- ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១:២៩ នាទី រសៀល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍លើយានយន្តគ្រប់ប្រភេទ ដែលធ្វើ ដំណើរពីតំបន់កោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យជាបណ្ដោះអាសន្ន ដើម្បីប្រារព្ធពិធី ព្យុហយាត្រាសាមគ្គីភាព (Solidarity March) នៅថ្ងៃទី១៨ មិថុនា។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបញ្ជាក់បន្ថែមថា ការបញ្ចៀសចរាចរណ៍នេះ នឹងចាប់ផ្ដើមពីម៉ោង៥ព្រឹក ដល់ចប់កម្មវិធី។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការជួបជុំសម្រាប់ពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះ នឹងធ្វើឡើងនៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ។
ព្យុហយាត្រាសាមគ្គីភាពនេះ រៀបចំឡើងដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខណ្ឌខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ។
ដើម្បីឱ្យពិធីព្យុហយាត្រាសាមគ្គីភាពនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ដែលធ្វើដំណើរតាមតម្រាយផ្លូវក្បួនព្យុហយាត្រា ចេញពីទីធ្លាមុខសាលមហោស្រពកោះពេជ្រ ឆ្លងកាត់តាមស្ពាននាគភ្លោះ រួចបន្តតាមកំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត រហូតដល់រង្វង់មូលវិមានឯករាជ្យ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសពីការរៀបចំ ក្បួនព្យុហយាត្រានេះ កាលពីថ្ងៃទី១៥មិថុនា ហើយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងពិធីនេះឱ្យបានកុះករ ដើម្បីបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី។
«ខ្ញុំជឿជាក់ថា ទឹកចិត្តស្មារតីរបស់ប្រជាពលរដ្ឋយើងចង់បង្ហាញ គឺមានគ្រប់ទីកន្លែងគ្រាន់តែខ្វះកម្មវិធី។ ដូច្នេះថ្ងៃទី១៨ ខាងមុខនេះ ប្រសិនជាយើងមានទឹកចិត្ត ឆន្ទៈ មានក្ដីស្រឡាញ់ មានភាពជឿជាក់ ចង់បង្ហាញថាយើងម្នាក់ៗ ពិតជាមានការរួមចំណែក គាំទ្ររាជរដ្ឋាភិបាល គាំទ្រទៅលើកងកម្លាំងជួរមុខ មកជួបជុំគ្នា នៅថ្ងៃទី១៨ មិថុនា។»។ លោក ហ៊ុន ម៉ានី ថ្លែងដូច្នេះ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
