លោកស្រី ឱ វណ្ណឌីន ប្រាប់ទៅមន្រ្តីឱ្យបន្តពង្រឹងសេវាសុខាភិបាលតាមមណ្ឌលសុខភាព
  • ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
លោកស្រី ឱ វណ្ណឌីន ប្រាប់ទៅមន្រ្តីឱ្យបន្តពង្រឹងសេវាសុខាភិបាលតាមមណ្ឌលសុខភាព
លោកស្រី ឱ វណ្ណឌីន

សៀមរាប៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹក​ដល់មន្រ្តីសុខាភិបាលតាមមណ្ឌលសុខភាព ឱ្យបន្តពង្រឹងសេវាព្យាបាលផ្នែកថែទាំសុខភាពបឋម​ឱ្យកាន់តែប្រសើរ ដើម្បីកាត់បន្ថយអត្រាឈឺធ្ងន់ធ្ងររបស់ពលរដ្ឋ។

TTN-Free-Banner-In-Article-PC


ថ្លែងចំពោះមុខគ្រូពេទ្យ មន្រ្តីថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធប្រមាណ៣០០នាក់ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តផែនការនៃការកែលម្អមណ្ឌលសុខភាព ​​ដែលរៀបចំនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ នាថ្ងៃទី៥ មិថុនា លោកស្រី ឱ វណ្ណឌីន បានជំរុញឱ្យ​មន្រ្តីសុខាភិបាល និងថ្នាក់ក្រោមជាតិទាំងអស់ រួមគ្នាធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅមូលដ្ឋាន ពិសេសតាមមណ្ឌលសុខភាព មានភាពរឹងមាំ និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត។ ទាំងគុណភាព ការយកចិត្តទុកដាក់ និងអនាម័យខ្ពស់ សុទ្ធសឹងត្រូវបានណែនាំឱ្យមន្រ្តីពេទ្យ និងផ្នែកពាក់ព័ន្ធ យកចិត្តទុកដាក់។

លោកស្រី ឱ វណ្ណឌីន មិនភ្លេចរំឭកឱ្យគ្រូពេទ្យ ចាត់ទុកអ្នកជំងឺដូចក្រុមគ្រួសារ និងមិនត្រូវប្រងើយកន្តើយ​ចំពោះការមកទទួលសេវារបស់ពួកគេឡើយ។ បន្ថែមពីនេះ មន្រ្តីជាន់ខ្ពស់សុខាភិបាលរូបនេះ​ក៏បានឱ្យក្រុមការងារចុះពិនិត្យ និងណែនាំធ្វើយ៉ាងណា ជំរុញឱ្យមានការកែលម្អមណ្ឌលសុខភាពចំនួន ៣៩កន្លែងទៅជាមណ្ឌលសុខភាពគំរូ និង៤១មណ្ឌលត្រូវធ្វើឱ្យបានល្អ និង១៣មណ្ឌលឱ្យទៅជាល្អបង្គួរ​នៅក្នុងខេត្តសៀមរាប ព្រមទាំងផ្សាភ្ជាប់ជាមួយសហគមន៍ឱ្យបានល្អ។



ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់  បានបញ្ជាក់ថា ខេត្តសៀមរាបមានមន្ទីរពេទ្យ សម្រាប់ការផ្តល់សេវាសុខភាពក្នុង​ការពិនិត្យ ពិគ្រោះ ថែទាំ ព្យាបាលជំងឺ រួមមាន​នៅមន្ទីរពេទ្យបង្អែកខេត្ត​ផ្តល់សេវាបង្គ្រប់កម្រិត៣ មន្ទីរពេទ្យបង្អែកស្រុកផ្តល់សេវាបង្គ្រប់កម្រិត២ ចំនួន៤កន្លែង មន្ទីរពេទ្យបង្អែកស្រុក​ផ្តល់សេវាបង្គ្រប់កម្រិត១ចំនួន១កន្លែង។ ចំណែកមណ្ឌលសុខភាព មានចំនួន៩៣ និងប៉ុស្តិ៍សុខភាព ចំនួន២កន្លែង ជាមួយនឹងគ្រែសម្រាកព្យាបាលជំងឺចំនួន ៧០៣គ្រែ។ 

ក្រៅពីនេះ ខេត្តសៀមរាបក៏មានមន្ទីរពេទ្យធំៗចំនួន៣ទៀត រួមមានមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែ សម្រាកព្យាបាល ចំនួន ១ ១២៩ គ្រែ មន្ទីរពេទ្យកុមារអង្គរ មានចំនួន ១០០គ្រែ និងមន្ទីរពេទ្យយោធ ភូមិភាគ៤ ចំនួន៥០គ្រែ និងសេវាឯកជន ដែលមានច្បាប់ អនុញ្ញាត៨៨៥កន្លែង។

អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានអំពាវនាវដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តយកចិត្តទុកដាក់​ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ដោយផ្សព្វផ្សាយ​ឱ្យមានការ​បង្កើតក្រុមការងារ​គ្រប់គ្រងការអនុវត្តក្របខណ្ឌ ជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជាឱ្យបានគ្រប់ក្រុង ស្រុកទាំង១៣ ក្នុងខេត្តសៀមរាប។ លោកអភិបាលរង បានផ្តាំទៅគ្រប់អ្នកពាក់ព័ន្ឋទាំងអស់​ត្រូវឈរលើស្មារតីយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មី ទស្សនៈថ្មីដ៏សមស្របសម្រាប់អនាគត ដែលជាការផ្តួចផ្តើម និងសម្របសម្រួល សំដៅលើកកម្ពស់សមត្ថភាព និងគុណភាព​នៃប្រព័ន្ឋ​សុខាភិបាលទំនើប ធ្វើយ៉ាងណាឱ្យការអនុវត្តន៍យុទ្ឋសាស្ត្រកម្មវិធីសុខាភិបាល នៅគ្រប់មូលដ្ឋាន​ទទួលបានជោគជ័យ៕


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី