រឿងព្រំដែន៖ សម្តេច ហ៊ុន សែន ប្រាប់មិត្តបរទេសឱ្យលើកទឹកចិត្តថៃ តទល់កម្ពុជាតាមផ្លូវ ICJ
  • ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៧ នាទី យប់
រឿងព្រំដែន៖ សម្តេច ហ៊ុន សែន ប្រាប់មិត្តបរទេសឱ្យលើកទឹកចិត្តថៃ តទល់កម្ពុជាតាមផ្លូវ ICJ
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា

ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន ប្រាប់មិត្តបរទេសអំពីការសម្រេចចិត្តរបស់កម្ពុជាលើការបោះឆ្នោតប្រឆាំងរុស្ស៊ីដែលវាយលុកអ៊ុយក្រែន និងជំហរកម្ពុជាក្នុងការតទល់ជាមួយថៃតាមផ្លូវតុលាការ ICJ។  ជុំវិញរឿងព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងកើតឡើងនាពេលនេះ សម្តេច ប្រាប់មិត្តបរទេសឱ្យលើកទឹកចិត្តថៃ តទល់កម្ពុជាតាមផ្លូវ ICJ។
TTN-Free-Banner-In-Article-PC


« ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ»។ សម្តេច ហ៊ុន សែន បានសរសេរបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី១៣ ខែមិថុនា នេះ ដែលពេលនេះភាពគឃ្លើនមិនគោរពច្បាប់របស់ថៃបានបង្ហាញចេញមកហើយ។ ការណ៍នេះបង្ហាញឱ្យពីការគិតរបស់អតីតនាយករដ្ឋមន្ត្រី សម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។  

« កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់»។ នេះជាការអំពាវនាវរបស់សម្តេច ហ៊ុន សែន ដែលសំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច។ នោះគឺ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ,  ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

បើតាមសម្តេច ហ៊ុន សែន កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ សម្តេចបានអះអាងថា ៖ « ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះ មានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន»។  

អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា  ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រដ្ឋាភិបាល ក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។  

ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី, សឹង្ហបុរី និងម៉ាឡេស៊ី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនីមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី និងទំនាក់ទំនងម៉ាឡេស៊ីជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។ សម្រាប់សម្តេច ហ៊ុន សែន ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់៕

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អ៊ូ សុខមាន