រ៉ែដីកម្រដែលចិនសម្បូរ គឺជាអាវុធដ៏មុតស្រួច​របស់ចិននៅក្នុងសង្គ្រាមពាណិជ្ជកម្ម
  • ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
រ៉ែដីកម្រដែលចិនសម្បូរ គឺជាអាវុធដ៏មុតស្រួច​របស់ចិននៅក្នុងសង្គ្រាមពាណិជ្ជកម្ម
រ៉េដីកម្រ៤ប្រភេទ រាប់ពីឆ្វេងទៅស្តាំ៖ Cerium oxide, Bastnasite, Neodymium oxide និង​ Lanthanum carbonate REUTERS - David Becker

សង្គ្រាមពាណិជ្ជកម្ម​ដែល​លោកដូណាល់ ត្រាំ បានបញ្ឆេះឡើង បានរំលេច​ឲ្យ​ឃើញយ៉ាង​ច្បាស់ នូវ​ចំណុចដ៏ខ្លាំងមួយ​​របស់ចិន​ ដែល​សហរដ្ឋអាមេរិក ក៏ដូចជាពិភពលោក​ទាំងមូល​ត្រូវតែ​ខ្លាចបារម្ភ​។ ចំណុចខ្លាំងនោះ គឺធនធានរ៉ែដីកម្រ ដ៏ច្រើន​មហាសាល​ដែលចិន​មាន ហើយដែលគេត្រូវការប្រើជាចាំបាច់​ ដើម្បីផលិត​ឧបករណ៍​​អេឡិកត្រូនិក និង​ថ្មអគ្គិសនី​ជា​ដើម​​។ នៅក្នុងបរិបទនៃសេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន ដែល​រំពឹងខ្លាំងទៅលើផលិត​ផល​បច្ចេកវិទ្យាទំនើប ចិនបានយកវត្ថុធាតុដើម​​​រ៉ែលោហៈកម្រ​ទាំងនេះ ធ្វើជាអាវុធ​ដ៏មុតស្រួច ដើម្បី​ប្រើឥទ្ធិពលនិង​​មានប្រៀបនៅក្នុងសង្គ្រាមពាណិជ្ជកម្ម​​។

TTN-Free-Banner-In-Article-PC

តាំងតែពីឆ្នាំ​១៩៩២ម្លេះ លោកប្រធានាធិបតីចិន តេង សៀវពីង ធ្លាប់បាន​មានប្រសាសន៍ថា “តំបន់ដើមបូព៌ាមានប្រេង ចំណែកចិនវិញ​មានរ៉ែដីកម្រ”។ ជាង​៣០ឆ្នាំមកនេះ រដ្ឋចិនបាន​វិនិ​យោគយ៉ាងច្រើនសន្ធឹក នៅក្នុងវិស័យឧស្សាហកម្មជីក និងចម្រាញ់​រ៉ែដីកម្រនេះ​។

រ៉ែដីកម្រ គឺជាបណ្តុំរ៉ែធាតុលោហៈចំនួន​១៧​ប្រភេទ ដែល​គេត្រូវការប្រើវា សម្រាប់ផលិត​ជា​ធាតុកាតាលីករ ឬអាចជា​លោហៈឆក់ភ្ជាប់ នៅក្នុងឧបករណ៍​អេឡិកត្រូនិក​សឹងគ្រប់ប្រ​ភេទ​។ បានជាគេហៅវាថាជា​លោហៈដី​កម្រ ព្រោះវាជាប្រភេទលោហៈដែល​គេពិបាក​នឹងបំបែក​វាចេញ​ ដោយប្រើសារធាតុគីមី​។​ ពោលគឺមានន័យថា ប្រតិបត្តិការចម្រាញ់បន្សុតវា គឺមាន​ភាពស្មុគស្មាញ និងត្រូវការបច្ចេកទេសខ្ពស់ខ្លាំង​ណាស់​ ហើយតម្លៃចំណាយ​ក៏ខ្ពស់​ដែរ​​។ លោហៈដីកម្រនេះ គឺមានប្រើនៅ​ក្នុង ទូរស័ព្ទដៃSmart Phone ទូរទស្សន៍​កញ្ចាក់ស្មើទំនើប រថយន្តអគ្គិសនី ផ្កាយរណប និង​មីស៊ីលជាដើម​។

បើនិយាយពីសកម្មភាព​ផលិតរ៉ែដីកម្រ គឺចិនមានទំហំផលិត​សរុប ដល់ទៅ​៦៩% ខណៈ​សហរដ្ឋអាមេរិកផលិត​បាន១២% ភូមា​១១% និង​អូស្ត្រាលី​មាន​៥%។ នេះបើ​ផ្អែកតាម​តួលេខឆ្នាំ​២០២៣។ ដោយឡែក បើផ្អែកតាម​ទីភ្នាក់ងារថាមពលអន្តរជាតិវិញ បើគេ​​និយាយសរុបពី​​សមត្ថភាពផលិត​រ៉ែដីកម្រសុទ្ធ​ ដែល​ចម្រាញ់រួចរាល់ គឺចិនមានទំហំ​ផលិតដល់​ទៅ​៩២%ឯណោះ បើប្រៀបធៀបទៅទំហំរួម​ក្នុងពិភពលោក​ទាំងមូល​។

ដូច្នេះ​ គេមិនចាំបាច់រំឭកទេ ថាក្នុងវិស័យ​ផលិត​កម្ម​រ៉ែដីកម្រនេះ គឺចិន​ជាអ្នកគ្រប់គ្រង​ផ្តាច់​មុខសឹងតែម្នាក់ឯង។ ពោលគឺ​បណ្តាញ​ផលិត​រថយន្តអគ្គិសនី និងឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗសឹងទាំងអស់ ត្រូវពឹងផ្អែកទាំងស្រុង ទៅលើ​វត្ថុធាតុដើម​រ៉ែលោហៈកម្រ ដែលចិន​ជាអ្នកផលិត​និងចម្រាញ់។ 

តែ​អ្វីដែលគេសង្កេតឃើញ គឺចាប់ពីដើមខែមេសាមក ទំហំនៃ​ការនាំចេញរ៉ែដីកម្ររបស់ចិន បានធ្លាក់ចុះយ៉ាងខ្លាំង។ រ៉ែលោហៈសំខាន់ៗប្រមាណ​៧មុ​ខ គឺ dysprosium  gadolinium  lutécium  samarium scandium  terbium  និង yttrium សឹងតែលែងមាន​នៅលើទីផ្សារ ហើយ​បានធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងខ្លាំង ដល់បណ្តាញ​ផ្គត់ផ្គង់​​ឧស្សាហកម្ម​ពិភពលោក​។ 

អ្នកទិញរកទិញរ៉ែទាំងនេះលែងបាន គឺដោយ​សារ​តែ​​រដ្ឋាភិបាលចិន ​បានសម្រេចដាក់កំហិតឲ្យ​ក្រុមហ៊ុន​ផលិត​រ៉ែទាំងនេះ ត្រូវតែដាក់ពាក្យសុំអាជ្ញាបណ្ណ​ដើម្បីអាចនាំចេញ​រ៉ែទាំងនេះ​បាន​។ វាប្រាកដណាស់ ដែល​ការសម្រេចរិតត្បិតរបស់ចិននេះ គឺជាយុទ្ធសាស្ត្រដើម្បី​ឆ្លើយតប សងសឹកទៅនឹង​វិធានការដំឡើងពន្ធ ដែលលោកត្រាំបាន​ដាក់ទៅលើទំនិញចិន​។​

នៅក្នុងការចរចា​ជាមួយចិន នៅទីក្រុងឡុងដ៍ ដើមសប្តាហ៍នេះ គេសង្កេតឃើញថាភាគីអាមេរិក បានដាក់សារៈសំខាន់ខ្លាំងណាស់ នៅលើចំណុច​រ៉ែដីកម្រនេះ ព្រោះអាមេរិកចង់​ឲ្យ​ចិនផ្តល់​ការ​​ធានា ថាក្រុមហ៊ុនរបស់អាមេរិក អាចមាន​លទ្ធភាពទទួលបានរ៉ែរបស់ចិន​។ លោក Paul Triolo អ្នកវិភាគនៅ Asia Society Policy Institute បាន​​លើកឡើងថា បញ្ហារ៉ែដីកម្រ​បាន​គ្របសង្កត់លើចំណុចផ្សេងៗទៀត នៅក្នុងពេលចរចារវាងចិននិងអាមេរិក នៅទីក្រុងឡុងដ៍ ព្រោះថា​ឧស្សាហកម្ម​អាមេរិក ​ត្រូវរាំងខ្ទប់លែងដំណើរការ ដោយសារតែគ្មានវត្ថុធាតុដើមដ៏សំខាន់នេះ​។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តFord របស់អាមេរិក បានសម្រេចផ្អាក​បណ្តាញផលិត​រថយន្តSUVមួយប្រភេទ ដោយសារតែគ្មានលោហៈកម្រទាំងនេះ​។ 

មិនមែនតែឧស្សាហកម្មផលិតរថយន្តអាមេរិកទេ ដែលជួបបញ្ហា នៅអឺរ៉ុប​ក៏ដូចគ្នាដែរ​។

តាមពិតទៅ​វាមិនមែនជាលើកទី​១ទេ ដែល​ចិន​បានយក​ ការនាំចេញរ៉ែលោហៈកម្រ ជាអាវុធដើម្បីដាក់សំពាធទៅ​លើ​ប្រទេសណាមួយ​ ដែល​រករឿងចិន ឬមានជម្លោះជាមួយចិន។ 

កាលពីឆ្នាំ​២០១០ ​រដ្ឋចិនបាន​បិទផ្អាកមួយរយៈ នូវការនាំចេញ​រ៉ែលោហៈកម្រទៅកាន់ជប៉ុន បន្ទាប់ពី​មាន​បញ្ហាប៉ះទង្គិចគ្នារវាង​ទូកនេសាទចិន និង​កងឆ្មាំសមុទ្រជប៉ុន​។ លោក Zhu Junwei អ្នកស្រាវជ្រាវ​នៅ​ Grandview Institution បាន​លើកឡើងថា ធាតុពិតទៅ គឺចិនបានដកបទពិសោធន៍​ពីសហរដ្ឋអាមេរិក​។ ចិន​បានដើរតាមផ្លូវ​ យកគម្រូតាមប្រព័ន្ធ​ទណ្ឌកម្មរបស់អាមេរិក ដែលអាមេរិក​តែងតែអនុវត្ត​នៅពេលចង់ដាក់សំពាធលើ​ប្រទេសណាមួយ​។ ជាច្រើនឆ្នាំមកនេះ ចិន​បាន​រៀបចំក្រឡា​ ដើម្បី​គ្រប់គ្រង​ឧស្សាហកម្ម​រ៉ែកម្ររបស់ខ្លួន បានយ៉ាងជិតល្អ ហើយដែលចិនអាចយកវាមកធ្វើ​ជា​អាវុធនៅពេលណាមួយ​។

កាលពីឆ្នាំ​២០២២ សហរដ្ឋអាមេរិក​​បានចេញវិធានការ​ បិទខ្ទប់ការនាំចេញឧបករណ៍​សឺមីកុងឌុកទ័រទៅកាន់ចិន ដោយ​លើក​ហេតុផលថា ចិននឹងយកទៅប្រើ​ដើម្បី​អភិវឌ្ឍន៍​កម្លាំងសមត្ថភាព​សព្វាវុធ​។ តែ​យោងតាមអ្នកជំនាញ វិធានការរបស់អាមេរិក មិនអាចទប់ចិនមិន​ឲ្យដើរទៅមុខបាន​ឡើយ​ នៅក្នុងវិស័យ​ស្រាវជ្រាវផលិត​បន្ទះឈីបទំនើប​។ 

ផ្ទុយទៅវិញ ចិន​បានចេញវិធានការសងសឹកលើអាមេរិក ដោយបានរឹតត្បិត​​​ការនាំចេញរ៉ែលោហៈ Gallium  Germanium និងផលិត​ផលមួយចំនួនទៀត ផលិតពី​Graphite មុននិងបិទ​ខ្ទប់ទាំងស្រុងនៅខែធ្នូឆ្នាំ​២០២៤។ ហើយ​បន្ទាប់មកទៀត នៅខែកុម្ភៈ២០២៥ ចិនបាន​កាត់បន្ថយការនាំចេញ​លោហៈកម្រ៥ប្រភេទ ទៅកាន់វិស័យ​កងទ័ព និងវិស័យ​ថាមពល​​កកើត​ឡើងវិញ​។

ជាការពិតណាស់ រ៉ែដីកម្រ បានក្លាយជា​ធាតុ​ផ្សំយុទ្ធសាស្រ្តរបស់ចិន ដែលចិន​អាចបញ្ចេញនៅនាទីចុងក្រោយ​​ដើម្បីការពារខ្លួន​។ ជាងនេះ​ទៀត នីតិវិធី​ផ្តល់អាជ្ញាបណ្ណ ដែលអាជ្ញាធរចិនកំពុងអនុវត្ត ពោរពេញទៅដោយ​ភាពសម្ងាត់ បានបង្ក​ឲ្យ​បណ្តាញផ្គត់ផ្គង់​រ៉ែដីកម្រ កាន់តែមានសំពាធ។ ក្រុមហ៊ុនធំៗជាច្រើន​ បានត្អូញត្អែរថាគេមិនដឹងពេល​ណា អាជ្ញាធរចិន​ផ្តល់អាជ្ញាបណ្ឌឲ្យគេនាំចេញ ហើយ​ក្នុងទំហំប៉ុន្មាននោះទេ។

អ្វីៗវាស្ថិតនៅលើការសម្រេចរបស់ប៉េកាំង​ ថាឲ្យអាជ្ញាបណ្ណទៅអ្នកណា ហើយ​យករ៉ែទៅប្រើ​ក្នុងកម្មវត្ថុអ្វី​។ តែយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មចិន បានអះអាងកាលពីចុងសប្តាហ៍កន្លងទៅថា ចិនជាប្រទេសធំ​ មានការទទួលខុសត្រូវ ហើយចិន​បានចាប់ផ្តើម​ផ្តល់អាជ្ញាបណ្ណ​នាំចេញ​ទៅឲ្យក្រុមហ៊ុនខ្លះហើយ​។

យោងតាមអ្នកជំនាញ សម្រាប់ពេលនេះ គេអាចនិយាយបានថា បណ្តាញ​ផលិត​សព្វាវុធ​​ទំនើបរបស់អាមេរិក ស្ថិតនៅក្រោមឃ្លៀករបស់ចិនទេ។ ឯកសារវិភាគមួយ​របស់ Center for Strategy and International Studies CSIS បាន​ឲ្យដឹងថា ដើម្បី​ផលិត​​យន្តហោះច្បាំង F-35 របស់​ក្រុមហ៊ុនអាមេរិក Lockheed Martin ១គ្រឿង គឺគេត្រូវការប្រើរ៉ែលោកហៈកម្រ ដល់ទៅ​៤០០គីឡូក្រាមឯនោះ។ ហើយមានតែចិនទេ ដែលអាចផ្គត់ផ្គង់​រ៉ែលោហៈក្នុងទំហំច្រើនបាន​។​ ប្រឈមនឹង​កម្លាំងមានប្រៀបខ្លាំងរបស់ចិននេះ មិនថាអាមេរិកមិនថាអឺរ៉ុប កំពុងតែព្យាយាម​រកបណ្តាញផ្គត់ផ្គង់ផ្សេង ក្រៅ​ពីចិន​។ ក៏ប៉ុន្តែ​ ចង់អភិវឌ្ឍសមត្ថភាព​ជីក និងចម្រាញ់រ៉ែដីកម្រ មិនមែនធ្វើមួយថ្ងៃបាននោះទេ គឺត្រូវការពេលយូរឆ្នាំ។ មានន័យថា សហរដ្ឋអាមេរិកនៅតែបន្តចាញ់ប្រៀបចិន យូរឆ្នាំទៅមុខទៀត នៅក្នុងវិស័យនេះ​។

លោក Paul Triolo អ្នកជំនាញ​នៅ Asia Society Policy Institute បានរំឭក​ថា ក្រោយ​មានបញ្ហាជាមួយ​ចិន នៅឆ្នាំ២០១០ ជប៉ុនបានព្យាយាម​រកផ្លូវ​ពង្រឹងស្តុករ៉ែលោហៈកម្រ ដើម្បីការពារ​ឧស្សាហកម្មខ្លួន ហើយ​ក៏ដើម្បី​ដកខ្លួនកុំ​ឲ្យរងសំពាធពីចិនខ្លាំងពេក។ តែលទ្ធផល​នៃការប្រឹងប្រែងរបស់ជប៉ុន​ ​១៥ឆ្នាំមកនេះ គឺបាន​​តិចតួចខ្លាំងណាស់។

ដោយឡែក ក្រសួងការពារជាតិអាមេរិក បានដាក់កម្មវត្ថុប្រកបដោយ​ការប្តេជ្ញាចិត្ត ថា​នឹង​អភិវឌ្ឍន៍​បណ្តាញផ្គត់ផ្គង់ជាតិ ដើម្បីធានាឲ្យអាមេរិក ​មានរ៉ែដីកម្រប្រើ​ប្រាស់​គ្រប់គ្រាន់ នៅរវាងឆ្នាំ​២០២៧​។ តែយ៉ាងណាក៏ដោយ លោក Rico Luman និងលោកស្រី​ Ewa Manthey អ្នកវិភាគទីផ្សារនៅ​ធនាគារ ING បានលើកឡើងថា ការជីករ៉ែ ការចម្រាញ់យករ៉ែដីកម្រ គឺជាប្រតិបត្តិការមួយដ៏ស្មុគស្មាញ ហើយ​ចំណាយ​ដើមធំណាស់។ ដើម្បីអាចចំណេញបាន គឺទាល់តែអាច​ចម្រាញ់យកលោហៈសុទ្ធ ក្នុងទំហំ​មួយច្រើន​គ្រប់គ្រាន់។ គិតត្រឹមពេលបច្ចុប្បន្ននេះ គឺគ្មាននរណាម្នាក់ធ្វើបានដូចចិនទេ ហើយដែលធ្វើ​​ឲ្យ​​​ចិន​ មានប្រៀប​លើសអ្នកដទៃ​៕

ដោយ៖ ម៉ម ពិសី/RFI ខេមរភាសា


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other