ប៉ូលិសFBIតាមប្រមាញ់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់សមាជិកសភាអាម៉េរិក
  • ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
ប៉ូលិសFBIតាមប្រមាញ់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់សមាជិកសភាអាម៉េរិក

 

 

ដោយ៖ ឈាង បុប្ផា/ RFI ខេមរភាសា

 

តាំងពីថ្ងៃសៅរ៍ ប៉ូលិសអាម៉េរិកតាមប្រមាញ់ចាប់ខ្មាន់កាំភ្លើងម្នាក់ ​ដែលបានបន្លំខ្លួន​ជា​ប៉ូលិស ចូលទៅបាញ់សម្លាប់សមាជិកសភាអាម៉េរិកពីររូបមកពីបក្សប្រជាធិបតេយ្យ នៅ​ក្នុងរដ្ឋមីនីសូតា។ នៅក្រោយឃាតកម្មសម្លាប់សមាជិកសភានៅរដ្ឋមីនីសូតា ប៉ូលិសបាន​អំពាវនាវគេលុបចោលគម្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋបាលលោកដូណាល់ ត្រាំ ព្រោះថា ខ្មាន់កាំភ្លើងដែលកំពុងរត់គេចខ្លួន កំពុងមានគោលដៅវាយប្រហារ​លើអ្នកនយោបាយ​នៅក្នុងក្បួនបាតុកម្ម។

 

 

ប៉ូលិសFBIតាមប្រមាញ់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់សមាជិកសភាអាម៉េរិក REUTERS - Ellen Schmidt

 

ពលរដ្ឋអាម៉េរិក​ភ្ញាក់ផ្អើល និងរន្ធត់ខ្លាំង បន្ទាប់ពីលឺដំណឹងថា សមាជិកសភាអាម៉េរិកពីររូប​ក្នុងរដ្ឋ​មីនីសូតា​ត្រូវ​ខ្មាន់កាំភ្លើង​ចូលបាញ់សម្លាប់​ កាលពី​ពាក់កណ្តាលអាធ្រាត្រយប់​ថ្ងៃសុក្រ​ឈាន​ចូលដល់​ថ្ងៃសៅរ៍ទី ១៤​មិថុនា។

TTN-Free-Banner-In-Article-PC

យោងតាម ប៉ូលិស​ក្នុង​រដ្ឋ​មីនីសូតា នៅវេលា​ម៉ោង​ប្រមាណពីរ យប់ ថ្ងៃសុក្រ ប៉ូលិស​បានទទួល​ទូរស័ព្ទ​ថា មានសំឡេងផ្ទុះអាវុធ​នៅ​ជាយក្រុង​Champlin។ ពេលទៅដល់​កន្លែងកើតហេតុដែលជា​គេហដ្ឋាន​របស់ជនរងគ្រោះ គេឃើញសមាជិកព្រឹទ្ធសភានៅរដ្ឋមីនីសូតា គឺ​លោក John Hoffman និង​ភរិយា​រងរបួស​ធ្ងន់ដោយគ្រាប់កាំភ្លើង។ អ្នកទាំងពីរ​ត្រូវ​បានដឹកទៅ​សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ដោយបារម្ភពីសុវត្ថិភាព​របស់​អ្នកនយោបាយ​​ ប៉ូលិស​បានបើករថយន្ត​ត្រួតសន្តិសុខ​នៅ​ទីក្រុង​ជិតខាង Brooklyn Park ដែលមានផ្ទះរបស់​​អ្នកនយោបាយ​ម្នាក់ទៀតមកពីបក្ស​ប្រជាធិបតេយ្យ​។ ប៉ុន្តែ នៅពេលជិត​ទៅដល់​គេហដ្ឋាន​​​របស់​លោកស្រី Melissa Hortman សមាជិកសភាអ្នកតំណាងរាស្រ្ត​ ប្រចាំរដ្ឋមីនីសូតា ប៉ូលិស​បានប្រទះឃើញ​រថយន្ត​ស្រដៀង​គ្នា​នឹង​រថយន្តប៉ូលិសចតនៅមុខផ្ទះ។ ភ្លាមៗ ប៉ូលិស​បាញ់តទល់​នឹង​ឃាតករដែលទើប​ដើរចេញពីផ្ទះ​របស់​សមាជិកសភា។ បន្ទាប់ពីបាញ់គ្នា​មួយប្រាវ ខ្មាន់កាំភ្លើង​អាច​គេចរត់រួចខ្លួន​ដោយ​ថ្មើរជើង។ នៅពេល​ប៉ូលិស​ចូលដល់​ក្នុងផ្ទះ គេឃើញ សមាជិកសភា​មកពីបក្ស​ប្រជាធិបតេយ្យគឺ​លោកស្រី Melissa Hortman និង​ស្វាមី​ត្រូវ​ខ្មាន់កាំភ្លើងបាញ់​ ស្លាប់​ក្នុង​ថ្លុកឈាម។

នៅក្រោយ​សោកនាដកម្ម​​ ​អភិបាល​រដ្ឋ​មីនីសូតា​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ស្ថានភាព​អាសន្ន និង​កាន់ទុក្ខ​ចំពោះសមាជិកសភា​ Melissa Hortman។ នៅក្នុង​សន្និសីទកាសែត​ កាលពីថ្ងៃសៅរ៍ អភិបាល​រដ្ឋមីនីសូតា លោក​Tim Walz​បានចាត់ទុក​ឃាតកម្ម​សម្លាប់​សមាជិកសភាអ្នកតំណាងរាស្រ្ត​ថា ជារឿងនយោបាយ ព្រោះថា ជនរងគ្រោះ​ជាសមាជិក​លេចធ្លោរបស់​បក្ស​ប្រជាធិបតេយ្យ។ ក្នុងមុខងារជាសមាជិកសភាអ្នកតំណាងរាស្រ្ត​នៅរដ្ឋ​មីនីសូតា លោក​ស្រី Melissa Hortmanធ្លាប់​​តវ៉ាយ៉ាងសកម្ម​ឲ្យគេកំណត់ការប្រើប្រាស់អាវុធ ការពារ​បរិស្ថាន និង​សិទ្ធិស្រ្តី ជាពិសេស​សិទ្ធិរំលូតកូន។

តាំងពីព្រឹកថ្ងៃសៅរ៍ទី​១៤មិថុនា ប៉ូលិស​អាម៉េរិក​បាន​តាម​ប្រមាញ់ខ្មាន់កាំភ្លើង ដែល​កំពុង​រត់គេចខ្លួន ប៉ុន្តែ ដែល​ត្រូវ​​ប៉ូលិស​កំណត់​អត្តសញ្ញាណ​ថា មានឈ្មោះ Vance Luther Boelter អាយុ​៥៧ឆ្នាំ។ ប៉ូលិស​ FBIប្រកាស​ផ្តល់រង្វាន់​៥ម៉ឺនដុល្លារចំពោះអ្នកផ្តល់​ព័ត៌មាន​ឲ្យចាប់ជនសង្ស័យ និងអំពាវនាវ​ឲ្យប្រយ័ត្នប្រយែង ព្រោះថា ជនសង្ស័យ​ស្លៀកពាក់​បន្លំខ្លួនជាប៉ូលិសនៅពេល​ចូលទៅបាញ់សម្លាប់សមាជិកសភា។ ម្យ៉ាង រូបភាពកាមេរ៉ា​សុវត្ថិភាព​ បង្ហាញ​ជនសង្ស័យ​ពាក់មួកCowboy​នៅក្នុង​ទីក្រុងមីនៀរប៉ូលី នៅក្រោយ​រត់គេចខ្លួនពី​ទីក្រុង​កើតហេតុ Brooklyn Park។

បើតាម​ការចុះផ្សាយ​របស់​កាសែត​អាម៉េរិក ខ្មាន់កាំភ្លើង​ធ្លាប់​ធ្វើការនៅ​នាយកដ្ឋាន​ការងារ​ដែលផ្តោតសំខាន់​លើ​ការធ្វើអាជីវកម្ម​ ជំនួញ​នៅក្នុងរដ្ឋ​មីនីសូតា និង​ជា​ប្រធាន​ក្រុមល្បាត​របស់​ក្រុមហ៊ុន​សន្តិសុខឯកជន​មួយដែលមាន​ប្រពន្ធជា​ថៅកែ។ ប៉ូលិសនៅមិនទាន់​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ Vance Luther Boelterលើកដៃបាញ់សម្លាប់​សមាជិក​សភា​នៅឡើយទេ ប៉ុន្តែ នៅក្នុង​រថយន្ត​របស់​ជនសង្ស័យដែល​ប៉ូលិស​រឹបអូស​បាន​នៅកន្លែងកើតហេតុ គេឃើញ​ក្រដាសផ្សាយបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោកដូណាល់ ត្រាំជាច្រើនសន្លឹក ព្រមទាំង​បញ្ជីឈ្មោះអ្នកនយោបាយ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជាង​៧០នាក់ ដែលនៅក្នុងនោះមានតាំងអ្នកការពារសិទ្ធិរំលូតកូន គ្រូពេទ្យ និងអ្នកនយោបាយមកពីបក្ស​ប្រជាធិបតេយ្យ។

ទោះមានការអំពាវនាវ​ពី​អាជ្ញាធរ​ឲ្យ​ផ្អាក​លុបចោល​បាតុកម្ម​ ដែលអាច​ជាផ្ទាំងស៊ីបវាយប្រហារ​របស់ខ្មាន់កាំភ្លើង មនុស្ស​​រាប់រយនាក់​នៅតែ​បន្តរៀបចំ​បាតុកម្ម នៅ​ទីក្រុង​មីនៀរប៉ូលី ក្នុង​រដ្ឋមីនីសូតា។ បាតុកម្ម​នៅ​មីនីសូតា ស្ថិតក្នុង​ចំណោម​បាតុកម្ម​ជាង​២០០០នៅទូទាំងសហរដ្ឋអាម៉េរិក ដែលត្រូវ​បាន​រៀបចំ​យ៉ាងភ្លូកទឹក ភ្លូកដី​ ប្រឆាំង​រដ្ឋាភិបាល​លោកដូណាល់​ត្រាំ ក្រោម​ប្រធានបទ អាម៉េរិក គ្មានស្តេចទេ។

ឆ្លើយទៅនឹង​សំណួ​របស់អ្នកកាសែត នៅក្រោយ ឃាតកម្មលើ​សមាជិកសភា​មកពីបក្ស​ប្រជាធិបតេ្យ លោកប្រធានាធិបតីដូណាល់​ត្រាំដែលកំពុង​ធ្វើដំណើរ​ទៅចូលរួម​នៅក្នុង​ព្យុហយាត្រា​កងទ័ព​នៅថ្ងៃ​សៅរ៍ទី​១៤​មិថុនា បាននិយាយ​ថ្កោលទោស​អំពើហិង្សា​នយោបាយ និង​ថា វាជារឿងដ៏អាក្រក់បំផុត។ លោកដូណាល់ត្រាំ​ផ្ទាល់​ធ្លាប់​ត្រូវ​បាន​ខ្មាន់កាំភ្លើង​លបបាញ់សម្លាប់​យ៉ាងតិច​២ដង នៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ​២០២៤។

ឃាតកម្ម​សម្លាប់​សមាជិកសភាអាម៉េរិក បានធ្វើឲ្យគេចោទសួរ ពីបញ្ហាសន្តិសុខ និង​សុវត្ថិភាពនៅក្នុងប្រទេសមួយដែលច្បាប់​អនុញ្ញាតឲ្យគេកាន់កាប់អាវុធដោយសេរី។ អ្នកជំនាញវាយតម្លៃថា នៅក្នុង​បរិបទដែលអាម៉េរិកកំពុង​បែកបាក់គ្នាជាពីរក្រុម ពីរប៉ូល ច្បាប់កាន់កាប់អាវុធ​នឹង​ធ្វើឲ្យ​អាម៉េរិក​ប្រឈមកាន់តែខ្លាំង​នឹង​អំពើហិង្សា​នយោបាយ៕


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other