បានជ្រើសរើស​បន្តការសិក្សានៅប្រទេស​បារាំង

តាមរយៈកម្មវិធីអាហារូបករណ៍ និងសហហិរញ្ញប្បទានសាធារណៈ និងឯកជន​នានា និស្សិត​កម្ពុជា​៥៥៥នាក់ បាន​ជ្រើសរើស​បន្ត​ការសិក្សានៅប្រទេស​បារាំង ដោយ​គិត​ចាប់តាំងពីឆ្នាំ២០២១មក។ នេះ​បើតាម​សេចក្តីប្រកាស ព័ត៌មាន របស់ស្ថានទូតបារាំង​ប្រចាំកម្ពុជា នាទិវា​អតីត​និស្សិតកម្ពុជា ដែលធ្លាប់សិក្សានៅបារាំង ឬតាមគ្រឹះស្ថាន ឧត្តមសិក្សាបារាំង លើកទីបី នា​ល្ងាចថ្ងៃទី៥ ខែមិថុនា។

TTN-Free-Banner-In-Article-PC

ទិវាអតីតនិស្សិតកម្ពុជា​ដែលធ្លាប់សិក្សា​​នៅប្រទេសបារាំង ឬតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាបារាំងលើកទីបីនេះ ​ធ្វើ​ឡើង​ស្ថិតក្រោមប្រធានបទ «អ្នកមានទេពកោសល្យ​ដើម្បី​ផ្លាស់​ប្តូរ​​ពិភពលោក» ដោយមាន​អ្នក​ចូល​រួម​ជាង ៦០០ នាក់នៅ «ភូមិអតីតនិស្សិត» ក្នុងបរិវេណស្ថានទូត។

ក្នុងសុន្ទរកថាស្វាគមន៍ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានវាយតម្លៃខ្ពស់ចំពោះ​ការសិក្សា​ដ៏ល្អរបស់អតីតនិស្សិតកម្ពុជា ក៏ដូចជាការរួមចំណែកដ៏ធំធេងរបស់ពួកគេក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការ​ពង្រឹង​​​ចំណងទាក់ទងបារាំង-កម្ពុជា។ 



«ដោយជ្រើសរើសឧត្តមសិក្សាបារាំង លោក​អ្នក​ទទួលបានចំណេះដឹងផ្នែកភាសា ជំនាញ ផ្នត់គំនិតទូលំទូលាយ និង បទពិសោធន៍​​ ដែលនាំទៅកាន់​ចក្ខុវិស័យ​ការងារ និងអាជីព ទាំងនៅកម្ពុជា និងនៅបរទេស»។ លោកទូតបាន អះអាងយ៉ាងដូច្នេះ ដោយបន្ថែមថា ភាសាបារាំង និង​ការ​សិក្សានៅប្រទេសបារាំង គឺជាកម្លាំង​ចលករ​ដ៏ខ្លាំងនៃឱកាសទទួលបានការងារ។

បារាំងស្ថិតក្នុងលំដាប់ទី៤លើពិភពលោកដែលទទួលនិស្សិតបរទេសឱ្យទៅសិក្សាច្រើនជាងគេ ហើយ​​ក៏​ជា​ប្រទេស គោលដៅទី៤សម្រាប់និស្សិតកម្ពុជាផងដែរ។ របាយការណ៍​បាន​បង្ហាញថា ចាប់តាំងពី​ឆ្នាំ​២០២១មក និស្សិតកម្ពុជា ៥៥៥នាក់បានជ្រើសរើសបន្តការសិក្សានៅប្រទេសបារាំងតាមរយៈកម្មវិធីអាហារូបករណ៍ France Excellence អាហារូបករណ៍ Eiffel កម្មវិធី DFMS (សញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញ) និង DFMSA (សញ្ញាបត្រវេជ្ជសាស្រ្ត ជំនាញជាន់ខ្ពស់) ក៏ដូចជាតាមរយៈសហហិរញ្ញប្បទានសាធារណៈ និងឯកជន។

ស្របពេលជាមួយ​គ្នា និស្សិតកម្ពុជាជាច្រើននាក់ទៀតបន្តការសិក្សានៅប្រទេសបារាំងតាមរយៈហិរញ្ញវត្ថុផ្ទាល់ខ្លួន ផងដែរ។ នៅ​​ឆ្នាំនេះ និស្សិត​១៧​នាក់ ក្នុងនោះស្រី៨នាក់ នឹង​ចាកចេញទៅ​សិក្សា​នៅបារាំងក្នុង​បវេសនកាល​មុខ​តាម​អាហារូបករណ៍ France Excellence ដោយ​១២នាក់​បន្តការ​សិក្សាថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង៥នាក់សិក្សា​ថ្នាក់បណ្ឌិត តាមរយៈការគាំទ្ររបស់ស្ថានទូតបារាំង និងកិច្ចខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ជំនួបនៅ «ភូមិអតីតនិស្សិត» ដែល​ត្រូវបាន​រៀបចំជាពិសេស​ក្នុងបរិវេណស្ថានទូតបារាំងនេះ ជួយសម្រួល ដល់ការពិភាក្សាផ្លាស់ប្តូរយោបល់ បើកចក្ខុវិស័យការងារ និងពង្រឹងបណ្តាញ អតីតនិស្សិតកម្ពុជាមកពីបារាំង ដែលបច្ចុប្បន្នមានសមាជិកជាង១ ២០០នាក់។   

ស្របពេល​ជាមួយគ្នា​ផងដែរ ស្ថានទូតបារាំង បាន​បញ្ជាក់ថា ទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់​ទៅ​សិក្សានៅបារាំង គឺជាពេលវេលានៃការកៀគរ​បណ្តាញអ្នក​ប្រើ​ប្រាស់​ភាសាបារាំង ក្នុងពេល​​ដែល​កិច្ច​ប្រជុំកំពូលហ្វ្រង់ កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នៅកម្ពុជា កាន់តែខិតជិតមកដល់៕










អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម