ជំនួបរវាងតួអង្គ និងអ្នករៀបរៀងសៀវភៅ Khieu Kanharith: Survivre! មានថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាច្រើនចូលរួម
  • ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣៥ នាទី រសៀល
ជំនួបរវាងតួអង្គ និងអ្នករៀបរៀងសៀវភៅ Khieu Kanharith: Survivre! មានថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាច្រើនចូលរួម

ភ្នំពេញ៖ សៀវភៅជាភាសាបារាំង Khieu Kanharith: Survivre!​ ត្រូវបានសម្ពោធជាផ្លូវការ នាល្ងាចថ្ងៃទី១២ ខែមិថុនា នៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា។ កម្មវិធីសម្ពោធសៀវភៅនេះ មានថ្នាក់ដឹកនាំ និងតំណាងពីក្រសួង-ស្ថាប័នជាច្រើនចូលរួមផងដែរ។

TTN-Free-Banner-In-Article-PC

សៀវភៅ Khieu Kanharith: Survivre!​ មានកម្រាស់១៥០ទំព័រ រៀបរាប់ពីដំណើរជីវិតរបស់អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងការវិវត្តន៍នៃសង្គមកម្ពុជា ក៏ដូចជាជីវិតការងាររបស់លោកក្នុងគណបក្សប្រជាជនកម្ពុជា។ សៀវភៅនេះ ត្រូវបានរៀបរៀងដោយ លោក Pierre Gillette អតីតនិពន្ធនាយកកាសែតបារាំង Cambodge Soir។

កម្មវិធីសម្ពោធសៀវភៅ Khieu Kanharith: Survivre! ធ្វើឡើងជាភាសាបារាំង ដែលមានវត្តមានថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាច្រើនចូលរួម មានលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា,ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ,ឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី,លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រួមទាំងតំណាងពីស្ថាប័នជាច្រើនផ្សេងទៀត និងសមាជិកព្រឹទ្ធសភាផងដែរ។

នាពិធីសម្ពោធសៀវភៅ លោក ខៀវ កាញារីទ្ធ ដែលជាតួអង្គ និងលោក Pierre Gillette បានរៀបរាប់ពីដំណើរនៃការរៀបរៀងសៀវភៅនេះឡើង ហើយក៏រម្លឹកពីអតីតកាលរបស់លោក និងឆ្លើយសំណួររបស់អ្នកចូលរួមផងដែរ។ លោក ខៀវ កាញារីទ្ធ និងលោក Jacques Pellet ក៏បានទស្សនកិច្ចសាលពិព័រណ៍ ស្ដីពី ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ផងដែរ។

សូមបញ្ជាក់ថា សៀវភៅ Khieu Kanharith: Survivre! ត្រូវបានរៀបចំបោះពុម្ព និងផ្សព្វ​ផ្សាយ​ដោយសារព័ត៌មាន​ឌីជីថល​ថ្មីៗ ដែលមានកិច្ចសហការពីគ្រឹះ​ស្ថាន​បោះពុម្ពផ្សាយ Sipar។ ប្រិយមិត្តដែលចាប់អារម្មណ៍សៀវភៅភាសាបារាំងនេះ អាចទាក់ទងតាមរយៈលេខទូរសព្ទ ០១០ ៥៦៧​ ៥០៥ និង ០៨៥ ៦៨០ ៨៦៤៕ 















 


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ