លោក ហ៊ុន ម៉ានី៖«​កូន​ខ្មែរទាំងអស់ ត្រូវ​ចងចាំថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥»
  • ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:០៩ នាទី រសៀល
លោក ហ៊ុន ម៉ានី៖«​កូន​ខ្មែរទាំងអស់ ត្រូវ​ចងចាំថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥»
លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា នាពិធីសំណេះសំណាលជាមួយកងទ័ពជួរមុខ នាស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី១១ ខែមិថុនា។ រូបភាពពីUYCF

ព្រះវិហារ៖ «ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥​ កូន​ខ្មែរទាំងអស់ ត្រូវ​ចងចាំ ហើយ​ផ្សារ​ភ្ជាប់ទៅលើករណីភាព​តានតឹងសារ​ជា​ថ្មី ក្នុង​ក្របខណ្ឌ​បន្ទាត់ព្រំដែនកម្ពុជា-ថៃ»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធយុវជន​កម្ពុជា​ ក្នុង​​ពិធី​សំណេះសំណាលជាមួយ​កងទ័ពជួរមុខ នា​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ ដែល​រំឭកពី​ហេតុការណ៍កាលពីឆ្នាំ​២០០៨,ឆ្នាំ២០១១ និង​ពេលថ្មីៗនេះ។​

TTN-Free-Banner-In-Article-PC

បញ្ហាព្រំដែន​រវាង​កម្ពុជា-ថៃ បន្ត​អូសបន្លាយ​មកដល់បច្ចុប្បន្ន និង​បណ្ដាលឱ្យ​យុទ្ធជន​កម្ពុជាម្នាក់បាន​ស្លាប់​ ក្នុងហេតុការណ៍​ផ្ទុះ​អាវុធ​កាល​ពីថ្ងៃទី២៨ ឧសភា​កន្លងទៅ។ ជុំវិញ​ហេតុការណ៍​ដ៏អាក្រក់នេះ លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ចាត់ទុកថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២៥ ជា​ថ្ងៃ​ដែល​មិនអាច​បំភ្លេច​បាន​នូវ​សកម្មភាំព​ប៉ុន​ប៉ង​ឈ្លាន​ពាន​ទឹក​ដីខ្មែរ​សារជាថ្មី។ 

ក្នុង​ពិធី​សំណេះសំណាលជាមួយ​កងទ័ពជួរមុខ នា​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ នៅថ្ងៃទី​១១ មិថុនា​ លោ ហ៊ុន ម៉ានី​ សង្កត់ធ្ងន់ថា សកម្មភាព​របស់​កង​ទ័ពថៃ បង្ក​មក​លើ​កង​ទ័ពកម្ពុជា គឺជា​វាយ​ឆ្មក់​ មាន​ចេតនា​ក្នុងការ​បង្ក​រឿង​ ដែលឈាន​ចូលមក​ទឹកដី​កម្ពុជា។ ប្រធាន​សហភាព​សហព័ន្ធ​កម្ពុជារូបនេះ ក៏រំលេច​ពីការ​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា នា​តំបន់មុំបី ជាពិសេស​សាលា​រួមចិត្ត​តាំង​ពីយូរណាស់​មក​ហើយ។ 

រូបភាពពីUYCF

ថ្លែង​ចំពោះ​មុខ​កងទ័ពជួរ​មុខ លោក ហ៊ុន ម៉ានី ផ្ញើសារ​ទៅកូនទាំង​អស់​ដូច្នេះ៖​«ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កូនខ្មែរទាំងអស់ ត្រូវចងចាំ ហើយផ្សារភ្ជាប់ទៅលើករណីភាពតានតឹងសារជាថ្មី ក្នុងក្របខណ្ឌបន្ទាត់ព្រំដែនកម្ពុជា-ថៃ»។ ការកើត​ឡើង​នូវ​ភាព​តានតឹង​សារជា​ថ្មីនៅឆ្នាំ​២០២៥នេះ លោក ហ៊ុន ម៉ានី បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប បន្ត​ចូលរួម​ និង​គាំទ្រ​វិធានការ​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កង​កម្លាំង​នៅជួរ​មុខគ្រប់​ពេល​វេលា។ 

សូម​បញ្ជាក់ថា ក្រោយ​កើត​ហេតុការណ៍​ផ្ទុះ​អាវុធនៅ​តំបន់​មុំ​បី រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំ ឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់រសើប ទាំង ៤ គឺតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីផងដែរ។ លើសពីនេះ នៅថ្ងៃទី​១៤ មិថុនាខាង​មុខ កម្ពុជា នឹងដឹកនាំកិច្ច​ប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ(JBC) ជាមួយថៃ នៅ​រាជធានីភ្នំពេញ៕ 

អត្ថបទទាក់ទង


រូបភាពពីUYCF


រូបភាពពីUYCF


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ