- ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) បានទទួលជោគជ័យ ក្នុង ការបង្កាត់ពូជកូនត្រដក់ធំ ២ក្បាល។ បើតាម មជ្ឈមណ្ឌល ACCB កូនត្រដក់មួយគូនេះ អាចហើរបាន និងស្ថិតនៅក្រោមការមើលថែទាំដោយអ្នកអភិរក្ស។
ការបង្កាត់ពូជ ជារឿងដែលលំបាក តម្រូវឱ្យអ្នកអភិរក្សមានជំនាញបទពិសោធ។ យោងតាម មជ្ឈមណ្ឌល ACCB អ្នកអភិរក្ស បានព្យាយាមបង្កាត់ពូជភ្ញាស់ដោយជោគជ័យ ប៉ុន្តែជាអកុសលកូនត្រដក់ទាំងនោះមិនបានរស់រានមានជីវិតឡើយ។ កត្តាទាំងនេះ បានបង្ហាញពីបញ្ហាប្រឈមក្នុងការអភិរក្សបង្កាត់ពូជ។
យ៉ាងណាមិញ ដោយមានការគាំទ្រពីរដ្ឋាភិបាល និងអង្គការដៃគូអភិរក្ស កូនត្រដក់ធំនេះ នឹងលែងចូលទៅក្នុងតំបន់ការពារ ដើម្បីពង្រឹងឱ្យមានស្ថិរភាពនូវចំនួនប្រជាសាស្ត្ររបស់ពួកវា នៅក្នុងព្រៃធម្មជាតិ ដើម្បីពង្រឹងតួនាទីដ៏មានសារសំខាន់នៃការអភិរក្សរបស់ប្រទេសកម្ពុជា។
សូមជម្រាបថា កាលពីឆ្នាំ ២០២៣ សត្វត្រដក់ធំនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុះក្នុងបញ្ជីក្រហមពីប្រភេទកំពុងរងគ្រោះជិតផុតពូជទៅជាប្រភេទជិតទទួលរងគ្រោះជាក្រុមមានដោយបង្គួរ។
ទោះបីជាយ៉ាងណាក៏ដោយ សត្វត្រដក់ធំត្រូវបានគេប៉ាន់ប្រមាណថាចំនួនប្រជាសាស្រ្តសរុបជាសកលមានត្រឹមតែ ៣១៨០-៣៣០០ ក្បាលប៉ុណ្ណោះ។ ក្នុងនោះប្រហែលជា ៧៥០ ក្បាលមាននៅក្នុងប្រទេសកម្ពុជា៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។
