- ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:១៩ នាទី ព្រឹក

ព្រះវិហារ៖ បន្ទាប់ពីហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ឧសភា កងទ័ពកម្ពុជា បន្តឈរជើងនៅតាមបណ្ដោយព្រំដែននាខេត្តព្រះវិហារ ដើម្បីការពារទឹកដីរបស់ខ្លួន។ ភាពអង់អាច មោះមុត និងក្លាហានរបស់កងទ័ពកម្ពុជា បានបង្ហាញឱ្យពីស្មារតីការពារជាតិដ៏រឹងមាំ។
នាទីតាំងជួបសំណេះសំណាលជាមួយគ្រួសារកងទ័ព ក្នុងវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ នៅថ្ងៃទី១១ មិថុនា លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរួមដំណើរក្នុងពិធីសួរសុខទុក្ខកងទ័ព និងជូនអំណោយ បានកោតសរសើរពីស្មារតីរបស់កងទ័ពជួរមុខ។ លោក ជេត ជាលី មើលឃើញពីសាមគ្គីភាពរបស់ជាតិខ្មែរ រវាងសមរភូមិក្រោយ និងសមរភូមិមុខ ជាពិសេសភាពអង់អាចរបស់យុទ្ធជនកម្ពុជា។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
ក្រៅពីនេះ សាកលវិទ្យាធិការរូបនេះ ក៏កត់សម្គាល់ឃើញពីភាពយុត្តិធម៌របស់ជាតិសាសន៍កម្ពុជា ដែលមិនចង់បានរបស់គេ និងការពារអ្វីជារបស់ខ្លួន។ «ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើយុទ្ធជន ក្រុមគ្រួសារយុទ្ធជន និងប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់»។ នេះជាការលើកឡើងបន្ថែមរបស់លោក ជេត ជាលី ក្នុងដំណើរចុះសួរសុខទុក្ខកងទ័ព ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។
មិនខុសពីលោក ជេត ជាលី នោះទេ លោក ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏មានទស្សនៈដូចលោក ជេត ជាលី ផងដែរ។ លោក ហោ ប៉េង ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ៖«ក្នុងនាមពលរដ្ឋ និងបញ្ញវន្តម្នាក់ ខ្ញុំរីករាយមកចូលរួមគាំទ្រដល់ការអំពាវនាវរបស់រាជរដ្ឋាភិបាលសម្រាប់កងទ័ពឈរជួរមុខ។ យើងមកដល់ទីនេះ ដើម្បីបង្ហាញពីឆន្ទៈក្នុងនាមប្រជាពលរដ្ឋម្នាក់»។
បើតាមសាកលវិទ្យាធិការខាងលើ សកម្មភាពដែលផ្សារភ្ជាប់រវាងជួរមុខ និងជួរក្រោយ គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ លោក ហោ ប៉េង បន្តថា ការធ្វើបែបនេះ ធ្វើឱ្យខឿនការពារជាតិរបស់កម្ពុជា កាន់តែរឹងមាំបន្ថែមទៀត។
«ប្រទេសរបស់យើងតូច ប៉ុន្តែបើពលរដ្ឋទាំងអស់ចូលរួមសស្រាក់សស្រាំទៅកាន់កងទ័ពជួរមុខ នឹងធ្វើឱ្យកម្លាំងជាតិរបស់យើងកាន់តែរឹងមាំ កាន់តែខ្លាំង និងមានកិត្យានុភាពរុងរឿង»។ លោក ហោ ប៉េង ថ្លែងបែបនេះ ដោយបន្តអំពាវនាវដល់បញ្ញវន្ត និងនិស្សិត ដែលកំពុងសិក្សា ចូលរួមជាទឹកចិត្ត មនោសច្ចេតនាដល់កងទ័ពនៅជួរមុខផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ មិថុនា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានដឹកនាំគណៈប្រតិភូ ស.ស.យ.ក និងបណ្តាដៃគូសហការជាង ៣០០នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលជាការរៃអង្គាសពីចលនាសប្បុរសធម៌ទូទាំងប្រទេស ទៅជូនកងទ័ពកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។
កម្មវិធីនេះ ប្រព្រឹត្តទៅនាភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានវត្តមានថ្នាក់ដឹកនាំជាច្រើន រួមមាន លោក ទៀ សីហា, លោក ហ៊ីង ប៊ុនហៀង,លោក ម៉ៅ សុផាន់, លោក សាយ សំអាល់, លោក ឥត សារ៉ាត់ និងរដ្ឋមន្ត្រីជាច្រើនទៀត៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
