មូលហេតុ និងរោគសញ្ញានៃការរហែកក្រដាសត្រចៀក!
  • ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
មូលហេតុ និងរោគសញ្ញានៃការរហែកក្រដាសត្រចៀក!

មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសថ្មីៗនេះថា ក្រដាសត្រចៀក គឺជាបំណែកស្តើងនៃជាលិកាដែលបែងចែករវាងរន្ធត្រចៀកខាងក្រៅ និងត្រចៀកកណ្តាល វាមានតួនាទីយ៉ាងសំខាន់ដោយការបញ្ជូនរំញ័រសំឡេងក្នុងការស្តាប់។

TTN-Free-Banner-In-Article-PC

មន្ទីរពេទ្យកាល់ម៉ែតបានបានបញ្ជាក់ថា ការរហែកក្រដាសត្រចៀក គឺជាការដាច់ធ្លុះបង្កើតជាប្រហោងលើជាលិកានៃក្រដាសត្រចៀកដែលជាមូលហេតុនៃការបង្ករោគនៅត្រចៀកកណ្តាល។

ក) មូលហេតុទូទៅនៃការរហែកក្រដាសត្រចៀក៖

– ការបង្ករោគនៅត្រចៀកកណ្តាលនេះគឺជាមូលហេតុចម្បង ដែលបណ្តាលឱ្យធ្លុះក្រដាសត្រចៀកជាពិសេសលើកុមារ

– ការផ្លាស់ប្តូរសម្ពាធខ្លាំង ភ្លាមៗ ឬ ហៅថា “barotrauma”។

– របួសត្រចៀក ឬ ក្បាលដោយគ្រោះថ្នាក់ចរាចរ

– ការប៉ះដោយផ្ទាល់លើក្រដាសត្រចៀក ដូចជាប៉ះដោយសារសំឡីត្បារ ឬវត្ថុផ្សេងៗ អាចធ្វើឱ្យធ្លុះក្រដាសត្រចៀក។

ខ) រោគសញ្ញា ៖

ការរហែកត្រចៀក ពេលខ្លះមិនមានរោគសញ្ញាទេ។ ប៉ុន្តែរោគសញ្ញាអាចជួបប្រទះ រួមមាន៖

– ឈឺត្រចៀក ពេលខ្លះអាចធូរស្រាលក្រោយការរហែកឬ ធ្លុះ ក្រដាសត្រចៀក

– ការថយចុះ ឬ បាត់បង់ការស្តាប់ ដែលអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍

– ការហូរទឹកចេញពីត្រចៀក (ទឹកថ្លា ខ្ទុះ ឬមានឈាម)

– សំឡេងរោទ៍ ហ៊ឹង ( ឮ ក្នុងត្រចៀក)

– វិលមុខ ឬ បាត់លំនឹង ជាដើម

គ) ការព្យាបាល ការរហែកក្រដាសត្រចៀក៖

ជាទូទៅ ការដាច់រហែក ឬ ធ្លុះក្រដាសត្រចៀកអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលពីរទៅបីសប្តាហ៍ បើការធ្លាយមានទំហំតូច។ ក្នុងអំឡុងពេលនោះគ្រូពេទ្យអាចណែនាំ ការព្យាបាលដោយថ្នាំមួយចំនួនដូចជា៖

– ថ្នាំបំបាត់ការឈឺចាប់៖ Acetaminophen ឬ Ibuprofen អាចជួយមិនសូវមានការឈឺចាប់។

– ថ្នាំអង់ទីប៊ីយោទិក៖ ប្រសិនបើមានការឆ្លងមេរោគ ឬ បង្ករោគ ដោយគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យថ្នាំបន្តក់ត្រចៀក ឬថ្នាំលេប។

– ការការពារត្រចៀក៖ ជៀសវាងសំលេងខ្លាំងៗ និងរក្សាត្រចៀករបស់អ្នកឱ្យស្ងួតជានិច្ចពិសេសនៅពេលកំពុងព្យាបាល។

ឃ) ការពារការរហែកក្រដាសត្រចៀក៖

ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីការពារការរហែកក្រដាសត្រចៀក៖

– ព្យាបាលការបង្កឬឆ្លងមេរោគ នៅត្រចៀកឲ្យបានត្រឹមត្រូវ ជាពិសេសមុនពេលធ្វើដំណើរ

– ជៀសវាងការប្រើសំឡី ឬវត្ថុផ្សេងទៀតនៅក្នុងរន្ធត្រចៀករបស់អ្នក។

– ធ្វើឱ្យសម្ពាធត្រចៀកស្មើគ្នា អំឡុងពេលធ្វើដំណើរតាមយន្តហោះ ឬពេលប្រែប្រួលសម្ពាធ ដោយការលេប ឬទំពារស្ករកៅស៊ូ។

– ប្រើប្រដាប់ការពារសម្លេងក្នុងត្រចៀក ឬ ពាក់ប្រដាប់គ្រប់ស្លឹកត្រចៀកពីក្រៅ ដើម្បីការពារអំឡុងពេលនៅក្នុងតំបន់មានសម្លេងខ្លាំងៗ។

ង) ពេលណាត្រូវទៅជួបគ្រូពេទ្យ៖

ទៅជួបគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ៖

– ឈឺត្រចៀកធ្ងន់ធ្ងរ

– ការហូរទឹកចេញតាមត្រចៀកជាប់រហូត

– ការថយចុះការស្តាប់ឬបាត់បង់ការស្តាប់

– វិលមុខដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ

ត្រួតពិនិត្យដោយ៖ https://www.health.com.kh/
 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ