គ្រោះថ្នាក់ធ្លាក់យន្តហោះ 787 Dreamliner ធ្វើឲ្យក្រុមហ៊ុនអាមេរិក Boeing ជួបវិបត្តិធំបន្ថែម
  • ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
គ្រោះថ្នាក់ធ្លាក់យន្តហោះ 787 Dreamliner ធ្វើឲ្យក្រុមហ៊ុនអាមេរិក Boeing ជួបវិបត្តិធំបន្ថែម
គ្រោះថ្នាក់ធ្លាក់យន្តហោះ 787 Dreamliner ធ្វើក្រុមហ៊ុន អាមេរិក Boeing ជួបវិបត្តិធំបន្ថែម។ REUTERS - Adnan Abidi

យន្តហោះ Boeing 787​ របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅថ្ងៃព្រហស្បតិ៍ ទី១២​ មិថុនា សម្លាប់ជីវិតមនុស្សសរុបជាង ២៦០នាក់។ អាជ្ញាធរឥណ្ឌាបានប្រកាសរកឃើញប្រអប់ខ្មៅ ដែលអាចពន្យល់ពីដើមហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង។ សោកនាដកម្មនេះ បានធ្វើឲ្យក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក ជួបវិបត្តិ​ផ្ទួនៗគ្នា និងបានធ្វើក្រុមហ៊ុនមួយនេះ កាន់តែធ្លាក់ចុះដុនដាប។
TTN-Free-Banner-In-Article-PC

ទុក្ខជាន់ទុក្ខ​! កាលពីប៉ុន្មានសប្តាហ៍ កន្លងទៅ ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក ទើបតែបង់សំណងសរុបប្រមាណជាង ១ពាន់លានដុល្លារ ជូនដល់គ្រួសារជនរងគ្រោះធ្លាក់យន្តហោះប្រភេទ Boeing 737 Max នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ ២០១៨ និង នៅប្រទេសអេត្យូពី ឆ្នាំ២០១៩។ ឧបទ្ទវហេតុទាំង​២កន្លែង​នេះ បានសម្លាប់ជីវិតមនុស្ស ៣៤៦នាក់។ ឥឡូវនេះ ក្រុមហ៊ុន Boeing ត្រូវដោះស្រាយបញ្ហាគ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទBoeing 787 Dreamliner នៅប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា ដែលធ្វើ​បាត់​បង់ជីវិតមនុស្សសរុបជាង ២៦០នាក់។ ដាក់ឲ្យដំណើរការ កាលពីឆ្នាំ ២០១១  យន្តហោះ Boeing 787 Dreamliner​ ទើបតែជួបគ្រោះថ្នាក់លើកទី១ សម្រាប់យន្តហោះប្រភេទថ្មីនេះ។

​តាមលោក លោក Gérard Feldzer ​អតីតអ្នកបើកបរយន្តហោះ ទីប្រឹក្សាអាកាសចរណ៍ និងជាប្រធានអង្គការអាកាសចរណ៍គ្មានព្រំដែនអង់គ្លេស បានបញ្ជាក់ថាការឃើញប្រអប់ខ្មៅរបស់អាជ្ញាធរឥណ្ឌា អាចជួយផ្តល់ព័ត៌មានសំខាន់ៗ អំពីដំណើរការហោះហើររបស់យន្តហោះ និង កិច្ចសន្ទនា រវាងអ្នកបើកបរយន្តហោះ និង អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ លោក Gérard Feldzer បានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយស្វែងរកមូលហេតុឲ្យបានឆាប់រហ័ស ដែលបានបណ្តាលឲ្យមានឧបទ្ទវហេតុគ្រោះថ្នាក់នេះកើតឡើង ពីព្រោះថាយន្តហោះ Boeing 787 Dreamliner ជាយន្តហោះដ៏ល្បីឈ្មោះមួយរបស់អាមេរិក ទើបតែដំណើរការបានជាង ១០ឆ្នាំ ប៉ុណ្ណោះ។ ជួនកាល ក៏អាចបណ្តាលមកពីការប្រើប្រាស់ប្រេង​ឥន្ធនៈ​​គុណភាព​អន់​ ដែលធ្វើ​ឲ្យម៉ាស៊ីន​ទាំង​ពីរគាំងដំណើរការ ឬ សត្វស្លាបហោះបុកចូលម៉ាស៊ីន ឬក៏ មកពីបញ្ហា​គ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមិនបានល្អ។ បើសិនជារកឃើញមូលហេតុ អាជ្ញាធរត្រូវផ្តល់ព័ត៌មាននេះភ្លាមដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលកំពុងប្រើប្រាស់យន្តហោះប្រភេទនេះ។

យន្តហោះ Boeing 787 Dreamliner ​ ជាប្រភេទយន្តហោះមានទំហំធំ និងសន្សំសំចៃប្រេងជាងម៉ូដែលយន្តហោះមុនៗរបស់អាមេរិក។ យន្តហោះប្រភេទនេះទទួលបានចំនួននៃការបញ្ជាទិញដ៏ច្រើនលើបលុប រហូតដល់ជាង ២៥០០គ្រឿង ពីក្រុមហ៊ុនអាកាសចរណ៍ចំនួនប្រមាណ ៨០ នៅទូទាំងពិភពលោក។

សូមបញ្ជាក់ថា  Boeing 787 Dreamliner ជួបសោកនាដនាកម្ម ​​នៅប្រទេស​ឥណ្ឌា  ជាគ្រោះថ្នាក់ធ្លាក់​យន្តហោះ ជា​លើកទី១ តែ​ពីមុន​មក យន្តហោះប្រភេទ​នេះ​ក៏​មាន​បញ្ហា​បច្ចេកទេស​ច្រើន​មកហើយដែរ។ ជាក់ស្តែង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យន្តហោះប្រភេទនេះបានជួបបញ្ហាជាបន្តបន្ទាប់។ នៅឆ្នាំ ២០២១ គេរកឃើញថាយន្តហោះ Boeing 787 Dreamliner ជាច្រើនគ្រឿងមានបញ្ហានៅលើតួយន្តហោះ ដែលធ្វើក្រុមហ៊ុន Boeing បានផ្អាកដំណើរការផលិតកម្ម រយៈពេល ២ឆ្នាំ។ នៅឆ្នាំ ២០២៤ យន្តហោះ Boeing 787 Dreamliner បានធ្វើដំណើរពីទីក្រុងស៊ីដនី ទៅទីក្រុង Aucklan ត្រូវ​គេរកឃើញថាមានប្រហោងខ្យល់។ អ្នកដំណើរ១២នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍ឈីលី ក៏ធ្លាប់​បានលើកឡើងបញ្ហាបច្ចេកទេស នៅលើយន្តហោះប្រភេទនេះដែរ​៕

ដោយ៖ទន់ ពុទ្ធពិសិដ្ឋ/ ខេមរភាសា RFI

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other