- ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៥:០៦ នាទី ល្ងាច

ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះត្រួតពិនិត្យចំណីម្ហូបអាហារ ជាពិសេសផ្លែទុរេន ដែលដាក់នៅលើទីផ្សារ ដើម្បីស្វែងរកសារធាតុគីមី។ យោងតាមមន្រ្តី ក.ប.ប សំណាកផ្លែទុរេនជាង៤០ បាននឹងកំពុងតេស្ត ប៉ុន្តែមិនទាន់រកឃើញមានសារធាតុគីមី អូរ៉ាមីន អូ ឬប៊ីវ៉ាយធូនោះឡើយ។
លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) លើកឡើងថា មន្រ្តី ក.ប.ប បានចុះត្រួតពិនិត្យទំនិញចរាចរណ៍លក់លើទីផ្សារ ជាពិសេសម្ហូបអាហារ ទាំងស្រស់ និងវេចខ្ចប់ស្រាប់ ដូចជាបន្លែផ្លែឈើ ត្រីសាច់។ សកម្មភាពទាំងនេះ គឺជាការអនុវត្តជាប្រចាំរបស់ ក.ប.ប ។ ជាពិសេស ផ្លែទុរេន ដែលជាបញ្ហា ដែលនាំចូលពីប្រទេសជិតខាង ជារឿងមួយដែលចោទជាបាតុភាព ហើយក៏មានសាធារណជនមួយចំនួន តែងតែបារម្ភ និងយកចិត្តទុកដាក់ខ្ពស់។
មន្រ្តីក.ប.ប រូបនេះ បានបព្ជាក់ថា ៖ «ក.ប.ប ក៏បានតាមដានត្រួតពិនិត្យរកសារធាតុគីមីអូរ៉ាមីន អូ ឬប៊ីវ៉ាយធូ។ កន្លងទៅយើងបានយកសំណាកជាង ៤០សំណាក ដើម្បីតេស្ត។ ក្នុងនោះ ៣៨សំណាក បានតេស្តរួចរាល់ហើយ និងបានចេញលទ្ធផលហើយគឺមិនមាន វត្តមានសារធាតុគីមី អូរ៉ាមីន អូ ឬប៊ីវ៉ាយធូនោះទេ។ យើងកំពុងរកសំណាកបន្ថែមទៀត ដើម្បីស្វះស្វែងរកអ្វីដែលជាបញ្ហាកំពុងតែចោទក្តៅគគុកនេះ។»
បើតាមលោក គឹម មាសសុខសីហា ក.ប.ប នឹងពិនិត្យមើល ឈ្មួញណាដែលខិលខូច ដែលប្រើប្រាស់សារធាតុគីមី ជ្រលក់លើផ្លៃទុរេន។ លោក អំពាវនាវឱ្យពលរដ្ឋ រាយការណ៍មកមន្ត្រីជំនាញករណីឃើញមានឈ្មួញប្រើប្រាស់សារធាតុគីមីលើទុរេន និងចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់។
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។
