មន្ទីរពេទ្យគន្ធបុប្ផា ជាកន្លែងផ្តល់ជីវិតទីពីរដល់កុមារកើតមហារីក
  • ថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
មន្ទីរពេទ្យគន្ធបុប្ផា ជាកន្លែងផ្តល់ជីវិតទីពីរដល់កុមារកើតមហារីក
មន្ទីរពេទ្យគន្ធបុប្ផា ជាកន្លែងផ្ដល់ជីវិតទីពីរដល់កុមារមហារីក

ភ្នំពេញ៖ ពាក្យថា«មហារីក»​ គ្មាននរណាម្នាក់ចង់ជួបនោះឡើយ។ បេះដូង​ស្ទើរតែប្រេះជាពីរ នៅពេលដឹងដំណឹងថា កូនកំពុងរងការឈឺចាប់ដោយសារកើតជំងឺមហារីក។ ក្នុងចំណោមកុមារ១៨នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងសាលជំងឺមហារីក កុមារ ឃាង បញ្ញា ជាក្មេងប្រុសម្នាក់ ដែលក្រុមគ្រូពេទ្យតាមដានពិនិត្យអាការជាប្រចាំដូចគ្នា។ នៅវ័យ១៣ឆ្នាំ បញ្ញា ត្រូវផ្អាកពីការសិក្សា ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា។ បញ្ញា មានជំងឺមហារីកដុះសាច់ក្នុងខួរក្បាល។ ពិតណាស់ វាជារឿងដែលនឹកស្មានមិនដល់ឡើយ ព្រោះបញ្ញា ធំធាត់ឡើងដោយគ្មានជំងឺអ្វីមកបៀតបៀននោះឡើយ។

TTN-Free-Banner-In-Article-PC

សូមលោកអ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 

 

អ្នកស្រី ឌុច សុគន្ធធារ៉ា៖ «​នៅពេលដែលពេទ្យប្រាប់! ខ្ញុំទទួលយកអត់បាន។ ខ្ញុំទន់ដៃទន់ជើង និយាយរួមទៅអស់ហើយ គ្មានសង្ឃឹមអ្វីក្នុងខ្លួន ព្រោះពាក្យថាជំងឺមហារីក គឺព្យាបាលអត់ជា។ខ្ញុំគិតថា ខ្ញុំនឹងបាត់បង់កូន ប៉ុន្តែនៅពេលដែលលោកគ្រូ អ្នកគ្រូ គាត់ពន្យល់ប្រាប់ទៅថា អត់អីទេ ជំងឺហ្នឹង អាចព្យាបាលបាន ហើយនៅមន្ទីរពេទ្យគន្ធបុប្ផា គេមានកន្លែងព្យាបាលជំងឺមហារីក។»

កុមារា ឃាង បញ្ញា៖«ពេលនោះ ខ្ញុំអត់មានអារម្មណ៍ថាអន់ចិត្តអ្វីទាំងអស់ ឱ្យតែខ្ញុំបានមកព្យាបាលជំងឺហ្នឹងជា ខ្ញុំសប្បាយចិត្ត។ ពេលដែលខ្ញុំអត់បានរៀនសូត្រហ្នឹង ខ្ញុំបន់ឱ្យតែឆាប់ជា នឹងបានទៅចូលរៀនវិញ ជួបជុំមិត្តភក្តិ ព្រោះខ្ញុំនឹកមិត្តភក្តិ នឹកអ្នកគ្រូលោកគ្រូ។»

បញ្ញាតែងតែ ក្អួតញឹកញាប់  ធ្លាក់សំបកភ្នែក វៀចមុខ រហូតដល់មើលទិដ្ឋភាពជុំវិញខ្លួនលែងសូវច្បាស់។ គ្រួសាររបស់បញ្ញា ក៏ធ្លាប់យករូបគេទៅព្យាបាលនៅគ្លីនិកឯកជន នាស្រុកកំណើត នៃខេត្តកំពង់ស្ពឺដែរ។ ប៉ុន្តែស្ថានភាពជំងឺមិនធូរស្រាលឡើយ។ ក្រោយមកអ្នកម្តាយរបស់បញ្ញា គឺអ្នកស្រី ឌុច សុគន្ធធារ៉ា បានសម្រេចចិត្តយកកូនរបស់ខ្លួន មកពិនិត្យនៅមន្ទីរពេទ្យគន្ធបុប្ផាវិញម្តង។ 

អ្នកស្រីឌុច សុគន្ធធារ៉ា៖ ​ខ្ញុំក៏មានអារម្មណ៍ធូរស្រាលបន្តិច ប៉ុន្តែក៏មិនទាន់ធូរស្រាលទាំងស្រុងដែរ ទាល់តែខ្ញុំបានយកកូនមកព្យាបាលជំងឺមហារីកនេះ បានខ្ញុំមើលទៅកូនគេដទៃ មានជំងឺមហារីកដូចកូនខ្ញុំ។ កូនគេព្យាបាលមុនកូនខ្ញុំ គេបានជោគជ័យទៅផ្ទះ អ៊ីចឹងខ្ញុំរៀងមានសង្ឃឹមច្រើនចំពោះកូន។»

ឃាង បញ្ញា៖ «កម្លាំងចិត្តគឺឡើងដល់១០០ភាគរយ។ ខ្ញុំមានទំនុកចិត្តថា អូហ៍! គាត់មានជំងឺដូចខ្ញុំ។ គាត់មានជំងឺនេះ ជំងឺនោះ ដូច្នេះ ប្រហែលជាខ្ញុំមើលជាដែរ។ បងៗ អូនៗ ត្រូវតែ ដូចខ្ញុំចឹង ព្រោះយើងត្រូវតែមានកម្លាំងចិត្ត ព្រោះជំងឺហ្នឹងយើងអាចមើលជា។»

បញ្ញា ចាប់ផ្តើមទទួលបានការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្មេងប្រុសរូបនេះ ហាក់ប្រសើរជាងមុនច្រើន។ ជិត៥ខែ ហើយដែលអ្នកស្រី ឌុច សុគន្ធធារ៉ា បានមកសម្រាកដើម្បីមើលថែ​កូន​ប្រុសជាទីស្រឡាញ់របស់ខ្លួនក្នុងអគារជំងឺមហារីក។ បញ្ញា បានចាក់ថ្នាំគីមីចំនួន៤លើក ដោយបាញ់កាំ​រស្មី​ចំនួន២0ដង ថែមទាំងឆ្លងកាត់ការវះកាត់យកសាច់ក្នុងខួរក្បាលរយៈពេល១២ម៉ោង ដោយ​ជោគជ័យ ថែមទៀតផង។ បច្ចុប្បន្ន​ កុមារា ឃាង បញ្ញា មានអាយុ១៥ឆ្នាំហើយ ដោយឡែកស្ថានភាពជំងឺរបស់បញ្ញា ក៏មិនគួរឱ្យបារម្ភខ្លាំងដូចមុនទៀតដែរ។ 

អ្នកស្រី ឌុច សុគន្ធធារ៉ា៖ ​​«និយាយរួមទៅពេលហ្នឹង ខ្ញុំនៅតែពីរនាក់កូន អត់មានគ្រួសារ អត់មានបងប្អូន​មក​ទេ ទោះពួកគាត់មកក៏មិនបានចូលសួរសុខទុក្ខដែរ។ នៅពេលខ្ញុំផ្តិតមេដៃឱ្យវេជ្ជបណ្ឌិត យកកូនទៅវះ​កាត់ គឺអារម្មណ៍ខ្ញុំ​អត់មាននៅក្នុងខ្លួន។ ខ្ញុំបន់អស់ហើយ បន់សុំថាបើមានបញ្ហាអ្វី សុំឱ្យដូរជីវិតខ្ញុំ ឱ្យកូន​ខ្ញុំនៅរស់ ខ្ញុំសុខចិត្តស្លាប់ជំនួសកូន​​។»

ងាកមកសង្កេតពីអាការៈរបស់កុមារី ឆេង កញ្ចនា វិញម្តង។ កញ្ចនា ធំធាត់ឡើង​ដូចក្មេងដទៃដែរ ប៉ុន្តែនៅវ័យ៩ឆ្នាំ​ នាងចាប់ផ្តើមមានអាការៈ​ឈឺចាប់លើរាងកាយ ឈឺសន្លាក់ដៃជើង និងមានអាការៈមិនខុសពីកុមារា ឃាង បញ្ញានោះឡើយ។ អាការៈបែបនេះ បានបន្តធ្វើទុក្ខមកលើ កញ្ចានា ជិត៣ឆ្នាំ រហូតម្តាយគឺអ្នកស្រី សឿង វណ្ណៈ  បាននាំកូនទៅពិនិត្យ និងបានរកឃើញថា ឆេង កញ្ចនា បាន​ដុះ​សាច់ក្នុងខួរក្បាល។ ក្រោយមក អ្នកស្រី បានសម្រេចចិត្តយកកូនស្រី មកព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ផា។

អ្នកស្រី សឿង វណ្ណៈ៖ «ខ្ញុំគិតថា ប្រហែលជាអត់សង្ឃឹមទេ  ព្រោះសាច់បានដុះចំកន្លែងសំខាន់។ អ៊ីចឹង ទឹកនោមគាត់ បានធ្លាក់ដល់១០លីត្រ ហើយកូនក៏កាន់តែខ្សោយទៅ​។ ​ពេលនោះ ខ្ញុំគិតតែយំ និយាយ​អត់ចេញ គឺមានតែទឹកភ្នែកហូរ។ សូម្បីពេទ្យ ដែលមកចាក់ថ្នាំ មកពិនិត្យក៏ខ្ញុំនៅតែអង្គុយយំ។​ ខ្ញុំគិតថា ប្រសិនជាយកកូនទៅពេទ្យឯកជន ខ្ញុំគិតថាប្រហែលគ្មានលទ្ធភាពមើលកូនទេ ពីព្រោះយើង​អត់មានដី មានតែ​ផ្ទះនៅ។ អ៊ីចឹង! ខ្ញុំអត់មានអ្វីលក់ ហើយកូនក៏អត់សង្ឃឹម ព្រោះយើងអត់លទ្ធភាព។» ​

 អ្នកស្រី សឿង វណ្ណៈ ម្តាយកុមារី កញ្ចនា

អស់រយៈពេល៥ ខែ ដែលអ្នកស្រី វណ្ណៈ បានយកកូនស្រី កញ្ចនា មកព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ផា។ កុមារី កញ្ចនា បានវះកាត់ដុំសាច់ក្នុងខួរក្បាល បានដោយជោគជ័យ និងស្ថិតនៅ​ក្រោម​ការមើលថែពីក្រុមគ្រូពេទ្យ ជាប្រចាំ។ ក្រោយការវះកាត់ កុមារីវ័យ ១២ឆ្នំាំរូបនេះ បានបន្តចាក់ថ្នាំ​គីមីចំនួន៤ ដង ព្រមទាំងបាញ់កាំរស្មីគ្រប់ចំនួនរួចរាល់ផងដែរ។ 

​អ្នកស្រី សឿង វណ្ណៈ៖ ​«ពេលដែលវះកាត់ជោគជ័យហ្នឹង គឺខ្ញុំសប្បាយចិត្តមួយកម្រិតហើយ ប៉ុន្តែដល់ពេល​មក​កន្លែងសង្គ្រោះបន្ទាន់ បញ្ហាទឹកនោមរបស់គាត់ ខ្ញុំនៅតែមានទុក្ខកង្វល់ នៅតែពិបាកចិត្ត ព្រោះបានកន្លះខែ គាត់បានធ្វើទុក្ខខ្លាំងសឹងតែផុតជីវិតទៅ។ ប៉ុន្តែខ្ញុំសប្បាយចិត្តខ្លាំង នៅពេលលោកគ្រូពេទ្យនៅសង្គ្រោះបន្ទាន់គាត់ បានប្រឹងជួយកូនខ្ញុំខ្លាំងណាស់។ គ្រូពេទ្យបានប្រាប់ខ្ញុំបាន បើទុកតែ៥នាទីទៀត កូនខ្ញុំ នឹងគាំងទៅហើយ។ ដូច្នេះហើយ បានខ្ញុំមិនភ្លេចគុណ លោកគ្រូ អ្នកគ្រូពេទ្យនៅគន្ធបុប្ផាហ្នឹង។ ពួកគាត់មិនគិតពីកម្លាំងនឿយហត់ហើយ គាត់ផ្តល់កម្លាំងដល់បួកខ្ញុំ និងមើលថែកូនៗបានល្អទៀត។»

តើលោកអ្នកដឹងទេថា ជំងឺមហារីកគ្រាប់ឈាម និងជំងឺមហារីកខួរក្បាល ជាប្រភេទ​ជំងឺកើត​ច្រើនជាងគេ បន្ទាប់ពីជំងឺមហារីកផ្សេងទៀត ដែលកើតលើកុមារ។ ការព្យាបាលជំងឺ​មហារីក​លើកុមារ មានភាពស្មុគស្មាញច្រើន។ ហើយជំងឺប្រភេទនេះ ត្រូវការការព្យាបាលយូរឆ្នាំ និងចំណាយថវិកា​ច្រើនទៅលើ​ការធ្វើរោគវិនិច្ឆ័យ ដូចជា វិភាគឈាម ការថតឆ្លុះច្រើនដង(CT scan, MRI) ការវិភាគ​ដុំសាច់, ការព្យាបាលដោយ ថ្នាំគីមីដែលមានតម្លៃថ្លៃ រួមផ្សំជាមួយថ្នាំផ្សេងៗទៀត។ 

ដើម្បីចូលរួមជួយសង្គ្រោះកុមារកម្ពុជា ដែលកើតជំងឺមហារីក មន្ទីរពេទ្យគន្ធបុប្ផា ក៏បានចូលខ្លួនមក​ជួយព្យាបាល​កុមារដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ២០០៣។ មន្ទីរពេទ្យទី២ ជាកន្លែងទទួលព្យាបាល​កុមារ​កើតជំងឺមហារីកគ្រាប់ឈាម ដោយឥតគិតថ្លៃដំបូងគេនៅកម្ពុជា។ ក្រោយមក នៅក្នុងឆ្នាំ២០១២ មន្ទីរពេទ្យ​គន្ធបុប្ផាទី១ បានចាប់ផ្តើមទទួលព្យាបាលជំងឺមហារីកខួរក្បាល និងមហារីកផ្សេងទៀតដែរ។

លោកសាស្រ្តាចារ្យ តឹក លីវណ្ណរ៉ា ឯកទេសរោគកុមារ និងជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ « មន្ទីរពេទ្យ​គន្ធបុប្ផាក្រៅពីព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ ក្នុងនោះក៏មានព្យាបាលជំងឺមហារីកថែមទៀតដែរ មានដូចជាមហារីកគ្រាប់ឈាមស ប្រភេទជា ALL,AML, CML, មានមហារីកខ្លួនក្បាល​ប្រភេទជា​ medullo-blastoma, germinoma, មហារីកឆ្អឹងជាប្រភេទ Osteosarcoma, Ewing sarcoma។ ក្រៅពី​នេះក៏មានមហារីកដុំសាច់មួយចំនួនទៀត ដូចជា មហារីកដុំសាច់ច្រមុះ ប្រភេទជា Nasopharyngeal carcinoma , មហារីកកូនកណ្តុរ មានHodgkin និង Non Hodgkin lymphoma, មហារីកសួតប្រភេទ pulmonary blastoma, ហើយក៏មានមហារីកនៅហ្នឹងពោះវៀនធំដែលជាប្រភេទ Signet ring cell carcinoma ក្រៅពីនោះក៏មានជំងឺមហារីកតម្រងនោម​ ដែលភាគច្រើនជាប្រភេទ nephroblastoma។ មហារីក នៅកោសិកាប្រសាទ ប្រភេទneuroblastoma។ ថ្មីៗនេះមន្ទីរពេទ្យក៏បានទទួកព្យាបាល កុមារដែលមានជំងឺមហារីកសាច់ដុំ ជាប្រភេទ rhabdomyosarcoma។»។

 លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា 

ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម១០០នាក់នោះឡើយ។​ ជាក់ស្តែង នៅឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារ​ដែលមានជំងឺ​មហារីក​បាន​ចំនួន​១៨២នាក់  ដែលក្នុងនោះមហារីកគ្រាប់ឈាមស មានចំនួន៥៧នាក់  និងជំងឺមហារីកផ្សេងទៀត​ចំនួន១២៥នាក់។ ការព្យាបាលត្រូវប្រើរយៈពេលយូរ និងចំណាយថវិកាច្រើន។​​ កុមារកើតជំងឺ​មហារីក​១នាក់ មន្ទីរពេទ្យត្រូវចំណាយចន្លោះពី ៨០០០ ដុល្លា ទៅ ១៥០០០ដុល្លារ ឬអាចលើសនេះ​ទៀត​ទៅតាម​ប្រភេទនៃជំងឺមហារីក ។

លោកស្រីវេជ្ជបណ្ឌិត សុវ៉ាត់ សុវណ្ណរ៉ា ឯកទេសជំងឺមហារីកកុមារ៖« មកដល់បច្ចុប្ប​ន្ននេះ យើងមិន​ទាន់មានការស្រាវជ្រាវណាបង្ហាញថាជំងឺមហារីកកុមារកើតឡើងដោយសារមូលហេតុអ្វីឱ្យពិតប្រាកដទេ។ ប៉ុន្តែវាមានកត្តារួមផ្សំមួយចំនួនដូចជា កត្តាហ្សេនដែលសំដៅទៅលើការបម្លែង រឺទៅលើប្រែប្រួល​របស់​​ហ្សេន ដែលធ្វើឱ្យ DNA របស់កោសិកាមានភាពប្រែប្រួល។ កត្តារួមផ្សំផ្សេងទៀតមានដូចជា ការឆ្លង​នៃពពួកវីរុស ដែលរួមចំណែកបង្កឱ្យទៅជាមហារីកកូនកណ្តុរលើកុមារ។ ជាមួយគ្នានេះដែរ យើងក៏មានកត្តារួមផ្សំផ្សេងទៀត ដូចជាសារធាតុគីមី ការប្រើប្រាស់ ប៉ះពាល់ជាមួយសារធាតុគីមី និងជាតិវិទ្យុសកម្មផ្សេងៗ។​»

ការព្យាបាលជំងំមហារីក ប្រែប្រួលទៅតាមស្ថានភាព និងទីតាំងនៃជំងឺ។ តួយ៉ាង ដូចជា វេជ្ជបណ្ឌិតជំនាញនៃជំងឺមហារីក បានលើកឡើងពីដំណាក់នៃការព្យាបាលចំនួន៣សំខាន់ គឺការវះកាត់ ការចាក់ថ្នាំគីមី និងការបាញ់កាំរស្មី។ 

លោកស្រីវេជ្ជបណ្ឌិត សុវ៉ាត់ សុវណ្ណរ៉ា

លោកស្រីវេជ្ជបណ្ឌិត សុវ៉ាត់ សុវណ្ណរ៉ា ឯកទេសជំងឺមហារីកកុមារ៖«ជាទូទៅជំងឺ​មហារីកកុមារគឺពិបាក​ក្នុង​ការព្យាបាល ទាំងការថែទាំគ្រប់បែបយ៉ាងទាំងអស់។ ប៉ុន្តែយើងចង់ចូលរួមនៅក្នុងការជួយកុមារ ដែល​មាន​ជំងឺមហារីក ពីព្រោះថា នៅពេលកុមារម្នាក់កើតមហារីក ម្នាក់ៗ មិនថាកុមារ ក្មេងតូច ឬអ្នកនៅក្នុងគ្រួសារ តែងមានអារម្មណ៍មួយគឺពិបាកខ្លាំងណាស់។ ដូច្នេះយើងចង់ចូលរួម​​ជាផ្នែកមួយ មិនថាជំងឺហ្នឹង នៅពេលដែលគាត់កើត ជាជំងឺមួយក្នុងកម្រិតដែលមិនអាចព្យាបាលបាន ក៏យើងចង់ចូលរួម ជាផ្នែកមួយ​នៃពេលវេលាចុងក្រោយរបស់គាត់ និងផ្តល់ក្តីសង្ឃឹមជាមួយក្រុមគ្រួសារគាត់។»

លោកស្រីវេជ្ជបណ្ឌិត សុវ៉ាត់ សុវណ្ណរ៉ា ឯកទេសជំងឺមហារីកកុមារ ៖ «​សម្រាប់ខ្ញុំជាវេជ្ជបណ្ឌិត​ផ្នែកព្យាបាលជំងឺមហារីកកុមារហ្នឹង គឺមានអារម្មណ៍ថាសប្បាយចិត្តណាស់នៅពេលឃើញអ្នកជំងឺ ដែលយើងព្យាបាល ជោគជ័យវគ្គទី១នេះ។ ប៉ុន្តែយើងនៅពន្យល់ឪពុកម្តាយអ្នកជំងឺជានិច្ច​នេះជាការ​ចាប់ផ្តើម នៃភាពជោគជ័យកម្រិតទី១ មិនមែនមានន័យថាកុមារ អត់មានជំងឺមហារីកមកវិញ ឬក៏ត្រឡប់មកកើតមកវិញអ្វីនោះទេ។ យើងត្រូវតាមដាន អំឡុងពេលណាមួយ លុះត្រាផុតរយៈពេល៥ឆ្នាំ ទើបចាត់​ទុកថាកូន អាចជា។»

លោកសាស្រ្តាចារ្យ តឹក លីវណ្ណរ៉ា ឯកទេសរោគកុមារ និងជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖« ចំពោះកុមារដែលមានជំងឺមហារីកគ្រាប់ឈាមស ដែលទទួលបាននូវការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា អត្រានៃការជាសះស្បើយជាស្ថាពរក្រោយបញ្ចប់ការព្យាបាលបាន៥ឆ្នាំ មានប្រហែល៣៥ភាគរយ។  រីឯកុមារដែលមានជំងឺមហារីកខួរក្បាល មហារីកឆ្អឹង មហារីកដុំសាច់ផ្សេងៗ ដែលបានព្យាបាលដោយការចាក់ថ្នាំគីមី និង បាញ់កាំរស្មី ក្នុងរយៈពេល១១ខែនេះមាន៤៧នាក់ ក្នុងនោះ១៩នាក់បានបញ្ចប់ការព្យាបាលដោយជោគជ័យក្នុងដំណាក់កាលដំបូង។»

នាពេលនេះ សុខភាពរបស់ កញ្ចនា បានប្រសើរជាងមុនច្រើន បន្ទាប់ពីកុមារីរូបនេះ បានចាក់គីមី។ បើទោះនៅបន្តសម្រាកក្នុងមន្ទីរពេទ្យក្តី ប៉ុន្តែទឹកមុខរបស់នាង មានស្នាមញញឹម​ច្រើន​ជាងមុន ចំណែកចិត្តជាម្តាយ ក៏មានក្តីសង្ឃឹម​ និងត្រេកអរជាខ្លាំង ហើយអ្វីដែលកាន់​តែរំភើបទៀតនោះ គឺ​គ្រូពេទ្យ បានអនុញ្ញាតឱ្យម្តាយកូនអ្នកទាំងពីរ ត្រឡប់ទៅគេហដ្ឋានវិញ។ 

ឆេង កញ្ចនា​៖ «ខ្ញុំអរគុណលោកគ្រូពេទ្យអ្នកគ្រូពេទ្យ នៅសាលមហារីក ជួយឱ្យខ្ញុំជាពីជំងឺដ៏កាចសាហាវ​នេះ។ អរគុណម៉ាក់ ដែលម៉ាក់មើលថែខ្ញុំឱ្យជា។ អូនជាពីជំងឺមហារីកហើយ អរគុណគ្រូពេទ្យ»។

កុមារី ឆេង កញ្ចនា

ឃាង បញ្ញា៖ « គាត់យកចិត្តទុកដូចជាខ្ញុំគឺជាកូនរបស់គាត់ ហើយខ្ញុំពិតជាអរគុណលោកគ្រូ អ្នកគ្រូ មើលជំងឺមហារីកខួរក្បាលរបស់ខ្ញុំបានជិតជាហើយ។​ ម៉ាក់កូនអរគុណ!  ដែលម៉ាក់មើលថែកូអំឡុងពេលកូនក្បាលកើតជំងឺមហារីក។ ម៉ាក់បានមើលថែកូនយ៉ាងយកចិត្តទុកដាក់ ពេលកូនឈឺ! ម៉ាក់បានប្រាប់ពេទ្យ ថាកូនឈឺ​នេះ កូនឈឺនោះ។ អ៊ីចឹង កូនពិតជាអរគុណម៉ាក់ខ្លាំងណាស់។»

ការលះបង់របស់គ្រូពេទ្យខ្មែរនៃមន្ទីរពេទ្យគន្ធបុប្ផា គឺជាក្តីសង្ឃឹមរបស់កុមារកម្ពុជា។ ជាមោទកភាពសម្រាប់កម្ពុជាដែលមានមន្ទីរសប្បុរសដ៏ធំចាំជួយសង្គ្រោះ​ស្រោចស្រង់ជីវិតកុមារ​ត្រឡប់​មកវិញ។ សូមជម្រាបថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ត្រូវធ្វើឡើងដោយឥតគិតថ្លៃ។ ថ្វីដ្បិត​តែការ​ព្យាបាល​ក្នុងមន្ទីរពេទ្យនេះឥតគិតថ្លៃ ប៉ុន្តែមន្ទីរពេទ្យសង្គ្រោះកុមារមួយនេះត្រូវចំណាយថវិកា​ប្រមាណ៤២លានដុល្លារក្នុងមួយឆ្នាំៗ។ 

ដូច្នេះ យើងសូមលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគជាមួយ​មូលនិធិគន្ធបុប្ផាកម្ពុជា រួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ​បន្តបេសកកម្មក្នុងការ​ពិនិត្យ ព្យាបាល ប្រកបដោយគុណភាព និងវិជ្ជាជីវៈ និងមិនរើសអើង ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជាក្ដីសង្ឃឹម និងនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន