មូលនិធិគន្ធបុប្ផា នឹងរៀបចំការរត់ដើម្បីកុមារកម្ពុជា នៅខេត្តកំពត
  • ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:០៩ នាទី ល្ងាច
មូលនិធិគន្ធបុប្ផា នឹងរៀបចំការរត់ដើម្បីកុមារកម្ពុជា នៅខេត្តកំពត
រូបភាពពី មូលនិធិគន្ធបុប្ផា

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផា នឹងរៀបចំការរត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»  នៅខេត្តកំពតនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ ថិវិកា ដែលបានពីការរត់នេះ នឹងបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាបន្តសង្រ្គោះជីវិតស្រ្តីមានផ្ទៃពោះ ទារក និងកុមាររាប់សែននាក់ ដោយមិនគិតថ្លៃ។

TTN-Free-Banner-In-Article-PC


ការរត់សប្បុរសធម៌នេះ ត្រូវបានកំណត់ឱ្យសាធារណជន ចុះឈ្មោះ ១ពាន់នាក់ ដោយមានការសហការរៀបចំពី ក្រុមរត់ SUSU & KK Running Club។ ទីតាំងរត់ នឹងធ្វើនៅរូបសំណាក់សេះសមុទ្រ ខេត្តកំពត ចាប់ពីម៉ោង ៦ព្រឹកតទៅ។  ការរត់នេះ មានរយៈចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ។ សាធារណជន អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ចុះឈ្មោះ

https://www.bookme.plus/t/events/kampot-charity-run-2025

ចំពោះពានរង្វាន់ គឺមានចំនួន៣០ពានរង្វាន់ សម្រាប់បុរស និងស្រ្តី ដែលរត់បានលេខ១ ដល់លេខ៥។ បេក្ខភាពដែលបានចុះឈ្មោះរត់ នឹងទទួលបាន អាវរបស់កម្មវិធី  ផ្លាកលេខ មេដាយបញ្ចប់ទី កាបូបស្ពាយ និងអាហារសម្រន់ និងភេសជ្ជៈក្រោយការរត់ដោយឥតគិតថ្លៃ។

មូលនិធិគន្ធបុប្ផា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល១ខែ គឺចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរៃអង្គាសប្រាក់ពីសប្បុរសជន ជួយដល់កុមារ ដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ បន្ទាប់ពីការធ្វើយុទ្ធនាការនៅទីក្រុងភ្នំពេញ មូលនិធិគន្ធបុប្ផា នឹងរៀបចំ រៃអង្គាសប្រាក់នៅខេត្តសៀមរាប និងខេត្តកំពត។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ដើម្បីកៀរគរថវិកា​ពីសប្បុរសជនគ្រប់ទិសទីក្នងការជួយសង្គ្រោះជីវិតទារក និងកុមារកម្ពុជា។ បើតាមលោកស្រី ពេជ​ ចន្ទមុនី ហ៊ុន ម៉ាណែត យុទ្ធនាការនេះ មិនត្រឹមតែកៀរគរសម្រាប់ជួយទារក​ និងកម្ពុជាប៉ុណ្ណោះទេ  តែវាការលើកកម្ពស់​ដ៏សំខាន់ក្រុមគ្រូពេទ្យគ្រប់រូបក្នុងកិច្ចជួយសង្គ្រោះជីវិតទារក និងកុមារ៕

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន