- ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

គម្រោងវិនិយោគចំនួន២៩៦ ដែលមានទុនវិនិយោគប្រមាណ ៧ ០០០លានដុល្លារអាម៉េរិកនៅខេត្តព្រះសីហនុ ត្រូវបានអនុម័តនិងទទួលបានលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល។ គម្រោងវិនិយោគដែលត្រូវបានអនុម័តទាំងនេះ គឺគិតចាប់ពីដើមឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ក្រោមវត្តមានលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពរបស់ម្ចាស់គម្រោងដែលទទួលការលើកទឹកចិត្ត ស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន។ សិក្ខាសាលានេះ ក៏ផ្តោតលើគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារជាថ្មីម្តងទៀត ព្រមទាំងផ្សព្វផ្សាយនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យត្រូវបានរាជរដ្ឋាភិបាលសម្រេចនាពេលថ្មីៗនេះ ផងដែរ ។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរដ្ឋាភិបាលសម្រេចអនុវត្តរហូតដល់ឆ្នាំដំណាច់ឆ្នាំ២០២៥ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ឆ្លើយតបនឹងគោលបំណងរបស់ រដ្ឋាភិបាល និងធានាចីរភាពនៃមុខងារគាំទ្រ វិនិយោគ តាមរយៈការផ្ទេរ និងកសាងសមត្ថភាពជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ ចាប់ពីដើមឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានអនុម័តគម្រោងចំនួន ២៩៦ ដែលមានទុនវិនិយោគប្រមាណ ៧ពាន់លានដុល្លារ។ គម្រោងទាំងនេះ អាចបង្កើតការងារថ្មីបាន៥៣ ២០៥កន្លែង។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តច្រើនជាងគេ គឺគម្រោងអគារជាប់គាំងមានចំនួន១៣១ ស្មើនឹង ៤៤ភាគរយ, គម្រោងវិនិយោគថ្មីមាន១៣០គម្រោង ស្មើនឹង ៤៤ភាគរយ, គម្រោងពង្រីកមាន២៤គម្រោង ស្មើនឹង ៨ភាគរយ និងគម្រោងមានស្រាប់មាន១១គម្រោង ស្មើនឹង ៤ភាគរយ។
គម្រោងវិនិយោគទាំងនោះមានដល់៩៤ភាគរយ ផ្តោតលើវិស័យអចនទ្រព្យដែលមាន១១៨គម្រោង, វិស័យទេសចរណ៍៩៨គម្រោង និងវិស័យឧស្សាហកម្មមាន៦១គម្រោង។ គម្រោងប្រមាណ ៦,៤ភាគរយផ្សេងទៀត ឬ ១៩គម្រោង គឺផ្តោតលើវិស័យសេវាកម្ម វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។
ជាមួយគ្នានេះ នៅក្នុងវិស័យឧស្សាហកម្ម ក្រុមការងារបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៤ មានទុនវិនិយោគសរុបប្រមាណ១១០លានដុល្លារ។ គម្រោងសួនឧស្សាហកម្មទាំងនេះ ត្រូវបានរំពឹងអាចបង្កើតការងារថ្មីបាន១៥,២២០កន្លែង។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ បច្ចុប្បន្នក្នុងចំណោមទុនវិនិយោគសរុបដែលទទួលបានការអនុម័ត គឺមាន២,៤៤ពាន់លានដុល្លារ ដែលបានអនុវត្តជាក់ស្តែង៕
អ្នកសរសេរអត្ថបទ

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ