- ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ យូនីសេហ្វ បានអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀត ដើម្បីការពារសិទ្ធិកុមារដែលរងផលប៉ះពាល់ពីទេសន្តរប្រវេសន៍។ តាមរយៈរបាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាពកុមារដែលរងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍ រវាងកម្ពុជា និងថៃ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យូនីសេហ្វ សង្កេតឃើញហានិភ័យដែលកើតមានដូចជា អំពើជួញដូរមនុស្ស ការរំលោភបំពាន ការកេងប្រវ័ញ្ច ភាពមានទំនាស់នឹងច្បាប់ និងពលកម្មកុមារ។
«ពលកម្មកុមារ ធ្វើឱ្យកុមារបាត់បង់សិទ្ធិក្នុងការទទួលបានកុមារភាពប្រកបដោយសុវត្ថិភាព និងសុខភាពរឹងមាំ មិនបានទទួលការអប់រំ ព្រមទាំងបំផ្លាញសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ»។ លោក វៀល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា លើកឡើងដូច្នេះ ដោយបន្ថែមថា ទោះជាពួកគេធ្វើទេសន្តរប្រវេសន៍តែម្នាក់ឯង ឬជាមួយគ្រួសារនៅក្នុងប្រទេស ឬឆ្លងកាត់ព្រំដែនក្ដី កុមារគឺងាយរងគ្រោះពីហានិភ័យ។
សម្រាប់លោក វៀល ផាកស៍ ហានិភ័យដែលកុមារជួបប្រទះ គឺការគ្មានឯកសារស្របច្បាប់ កិច្ចការពារ និងលទ្ធភាពទទួលបានការអប់រំ ជាពិសេសប្រឈមនឹងហានិភ័យកាន់តែខ្ពស់ពីការកេងប្រវ័ញ្ចនានា។ បើតាមលោក វៀល ផាកស៍ ដោយសហការជាមួយសហភាពអឺរ៉ុប យូនីសេហ្វកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារឆ្លងដែនរវាងកម្ពុជា និងប្រទេសជិតខាង។
ក្នុងរយៈពេលមួយទសវត្សរ៍មុន ប្រទេសកម្ពុជាបានចាត់វិធានការចម្បងៗ ដើម្បីការពារកុមារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន។ យូនីសេហ្វ បានឱ្យដឹងថា នៅរវាងឆ្នាំ ២០១០ និងឆ្នាំ២០២១ សមាមាត្រនៃកុមារដែលចូលរួមនៅក្នុងពលកម្មកុមារ បានធ្លាក់ចុះពី ៣៧ភាគរយ មកនៅត្រឹម ១៧ភាគរយ។ ចំពោះវឌ្ឍនភាពនេះ យូនីសេហ្វ អះអាងថា នៅតែគួរឱ្យព្រួយបារម្ភ ដោយកុមារម្នាក់ក្នុងចំណោមកុមារ ៥នាក់ នៅកម្ពុជា កំពុងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច។ របាយការណ៍ស្រាវជ្រាវស្តីពី ស្ថានភាពកុមារដែលរងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍ រវាងកម្ពុជា និងថៃ បង្ហាញថា ភាពក្រីក្រជារឿយៗបានជំរុញឲ្យកុមារធ្វើចំណាកស្រុកពីកម្ពុជាទៅថៃ និងប្រឈមមុខនឹងហានិភ័យកាន់តែខ្ពស់ពាក់ព័ន្ធនឹងពលកម្មកុមារ ។
យូនីសេហ្វ បញ្ជាក់ថា៖«កុមារដែលឆ្លងដែនដោយខុសច្បាប់ ប្រឈមនឹងហានិភ័យឥតឈប់ឈរពីអំពើជួញដូរមនុស្ស ការរំលោភបំពាន ការកេងប្រវ័ញ្ច និងបំពានច្បាប់។ កុមារជាច្រើនពុំបានទៅរៀន ដោយសារគ្រួសាររបស់ពួកគេពឹងផ្អែកលើប្រាក់ចំណូលប្រចាំថ្ងៃ និងពុំមានលទ្ធភាពទទួលបានសេវាចាំបាច់នានា ដូចជា ការថែទាំសុខភាពជាដើម»។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ យូនីសេហ្វ អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន ដើម្បីបង្កើតប្រព័ន្ធការពារកុមាររួមគ្នាប្រកបដោយភាពរឹងមាំដែលធានាសុវត្ថិភាព និងសុខុមាលភាពរបស់កុមារងាយរងគ្រោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់យូនីសេហ្វ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
