- ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បន្តពង្រីកសកម្មភាពអភិវឌ្ឍន៍គោលដៅទេសចរណ៍ទាំង៦របស់ខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញ និងរស់រវើក។ គោលទេសចរណ៍ទាំង៦របស់ខេត្តសៀមរាបនោះមាន តំបន់បេតិកភណ្ឌអង្គរ, ក្រុងសៀមរាប, តំបន់ទន្លេសាប, តំបន់ឧទ្យានភ្នំគូលែន និងតំបនទេសចរណ៍សៀមរាបថ្មី-ក្រុងរុនតាឯកតេជោសែនជ័យ។
លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីផ្សព្វផ្សាយ «សេចក្តីសម្រេចស្តីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១១ ខែមិថុនា នេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលដៅប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥។
បើតាមលោក ថោង ខុន ក្នុងចំណោមវិធានការគន្លឹះទាំង២៤ នៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥ គឺមានវិធានមួយសំដៅលើការធ្វើពិពិធកម្មគោលដៅទេសចរណ៍នៅតាមតំបន់អាទិភាពទាំង៦របស់ខេត្តសៀមរាប។ រួមមាន៖ តំបន់បេតិកភណ្ឌអង្គរ, ក្រុងសៀមរាប, តំបន់ទន្លេសាប, តំបន់ឧទ្យានភ្នំគូលែន និងតំបនទេសចរណ៍សៀមរាបថ្មី-ក្រុងរុនតាឯកតេជោសែនជ័យ។ ការធ្វើពិពិធកម្មគោលដៅទេសចរណ៍ទាំងនេះ ត្រូវបានបង្ហាញដោយលោក អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាននៃ គ.អ.ទ.ស.។
លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស.
លោក អាំង សុវណ្ណរ័ត្ន បានរៀបរាប់ថា សម្រាប់តំបន់បេតិកភណ្ឌអង្គរ គ.អ.ទ.ស. គឺបន្តលើកទឹកចិត្ត និងសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធនឹងការថតវីដេអូ ឬរូបភាពសន្លឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ។ សិក្សាបង្កើនវង្សទស្សនាប្រាសាទឱ្យមានច្រើនជម្រើសសម្រាប់អ្នកទេសចរ និងរៀបចំផែនការសេវាកម្មដឹកជញ្ជូនទេសចរក្នុងតំបន់អង្គរ។ សិក្សារៀបចំឱ្យមានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅតាមទីតាំងជាក់លាក់មួយចំនួនក្នុងតំបន់អង្គរ ដោយត្រូវអនុលោមតាមសៀវភៅបន្ទុកច្បាស់លាស់ពីអាជ្ញាធរជាតិអប្សរា។ ចំពោះតំបន់នេះ ត្រូវបង្កើនការថែរក្សាភាពស្អាត អនាម័យ សន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសភាគីពាកព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយពីប្រភេទប្រាសាទ ឬក្រុមប្រាសាទ ដែលអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌។
សម្រាប់តំបន់ក្រុងសៀមរាប គឺត្រូវកែលម្អស្ទឹងសៀមរាប (ផ្នែកកណ្តាល) ជាកន្លែងកម្សាន្តទេសចរណ៍។ រៀបចំ«សង្កាត់ទេសចរណ៍គំរូ» នៅក្រុងសៀមរាប ផ្សារភ្ជាប់នឹងការរៀបចំវត្តទេសចរណ៍ និងរៀបចំវិថីម្ហូបអាហារ និងផ្សាររាត្រីឱ្យកាន់តែមានភាពទាក់ទាញ។ តំបន់នេះ ត្រូវពង្រឹងភាពស្អាត បៃតង ពង្រឹងសណ្តាប់ធ្លាប់តាមផ្លូវក្នុងទីក្រុង ចំណតរថយន្ត និងចំណតរ៉ឺម៉កកង់បី។ លើសពីនេះ អាជ្ញាធរត្រូវតុបតែងលម្អក្នុងទីក្រុង ធ្វើទំនើបកម្មសេវាមណ្ឌលព័ត៌មានទេសចរណ៍ និងពង្រីកគុណភាពសេវាហាងលក់ទំនិញ វត្ថុអនុស្សាវរីយ៍ ពីសេសត្បូងមានតម្លៃ តាមរយៈបង្កើតយន្តការគ្រប់គ្រងច្បាស់លាស់ ដើម្បីធានាទំនុកចិត្តភ្ញៀវទេសចរ។
អាជ្ញាធរគ្រប់រូបត្រូវគិតគូរលើសម្បទាទាក់ទាញប្រភេទទេសចរណ៍ Digital Nomad ( Co-Working Spaces) និងប្រភេទទិដ្ឋាការពិសេស។ ជាមួយគ្នានេះ គឺត្រូវសិក្សា និងកំណត់ទីតាំងរៀបចំតំបន់ (Zoning) សេវាកម្មមណ្ឌលកម្សាន្តមនុស្សពេញវ័យ។
លោក អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាននៃ គ.អ.ទ.ស.
តំបន់ទន្លេសាប (ពិសេសនៅចុងឃ្នៀស កំពង់ភ្លុក កំពង់ឃ្លាំង និងបឹងពារាំង) ត្រូវមានការសិក្សាគម្រោងកែលម្អផ្លូវចូលទៅសហគមន៍ទាំង៤នេះ។ ក្រៅពីនេះ ត្រូវកែលម្អទូកទេសចរណ៍ នៅតំបន់ទន្លេសាប ជាជំហានៗស្របតាមតម្រូវការ និងសំណូមពរជាច្រើនពីភ្ញៀវទេសចរ ក៏ដូចជាសហគមន៍ដែលជាអ្នកផ្គត់ផ្គង់សេវាទូកទេសចរណ៍នេះផ្ទាល់តែម្តង។
ត្រូវពង្រីកសហគមន៍ទាំងធនធាន និងសមត្ថភាពក្នុងការទទួលស្វាគមន៍អ្នកទេសចរ, បញ្ចុះតម្លៃទូកសម្រាប់អ្នកទេសចរក្នុងស្រុកនៅចុងឃ្នៀស និងជំរុញសកម្មភាពសិប្បកម្មងាយៗនៅតាមសហគមន៍, សិក្សារៀបចំប្រព័ន្ធបង់រំលស់ទូកទេសចរណ៍នៅក្នុងសហគមន៍ទេសចរណ៍ក្នុងតំបន់បឹងទន្លេសាប។ លោក អាំង សុវណ្ណរ័ត្ន បានបញ្ជាក់ថា ប្រព័ន្ធនេះផ្តល់ការធានាដោយរដ្ឋ អមជាមួយការកំណត់លក្ខខណ្ឌបែបបទ និងនីតិវិធីនៃការធានាច្បាស់លាស់។
តំបន់មួយនេះ ក៏ត្រូវរៀបចំឱ្យមានទីតាំងថតរូបអនុស្សាវរីយ៍ ជាមួយទេសភាពស្អាតៗ, ពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹង - រាង និងរៀបចំឱ្យមានការសម្តែងទស្សនីយភាពផ្សេងៗ ឬបុណ្យប្រពៃណីប្រចាំតំបន់ ឬព្រឹត្តិការណ៍ផ្សេងៗ។
ដោយឡែកសម្រាប់តំបន់ឧទ្យានជាតិភ្នំគូលែនវិញ លោក អាំង សុវណ្ណរ័ត្ន បានលើកឡើងថា គ.អ.ទ.ស. ត្រូវដាក់ឱ្យដំណើរការអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ភ្នំគូលែនឱ្យច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់។ ត្រូវកែលម្អផ្លូវឡើង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ (ដូចជា៖ ខ្យូស តូបអាហារ រៀបចំមណ្ឌលព័ត៌មានទេសចរណ៍នៅជើងភ្នំ កែលម្អបន្ទប់ទឹកនៅលើភ្នំ និងគ្រប់គ្រងសំរាម), រៀបចំផ្លូវទស្សនាចរបន្ថែម ទៅកាន់ទីតាំងធម្មជាតិ និងវប្បធម៌។
ត្រូវធ្វើពិពិធកម្មផលិតផល និងសេវាទេសចរណ៍ រួមទាំងសហគមន៍ព្រៃធំអន្លង់ធំ និងសហគមន៍ព្រៃធំពពេល, រៀបចំបង្កើតមណ្ឌលវិបស្សនា ឬសមាធិ ឱ្យមានមាត្រដ្ឋានជាទីជ្រះថ្លា នៅតំបន់ភ្នំគូលែន, ពង្រឹងសមត្ថភាពសហគមន៍ ជាពិសេសគុណភាពសេវាកម្ម និងត្រូវសិក្សាសម្រួលថ្លៃសំបុត្រចូលទស្សនា រួមទាំងការបំពាក់សេវាទូរគមនាគមន៍ផងដែរ។
ចំពោះ តំបន់ទេសចរណ៍សៀមរាបថ្មី នៅក្រុងរុនតាឯកតេជោសែនវិញ គឺ គ.អ.ទ.ស. កំពុងសិក្សាសមាហរណកម្មទៅជាតំបន់ទេសចរណ៍សៀមរាបថ្មី ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរុនតាឯកនេះតែម្តង។ បើតាមលោកអនុប្រធានលេខាធិការដ្ឋាននៃ គ.អ.ទ.ស. បច្ចុប្បន្នក្រុមការងារកំពុងរៀបចំគម្រោងសាកល្បងលើការរៀបចំភូមិទេសចរណ៍នៅក្នុងស្រុករុនតាឯងតេជោសែននេះ។
គួរជម្រាបថា វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ត្រូវបានរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលដៅទាក់ទាញកំណើនភ្ញៀវទេសចរមកខេត្តសៀមរាប កាន់តែច្រើនបន្ថែមទៀត។ វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ គឺមានចំនួន៧ធំៗ ក្នុងនោះមាន គន្លឹះទី១. ការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាប ដោយលើកកម្ពស់ខេត្តសៀមរាបជាគោលដៅទេសចរណ៍វប្បធ៌ម និងធម្មជាតិ តាមរយៈការរៀបចំការប្រកួតប្រជែងថតរូបទេសចរណ៍ឆ្នើមក្នុងព្រឹត្តិការណ៍សំខាន់ៗ។
គន្លឹះទី២. គឺការបង្កលក្ខណៈងាយស្រួល ដល់ការសម្រេចចិត្ត និងការរៀបចំដំណើរទេសចរណ៍មកខេត្តសៀមរាប ដោយពង្រឹងការផ្ដល់ព័ត៌មានគោលដៅទេសចរណ៍ខេត្តសៀមរាបដល់ភ្ញៀវទេសចរបរទេស តាមរយៈការបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើការកក់ តាមរយៈថ្នាលអនឡាញ ការីទេសចរណ៍ជាដើម។ គន្លឹះទី៣. បង្កលក្ខណៈងាយស្រួលក្នុងការមកដល់ភ្ញៀវទេសចរនៅតាមច្រកទ្វារអន្តរជាតិ ដូចជានៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
គន្លឹះទី៤. គឺសម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាប ស្រតាមទិសស្លោក សៀមរាប៖ តារារះទិសឧត្តរ, គន្លឹះទី៥. ដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ។ គន្លឹះទី៦ ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកទស្សនាខេត្តសៀមរាប និងគន្លឹះទី៧ បង្កើនភាពទាក់ទាញភ្ញៀវទេសចរបរទេសផ្ទៃក្នុង។
ទី៣). អង្គប្រជុំបានកត់សម្គាល់ និងកោតសរសើរចំពោះរបាយការណ៍វឌ្ឍនភាពផែនការអភិវឌ្ឍន៍ទេសចរណ៍នៅចុងឃ្នៀស និងក្រុងសៀមរាប។ អង្គប្រជុំស្នើឱ្យអង្គភាពគ្រប់គ្រងគោលដៅតាមតំបន់នីមួយៗ ឬស្ថាប័នមានសមត្ថកិច្ច ជាពិសេស គ្រឹះស្ថានអង្គរ ដែលជាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍នៅតំបន់បឹងទន្លេសាប (Sub-DMO) បន្តខិតខំជំរុញការងាររបស់ខ្លួនឱ្យស្របតាមទិសដៅដែលបានគ្រោងទុក។
កាលឆ្នាំ២០២៤ ខេត្តសៀមរាបបានទទួលទេសចរអន្តរជាតិចំនួន ១ ០២៣ ៦៨៨ នាក់ កើនឡើង ២៨,២៧ភាគរយ។ ដោយឡែកសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តសៀមរាប ទទួលបាន ៥២ ម៉ឺននាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ បើតាមលោក ថោង ខុន តាមការព្យាករ ខេត្តសៀមរាបអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,២ ទៅ ១,៣ លាននាក់ សម្រាប់ឆ្នាំ២០២៥។
ប្រធាន គ.អ.ទ.ស. បានបញ្ជាក់ថា កំណើននេះ បានមកពីប្រសិទ្ធភាពនៃការដាក់ចេញវិធានការបន្ទាន់មួយចំនួនរបស់រដ្ឋាភិបាលនាពេលកន្លងមក។ ក្នុងនោះ មានការកាត់បន្ថយកម្រៃសិទ្ធិហោះហើរតែម្ខាងដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, ការដាក់ឱ្យដំណើការប្រព័ន្ធ E-Arrival, ការបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិក (E-Visa), ការសម្រួលការធ្វើដំណើរនៅតាមច្រកទ្វារអន្តរជាតិ និងការកែសម្រួលប្រព័ន្ធលក់សំបុត្រអង្គរ។
ការកែសម្រួលម៉ោងបើក-បិទចូលទស្សនាប្រាសាទ, ការកែសម្រួលលក្ខខណ្ឌតម្រូវនៃការថតវីដេអូ និងរូបភាពសន្លឹកនៅអង្គរ, ការកែលម្អដងស្ទឹងសៀមរាប និងការកសាងផ្លូវទៅសហគមន៍ទេសចរណ៍កំពង់ភ្លុក, ការបន្តការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ។ ការលើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ (ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានអាជីវកម្មនៅខេត្តសៀមរាប) លើកលែងពន្ធលើប្រាក់ចំណូល មិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥, ការផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប ដើម្បីសម្រួលដល់អាជីវកម្មទេសចរណ៍ សម្រួលការធ្វើដំណើរ និងទស្សនារបស់ទេសចរ ក៏ដូចជា បង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍កម្ពុជា រួមនឹងការខិតខំរបស់ក្រសួង/ស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍កីឡានានា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាព្រឹត្តិការណ៍នានារៀបចំដោយផ្នែករដ្ឋ និងឯកជន នាពេលកន្លងមក ក៏បានចូលរួមទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរទស្សនាក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសទាំងមូលផងដែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ