អ៊ុយក្រែន​និងរុស្ស៊ី ដោះដូរ​​ឈ្លើយ​សឹក​​និងសព​ទាហាន ៤លើក​ ក្នុង​​១សប្តាហ៍
  • ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៤៤ នាទី រសៀល
អ៊ុយក្រែន​និងរុស្ស៊ី ដោះដូរ​​ឈ្លើយ​សឹក​​និងសព​ទាហាន ៤លើក​ ក្នុង​​១សប្តាហ៍
សប្តាហ៍ទី២ នៃខែមិថុនា រុស្ស៊ីនិងអ៊ុយក្រែនដោះដូរឈ្លើយសឹក និងសាកសពទាហាន ចំនួន ៤លើក។ via REUTERS - SECURITY SERVICE OF UKRAINE

ក្នុង​១សប្តាហ៍កន្លងទៅ​​នេះ អ៊ុយក្រែន និង រុស្ស៊ី បា​នដោះ​ដូរ​អ្នក​ទោស និង​សាកសព​ទាហាន ចំនួន ៤ ដង​។ ភាគី​អ៊ុយក្រែន បាន​ទទួល​ខ្មោចទាហាន ក្នុងម្តងៗ ជាង​១ ២០០ នាក់​ ហើយ​ជាសរុប ជិត​ ៥ ពាន់​សាកសព។ ចំណែក រុស្ស៊ី គ្មាន​បង្ហាញ​តួលេខទេ ព្រោះ​ម៉ូស្គូ​ចាត់ទុក​ជា​ការ​សម្ងាត់​ជាតិ​។

TTN-Free-Banner-In-Article-PC

គ្រាន់តែ​ក្នុងសប្តាហ៍​ទី ២ នៃ ខែ​មិថុនា​​ ឆ្នាំ២០២៥  រុស្ស៊ី​និង​អ៊ុយក្រែនបានដោះ​​ដូរ​ឈ្លើយ​សឹក​និង​សាក​សពទាហាន ចំនួន ៤ លើក។  អាជ្ញាធរ​អ៊ុយក្រែន ដែល​ទទួល​បន្ទុក​សម្របសម្រួល​ដោះដូរ​ឈ្លើយ​សឹក​និង​សាកសព​ទាហាន បា​នបញ្ជាក់ថា អ៊ុយក្រែន បាន​ទទួល​សាកសព សរុបចំនួន ៤ ៨១២ នាក់​។ ពោល​គឺ ថ្ងៃអាទិត្យ ជាង១២០០នាក់​ ថ្ងៃ​សៅរ៍ ជាង១២០០នាក់ ថ្ងៃ​សុក្រ ជាង១២០០នាក់ និង ថ្ងៃពុធ ​១២១២នាក់។ ​

ភាគី​រុស្ស៊ីវិញ វិមាន​ក្រេមឡាំង​ បាន​ប្រកាស​តែ​ម្តង​ប៉ុណ្ណោះ ថា​ រុស្ស៊ី​បាន​ទទួលសព​ទាហានរុស្ស៊ី ចំនួន​ ២៧នាក់ ​កាលពី​ថ្ងៃពុធ ទី​១១មិថុនា។ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ គ្មា​ន​ទម្លាយ​​ព័ត៌មាន​បន្ថែម​​ពីចំនួន​ឈ្លើយ​សឹក​និង​សាកសព​ទាហាន​រុស្ស៊ី ដែល​ទទួល​បាន​ជាបន្តបន្ទាប់ ​សម្រាប់​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ។ ត្រង់​ចំណុច​នេះ ទំនង​ជាការ​ធម្មតា ដែល​​រដ្ឋអំណាច​ក្រុង​ម៉ូស្គូ​ចង់​បំបិទ​ព័ត៌មាន។ ចូរកុំ​ភ្លេច​ថា តាំងពី​ផ្ទុះ​សង្គ្រាម​ឈ្លាន​ពាន​លើអ៊ុយក្រែន រយៈពេលជាង​៣ឆ្នាំ​មក រុស្ស៊ី​តែងតែ​ប្រុងប្រយ័ត្ន​ណាស់​ចំពោះ​ចំនួន​យោធា​ និង​ការ​បាត់បង់​ជីវិតទាហាន​ ហើយ​រុស្ស៊ី​ក៏​ចាត់ទុកតួលេខទាំង​​នេះ ជា​ការ​សម្ងាត់​របស់​ជាតិ​​។​ ជាក់ស្តែង ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​​រុស្ស៊ី TASS បាន​ផ្សាយថា អ៊ុយក្រែន​គ្មាន​បាន​ប្រគល់​សព​ទាហានរុស្ស៊ី​ទេ នៅ​ថ្ងៃអាទិត្យ ទី​១៥មិថុនា។​

តែយ៉ាងណាក៏ដោយ ចំពោះរុស្ស៊ី ការដោះដូរ​ឈ្លើយសង្គ្រាម​និងខ្មោចទាហាន ពីពេល​ថ្មីៗនេះ ឋិត​ក្រោម​ការ​សម្រុះ​សម្រួល​របស់​ប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ​។ តាំងពី​លោក ​ត្រាំ​ ឡើង​កាន់អំណាច​ជាថ្មី​នៅវ៉ាស៊ីន​តោន​ សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​បាន​ខិតជិតគ្នា ហើយ​ប្រធានាធិ​បតី​ទាំង២​​​បាន​ហៅទូរស័​ព្ទ​រក​គ្នា ជាផ្លូវការ​ ចំនួន ៥​ ដង​ ​រួច​មកហើយ។

ក្នុង​កិច្ចសន្ទនាតាម​ទូរស័ព្ទ កាល​ពី​​ថ្ងៃសៅរ៍ ទី​១៤មិថុនា ​ប្រធានាធិបតីរុស្ស៊ី​ វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់​ប្រាប់​​​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាការ​ដោះដូរ​អ្នក​ទោស​និង​សាក​សព​​ទាហានជាច្រើន​លើក​មក​នេះ អនុលោម​ទៅតាម​លក្ខខណ្ឌ​ចែងនៅក្នុង​​​កិច្ចព្រមព្រៀង​រវាង​​រុស្ស៊ី​និង​អ៊ុយក្រែន ដែលភាគី​ទាំង២​​បាន​ចុះហត្ថលេខា​នៅ​ក្រុង​អ៊ីស្តង់​ប៊ូល ប្រទេស​តួកគី កាលពីថ្ងៃទី​២ ដើមខែមិថុនា។​ ថ្លែង​ទៅកាន់​សមភាគី​អាមេរិក ចៅហ្វាយ​វិមាន​ក្រេមឡាំង​ ថែមទាំង​អះអាង​ថា រុស្ស៊ីបាន​​ត្រៀម​ខ្លួនជាស្រេច​សម្រាប់​កិច្ចចរចា​ជំហាន​បន្ទាប់​។​ ជំនួប​ចរចា​បន្ទាប់ គ្រោង​ធ្វើ​​នៅថ្ងៃទី​២២មិថុនា​ខាងមុខ ដែល​លោក ដូណាល់ ត្រាំ បាន​ត្រួសត្រាយ​ផ្លូវថា​ដើម្បី​បិទបញ្ចប់​ភ្លើង​សង្គ្រាម​ឲ្យ​បាន​ឆាប់។

ក្រៅពី​ការ​ដោះដូរ​អ្ន​កទោស​និង​សាកសពទាហាន​ កិច្ច​ចរចាសន្តិភាព​​ដែល​ឋិត​ក្រោម​សម្ពាធ​ក្រុង​វ៉ាស៊ីនតោន​​ ហាក់​ដូច​ជា​មិនសូវ​ជឿនលឿន​ទៅមុខ ឬ​គ្មាន​​សម្រេច​​ផ្លែផ្កែសោះ​។ ជាក់ស្តែ​ង សូម្បីតែបទ​ឈប់​បាញ់ ក៏​គ្មាន ពីព្រោះថា ការ​បាញ់​ប្លោង​ដាក់​គ្នា នៅតែ​បន្ត​ជាហូរហែ។​

ជុំវិញ​ការ​ទាមទារ​របស់​រុស្ស៊ី​វិញ ជាថ្មីម្តងទៀត ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយអ្វីទេ ក្នុង​សន្និសីទ​សារព័ត៌មាន​​ កាលពីថ្ងៃសៅរ៍ ទី១៤មិថុនា។ គួររម្លឹក​ថា រុស្ស៊ី​ទាមទារតំបន់​ខេត្តក្រុង​ទាំង​៤​ដែល​ខ្លួន​កំពុង​តែ​កាន់​កាប់ និង​ទឹកដី​ដែលបាន​ដាក់​ចូល​ឧបសម្ព័ន្ធ​រុស្ស៊ី​ ហើយ​ហាម​កុំឲ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​សម្ព័ន្ធយោធា​អូតង់។​ ក្រៅ​ពី​មិនឆ្លើយ​នឹងការ​ទាមទាររបស់រុស្ស៊ី​​ លោក ហ្សេឡេនស្គី បែរ​ជា​ស្តីបន្ទោស​ដោយ​ចោទប្រកាន់​ថា រុស្ស៊ី​គ្រាន់តែ​ចង់​កេង​ចំណេញ​ពេលវេលា​តែប៉ុណ្ណោះ​ ដ្បិត​រុស្ស៊ី​អាង​ថា​ខ្លួន​មា​​ន​កងទ័ព​​​និងគ្រឿង​សព្វាវុធ​ច្រើន​ ហើយ​ចេះតែ​រំកិល​ខិត​ចូល​ដី​អ៊ុយក្រែន​ នៅ​ប៉ែក​ខាងកើត​​ ឥត​ដាច់​រយៈ៕

ដោយ៖ហេង ឧត្តម/RFI ខេមរភាសា


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other