អុកស្វាម និងអង្គការដៃគូ បិទបញ្ចប់គម្រោងរយៈពេល៤ឆ្នាំ ដើម្បីជំរុញសេដ្ឋកិច្ចពលរដ្ឋនៅតំបន់បឹងទន្លេសាប
  • ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
អុកស្វាម និងអង្គការដៃគូ បិទបញ្ចប់គម្រោងរយៈពេល៤ឆ្នាំ ដើម្បីជំរុញសេដ្ឋកិច្ចពលរដ្ឋនៅតំបន់បឹងទន្លេសាប
គំនូរបង្ហាញការធ្វើការបូបកំប្លោក ក្នុងសហគមន៍បឹងទន្លេសាប។ រូបដោយ ឡាយ សុភាវតី

ភ្នំពេញ៖ ៤ឆ្នាំ នៃការអនុវត្តគម្រោង «បង្កើតការងារ ជាសេដ្ឋកិច្ចវិលជុំ របស់សហគមន៍នេសាទ នៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១» បានឈានដល់ទីបញ្ចប់ ដែលបានផ្លាស់ប្ដូរវិជ្ជមានច្រើនយ៉ាង លើកំណើនសេដ្ឋកិច្ច ផ្នែកអប់រំ អនាម័យ ទឹកស្អាតជាដើម សម្រាប់សហគមន៍នេសាទ នៅជុំវិញតំបន់ឋមនីយជីវមណ្ឌលបឹងទន្លេសាប។ គម្រោងនេះ មានការគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប។

TTN-Free-Banner-In-Article-PC

នៅថ្ងៃទី១៣មិថុនានេះ អង្គការអុកស្វាម សហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពលរដ្ឋសហគមន៍បឹងទន្លេសាប រួមទាំងអង្គការដៃគូអនុវត្តកម្រោងផ្សេងទៀត ប្រមាណ១០០នាក់ បានរៀបចំកម្មវិធី បង្ហាញពីលទ្ធផល និងបិទបញ្ចប់គម្រោង។ 

គម្រោង «បង្កើតការងារ ជាសេដ្ឋកិច្ចវិលជុំ របស់សហគមន៍នេសាទ នៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១» បានជួយឱ្យពលរដ្ឋនៅតំបន់បឹងទន្លេសាប២ពាន់នាក់ និងសិស្សជាង៣ពាន់នាក់ ទទួលបានទឹកស្អាត់ប្រើប្រាស់។ ជាមួយគ្នាដែរ បានរៀបចំឱ្យមានភាពប្រសើរឡើងនូវអនាម័យ ដល់សិស្សជាង២ម៉ឺននាក់។ 

រយៈពេល៤ឆ្នាំ​នេះ ក្រុមអង្គការសង្គមស៊ីវិល និងរដ្ឋ ក៏បានអនុវត្តគំនិតផ្តួចផ្ដើមឥដ្ឋអេកូ តាមរយៈការកែច្នៃប្លាស្ទិកទម្ងន់ បង្កើតប្រាក់ចំណូលសម្រាប់សហគមន៍នេសាទ។ ចំណែក ជំនួយផ្នែកអប់រំ មានសិស្ស១ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ដូចជា អាហារូបករណ៍ និងសម្ភារៈសិក្សាក្នុងថ្នាក់ជាដើម។ ក្រៅពីនេះ គឺការជំរុញការផលិតទឹកឃ្មុំ ទេសចរណ៍ធម្មជាតិ ថាមពលក្រៅបណ្តាញ និងការទទួលបានទីផ្សារសម្រាប់ក្រុមដែលដឹកនាំដោយស្ត្រី។ 

តាមរយៈគម្រោង «បង្កើតការងារ ជាសេដ្ឋកិច្ចវិលជុំ របស់សហគមន៍នេសាទ នៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១» លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មើលឃើញនូវភាពច្នៃប្រឌិត និងភាពធន់គួរឱ្យកត់សម្គាល់របស់សហគមន៍នេសាទក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។ លោកស្រី សោភ័ណ បានបន្ថែមថា៖ «ដោយមានការបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព គំរូសេដ្ឋកិច្ចវិលជុំ និងការអប់រំប្រកបដោយបរិយាបន្ន យើងមិនត្រឹមតែពង្រឹងជីវភាពរស់នៅ របស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់និរន្តរភាពបរិស្ថានទៀតផង»។ នាយិកាអង្គការអុកស្វាម សាទរនូវសមិទ្ធផលនេះ ហើយអំពាវនាវដល់អង្គការដៃគូ អ្នកបង្កើតគោលនយោបាយ និងសហគមន៍ បន្តវិនិយោគលើរាល់ដំណោះស្រាយទាំងឡាយណា ដែលគាំទ្រសហគមន៍ និងការពារធនធានធម្មជាតិ។ 

លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជា។ រូបដោយ ឡាយ សុភាវតី

រីឯ លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជា បានទុកគម្រោងខាងលើ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបឆ្ពោះ ទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងកម្មវិធី លោកបានលើកឡើងបន្ដែម យ៉ាងដូច្នេះ៖ «គម្រោងនេះ ក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់សហភាពអឺរ៉ុបជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងតាមរយៈ Global Gateway ក្នុងការគាំទ្រដល់ការប្រកបជីវិត ដែលមានភាពធន់ និងការជួយគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតូចដែរ»។ ជាមួយគ្នាដែរ លោក បន្ថែមថា តាមរយៈគម្រោង «បង្កើតការងារ ជាសេដ្ឋកិច្ចវិលជុំ របស់សហគមន៍នេសាទ នៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១» បានជួយជួយពង្រឹងនូវសេវាកម្មដែលចាំបាច់ និងការបង្កើតឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងសហគមន៍បឹងទន្លេសាប៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី