បន្លែជ្រក់-ត្រាំ ជាអាហារល្អសម្រាប់សុខភាព?
- ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៧:៣៩ នាទី ល្ងាច

បន្លែជ្រក់-ត្រាំ ជាអាហារល្អសម្រាប់សុខភាព? AP - Ted Anthony
ម្ហូបអាហារទទួលទាន ក៏មានប្រជាប្រិយភាពឡើងចុះដែរ។ ត្រសក់ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃជ្រក់ ជ្រក់បន្លែគ្រប់មុខ គីមឈី... វិធីត្រាំឬជ្រក់បន្លែដើម្បីទុកបរិភោគបានយូរថ្ងៃ កំពុងពេញនិយមឡើងវិញ ដោយគេជឿថាអាហារប្រភេទនេះអាចជួយបង្កើនបាក់តេរីល្អនៅក្នុងពោះ។ តើអាហារជ្រក់ បន្លែត្រាំ មានគុណសម្បត្តិនិងគុណវិបត្តិយ៉ាងណាចំពោះសុខភាព?

សូមស្តាប់ អៀង សុខម៉ិញ៖
ជារបៀបរក្សាទុក មានធ្វើនៅក្នុងស្ទើរគ្រប់វប្បធម៌គ្រប់តំបន់ បន្លែត្រាំ បន្លែជ្រក់ កំពុងក្លាយជាអាហារដ៏ពេញនិយម ជាថ្មី តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ខ្មែរធ្វើជ្រក់ ត្រសក់ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃជ្រក់ ជ្រក់បន្លែគ្រប់មុខ ម្ទេសត្រាំ កូរ៉េធ្វើគីមឈី បារាំងធ្វើស៊ូក្រូត ... គ្រឿងត្រាំ គ្រឿងជ្រក់ គ្រឿងផ្អាប់ទាំងអស់នេះ មនុស្សលោកចេះធ្វើតាំងពីយូរយារ តាំងពីសម័យមិនទាន់មានទូរទឹកកក។ ការត្រាំ ការធ្វើជ្រក់ ជាវិធីសាស្ត្រ នៃការរក្សាទុកអាហារបែបបូរាណ តាមដំណើរធម្មជាតិ ដោយយកបន្លែទៅត្រាំឬទៅប្រលាក់ផ្អាប់ក្នុងទឹកអំបិល។
ចុះតាមបែបវិទ្យាសាស្ត្រនិងគីមីវិទ្យាវិញ តើរបៀបរក្សាទុកបន្លែឱ្យបានយូរ តាមរយៈការត្រាំ ឬដោយធ្វើជ្រក់ ហៅតាមរបៀបខ្មែរ មានគុណប្រយោជន៍យ៉ាងណាចំពោះសុខភាព?
បើតាមការពន្យល់របស់លោក Rafael Haumont សាស្ត្រាចារ្យនិងជាអ្នកឯកទេសស្រាវជ្រាវម្ហូបតាមបែបវិទ្យាសាស្ត្រ (គីមីវិទ្យា) វិធីត្រាំបន្លែ ជារបៀបរក្សាទុកបន្លែឱ្យបានយូរ ដោយមិនឆ្លងកាត់ការចំអិនលើភ្លើងសម្លាប់មេរោគ។ ម្ហូបមិនប្រើកំដៅល្អខ្លាំងណាស់បើគិតពីគុណប្រយោជន៍ផ្នែកសុខភាព ព្រោះវាអាចរក្សាវីតាមីនរបស់បន្លែនោះបានស្ទើរទាំងស្រុង។ វីតាមីនខ្លាចភ្លើងនិងកម្តៅណាស់ ជាពិសេសវីតាមីនសេ។ សម្រាប់លោកសាស្តាចារ្យ Haumont ត្រាំឬជ្រក់បន្លែជាវិធីប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយអាហារ គោរពបរិស្ថាន សន្សំសំចៃថវិកា និងល្អសម្រាប់សុខភាពទៀត។
វិធីត្រាំអាហារ មានច្រើនយ៉ាង និងច្រើនមុខដែលអាចផ្តល់លទ្ធផលប្លែកគ្នាខ្លាំង ទៅតាមការលាយគ្រឿងផ្សំ ដោយ ត្រូវការតែបន្លែ ទឹក អំបិល និងក្រឡស្អាតមួយអាចបិទជិត រួចទុកដាក់ក្នុងទីកន្លែងត្រជាក់ ស្ងួតមិនត្រូវថ្ងៃជាការស្រេច។ ជាគោលការណ៍ ការត្រាំផ្អាប់អាហារក្នុងទឹកអំបិលដើម្បីរក្សាទុកបានយូរ មានដំណើរតែមួយដូចគ្នា គឺប្រើបាក់តេរីឱ្យ បំប្លែង។ យន្តការត្រាំផ្អាប់នេះ អាចនាំឱ្យជាតិស្ករឬអាមីដុងឱ្យបំប្លែងទៅជាអាល់កុល និងពីអាល់កុលទៅជាទឹកខ្មេះ ឬពីស្ករទៅជាអាស៊ីតឡាទិក (ជូរ)។
ក្នុងករណីត្រាំឬជ្រក់បន្លែ គេឱ្យទុកឱ្យបាក់តេរីបំប្លែងជាតិស្កររបស់បន្លែ ផ្លែឈើ ឱ្យទៅជាអាស៊ីតឡាក់ទិក ដើម្បីប្តូរសណ្ឋាននិងរសជាតិបន្លែ ហើយជួយរក្សាអាហារឱ្យទុកបានយូរ តាមរយៈការជំរុញបាក់តេរីល្អឱ្យលូតលាស់ និងរារាំងកម្ចាត់បាក់តេរីអាក្រក់។ គឺអំបិលនិងការផ្អាប់បំប្លែងទៅជាអាស៊ីតឡាក់ទិកជាតិជូរនេះហើយដែលធ្វើឱ្យបន្លែមានរសជាតិជូរអែមដ៏សែនឆ្ងាញ់។ បើជាអំបិលតែឯង ឬផ្អាប់តែឯង មិនគ្រប់គ្រាន់ទេ។
សូមបញ្ជាក់ថា គ្រប់បន្លែ ផ្លែឈើទាំងអស់សុទ្ធតែមានមីក្រូសរីរាង្គ ដូចជាបាក់តេរី មេ ឬ ផ្សិត រាប់ពាន់លាន។ ទោះបីជាលាងសម្អាតយ៉ាងដូចម្តេចក៏មិនអស់ដែរ។ តែយើងក៏ត្រូវការឱ្យនៅសល់បាក់តេរីខ្លះដែរ ដើម្បីជួយបំប្លែងជាតិស្ករ fructoses glucose Saccharose របស់បន្លែផ្លែឈើ ទៅជាអាស៊ីតឡាក់ទិក ដែលបើទុកកាន់តែយូរ អាហារកាន់តែជូរ និងជួយញែករើសទុកបាក់តេរីល្អៗ ហើយកម្ចាត់បាក់តេរីដែលមិនល្អចេញ។ បាក់តេរីមិនមែនសុទ្ធតែជាសត្រូវរបស់មនុស្សលោក ដូចការគិតពីមុនទេ។ បាក់តេរីមានល្អ មានអាក្រក់។ វេជ្ជសាស្ត្រទើបរកឃើញគុណសម្បត្តិនៃបាក់តេរីសម្រាប់សុខភាព។ មានន័យថា ការបរិភោគបន្លែត្រាំឬជ្រក់ ជាប្រភពនាំបាក់តេរីធម្មជាតិល្អៗ ទៅជួយបង្កើនលំនឹងដល់ពពួកមីក្រូសរីរាង្គ (Microbiote) នៅក្នុងពោះវៀន។ នៅពេលមានលំនឹងមីក្រូប៊ីយ៉ុង ដំណើរការរំលាយអាហារក៏ល្អ សុខភាពប្រព័ន្ធរំលាយអាហារក៏លែងសូវមានបញ្ហា។
បើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជំនាញផ្នែកក្រពះពោះវៀន នៅក្នុងខ្លួនមនុស្សយើងមាន ក្រុមមីក្រូសរីរាង្គដូចជាបាក់តេរី ផ្សិត វីរុស ដែលហៅតាមភាសាបច្ចេកទេសថាមីក្រូប៊ីយ៉ុត រស់ផ្តុំគ្នាក្នុងប្រព័ន្ធរំលាយអាហារ (ពីមាត់ទៅទ្វាធំ) ក្នុងចំនួនរាប់ពាន់កោដិលាន ឬស្មើនឹងប្រមាណមួយគីឡូកន្លះឯណោះ។ មីក្រូប៊ីយ៉ុតនេះ មានភារកិច្ចរំលាយអាហារ ផលិតវីតាមីន ប្រព័ន្ធការពារខ្លួន ប្រឆាំង ឬបង្កការរលាក។
មីក្រូប៊ីយ៉ុត ក៏មានអន្តរកម្មផងដែរជាមួយសរីរាង្គកាយទាំងមូល គឺជាមួយប្រព័ន្ធរំលាយអាហារ ប្រព័ន្ធមេតាបូលិក ទឹកនោមផ្អែម សម្ពាធឈាម ថ្លើម ខួរក្បាលនិងសន្លាក់។ល។ ហេតុដូច្នេះហើយ បាននៅពេលមីក្រូប៊ីយ៉ុតក្នុងពោះមានលំនឹង យើងក៏ស្រួលខ្លួនខ្លាំង។
បរិមាណនៃមីក្រូសរីរាង្គមានជីវិត Probiotique (បាក់តេរីល្អ) និងចំនួនបាក់តេរីអាចជ្រាបចូលទៅក្នុងពោះវៀន ហើយផ្តល់ផលល្អដល់ប្រព័ន្ធរំលាយអាហារ អាស្រ័យទៅលើកត្តាច្រើនយ៉ាងទៀត មានជាអាទិ៍ប្រភេទអាហារដែលយកទៅត្រាំ។ បន្លែផ្លែឈើនៃពពួកមានសារធាតុសរសៃច្រើន ផ្តល់គុណប្រយោជន៍ កាន់តែខ្លាំង។
ដោយសារសកម្មភាពរបស់បាក់តេរី បន្លែត្រាំឬបន្លែជ្រក់ ក្លាយជាអាហារដែលងាយរំលាយ បើប្រៀបធៀបទៅនឹងបន្លែស្រស់ ព្រោះបាក់តេរីបានធ្វើការជំនួសខ្លះ ដោយបានបំបែកមូលេគុលជាតិក្លុយកូសនិងហ្កាឡាតូស(ស្ករ) និងអាមីដុងធម្មជាតិរបស់បន្លែនោះ។
ការត្រាំជ្រក់ឱ្យឡើងជាតិអាស៊ីតជូរនេះ មានសកម្មភាពជាសារធាតុធម្មជាតិជួយរក្សាទុកឱ្យបានយូរផង បង្កើនរសជាតិផង និងជួយឱ្យបន្លែនៅមានសណ្ឋានល្អទន់ស្រួយមានជីវជាតិផ្អែមប្រៃជូរអែម ហើយមានអាហារូបត្ថម្ភកាន់តែសម្បូរបែបជាពិសេសតែម្តង។ នៅពេលត្រាំឬជ្រក់ បន្លែខ្លះឡើងគុណភាពផ្នែកអាហារូបត្ថម្ភ និងកាន់តែល្អសម្រាប់សុខភាព ព្រោះសកម្មភាពត្រាំនិងជ្រក់ផ្អាប់បន្លែបានដំឡើងជាតិវីតាមីន និងរ៉ែ ហើយធ្វើឱ្យជាតិវីតាមីននិងរ៉ែទាំងអស់នោះឱ្យងាយជ្រាបចូលក្នុងសរីរាង្គកាយទៀត។ សមាសធាតុធម្មជាតិខ្លះ ដូចជាអាស៊ីតហ្វីទិក ក្នុងសណ្តែក រាប់ទាំងសណ្តែកសៀងផង អាចរារាំងដំណើរការស្រូបយកជីវជាតិរ៉ែដែកនិងសង្កសី។ ប៉ុន្តែបើយកបន្លែនោះទៅត្រាំ ការផ្អាប់ ឬដាក់មេ បណ្តុះបាក់តេរីល្អទៅ សមាសធាតុធម្មជាតិប្រឆាំងនឹងការស្រូបជីវជាតិបានរលាយបាត់ ទើបអ្នកទទួលទានអាចទាញយកប្រយោជន៍ផ្នែកអាហារូបត្ថម្ភពីបន្លែបានយ៉ាងពេញលេញ។ និយាយជារួម បាក់តេរីល្អក្នុងបន្លែត្រាំ ជួយពោះវៀនឱ្យមានសមត្ថភាពស្រូបយកនិងផលិតវីតាមីនB និងK។
អ្នកវិទ្យាសាស្ត្រដែលយល់កាន់តែច្រើនឡើងៗជាលំដាប់ អំពីដំណើរការនិងឥទ្ធិពលរបស់ក្រពះពោះវៀន សម្គាល់ឃើញថារបបអាហារត្រាំនិងផ្អាប់ មានដើរតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការជួយសម្រួលអារម្មណ៍និងឥរិយាបថមនុស្ស។ បាក់តេរីប្រូប៊ីយូទិកខ្លះ ដូចជាLactobacillis helveticus និងBifidobacteria ដែលគេតែងឃើញមានច្រើននិងជាញឹកញយក្នុងអាហារផ្អាប់ត្រាំ អាចជួយសម្រួលអាការៈសញ្ញាខ្វល់ខ្វាយនិងបាក់ទឹកចិត្ត ឱ្យបានប្រសើរឡើង។ បាក់តេរី Lactobacillis casei shirota អាចមានឥទ្ធិពលលើការផលិតអ័រមូនក័រទីហ្សុលCortisol និងកាត់បន្ថយរោគសញ្ញាស្ត្រេស។
ជាងនេះទៅទៀត ក្នុងក្របខ័ណ្ឌនៃរបបអាហារត្រឹមត្រូវ មានលំនឹង ការបញ្ចូលអាហារត្រាំផ្អាប់ មួយក្រាមក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយទ្រទ្រង់មុខងាររបស់ប្រព័ន្ធការពារខ្លួន និងកាត់បន្ថយហានិភ័យឆ្លងរោគបានទៀត។ ការសិក្សាជាច្រើនបានលើកឡើងថា បាក់តេរីល្អក្នុងប្រព័ន្ធរំលាយអាហារ អាចជួយជាប្រយោជន៍កាត់បន្ថយគ្រោះកើតជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ។ ថ្វីបើគេត្រូវការសិក្សាស៊ីជម្រៅបន្ថែមទៀត ក៏ដោយ ក៏ការសិក្សាខ្លះបានសរសេរថាបាក់តេរីខ្លះអាចសម្រួលឱ្យស្រកខ្លាញ់ពោះនិងចុះគីឡូ។
ប៉ុន្តែសូមប្រយ័ត្ន! អាហារផ្អាប់មិនប្រាកដថាសុទ្ធតែល្អសម្រាប់សុខភាពទេ។ សូមកុំល្មោភពិសាអាហារជ្រក់ និងត្រាំច្រើនហួសហេតុពេក។ តែមួយ ឬពីរស្លាបព្រាបាយគ្រប់គ្រាន់នឹងទាញយកគុណប្រយោជន៍ពីបន្លែផ្អាប់នោះបានហើយ។ សូមលាយបន្លែត្រាំឬជ្រក់ជាមួយបន្លែនិងអាហារផ្សេងទៀត។ ចំពោះអ្នកមានជំងឺនិងអាការៈលើសឈាម មិនគួរពិសាអាហារត្រាំផ្អាប់ ឬជ្រក់នេះទេ ព្រោះកំហាប់ជាតិអំបិលក្នុងបន្លែត្រាំ/ជ្រក់ មានកម្រិតខ្ពស់ខ្លាំង។ អ្នកងាយរំខានដោយសារធាតុ Histamine និងពូកែឆ្អល់ពោះ ក៏មិនគួរទទួលទានរបស់ផ្អាប់ត្រាំនេះដែរ។ អ្នកងើបពីឈឺ អ្នកមានប្រព័ន្ធការពារខ្លួនខ្សោយ អ្នកមិនធ្លាប់ទទួលទានរបស់ត្រាំផ្អាប់ សូមទទួលទានដោយប្រយ័ត្នប្រយែង និងក្រោមការតាមដានរបស់គ្រូពេទ្យ។
សូមលាងកែវ លាងដៃឱ្យបានស្អាត និងមានអនាម័យខ្ពស់បំផុត ក្នុងការធ្វើជ្រក់ ត្រាំបន្លែ ផ្អាប់អាហារនេះ រួចទុកដាក់ដោយបិទឱ្យជិតកុំឱ្យចូលខ្យល់។ ចំណែកក្បួនត្រាំ ក្បួនជ្រក់វិញ លោកអ្នកអាចធ្វើតាមទម្លាប់ពីជីដូនជីតាមក ដោយដាក់ទឹកអង្ករ ឬដាក់ស្ករថែមឱ្យឆាប់កាច់។ ប៉ុន្តែចំពោះអំបិលវិញ សូមប្រើក្នុងកម្រិត១ទៅ២%នៃទម្ងន់បន្លែ។ ឧទាហរណ៍ ស្ពៃ១គីឡូ អំបិលក្រួសក៏បានអំបិលម៉ដ្ឋក៏បាន ចំនួន២០ក្រាម លាយទឹកស្អាត ហើយដាំឱ្យពុះទៀតកាន់តែប្រសើរ៕
ដោយ៖ អៀង សុខម៉ិញ/ RFI ខេមរភាសា

© រក្សាសិទ្ធិដោយ thmeythmey.com