អ្វីទៅជា​គោលដៅ​របស់អ៊ីស្រាអែល នៅក្នុង​សង្រ្គាមវាយប្រហារលើអ៊ីរ៉ង់​ពេលនេះ?
  • ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
អ្វីទៅជា​គោលដៅ​របស់អ៊ីស្រាអែល នៅក្នុង​សង្រ្គាមវាយប្រហារលើអ៊ីរ៉ង់​ពេលនេះ?
អ្វីទៅជា​គោលដៅ​របស់អ៊ីស្រាអែល នៅក្នុង​សង្រ្គាមវាយប្រហារលើអ៊ីរ៉ង់​ពេលនេះ? via REUTERS - Majid Asgaripour

ដោយអះអាងជាឯកតោភាគីថា អ៊ីរ៉ង់មានសមត្ថភាពជិតអាច​ផលិត​អាវុធ​នុយក្លេអ៊ែរដែលគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ៊ីស្រាអែល ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​បើកការវាយប្រហារទៅលើ​អ៊ីរ៉ង់ ដោយសំដៅ​លើ​ទីតាំង​កម្មវិធីនុយក្លេអ៊ែរ និងមូលដ្ឋានយោធាសំខាន់ៗ​របស់​អ៊ីរ៉ង់។ ទោះអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​វាយបកសងសឹកមកវិញ ក៏នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូនៅតែពើងទ្រូង និង​សន្យា​កាលពីថ្ងៃអាទិត្យទី ១៥​មិថុនាថា នឹង​ដាក់​ទោស​ធ្ងន់ធ្ងរលើអ៊ីរ៉ង់ បើសិន​មីស៊ីលរបស់អ៊ីរ៉ង់​សម្លាប់ជីវិត​ប្រជាជនស៊ីវិល​អ៊ីស្រាអែល។ ហេតុអ្វី​អ៊ីស្រាអែល​សម្រេច​ចិត្ត​ចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់​នៅពេល​​នេះ?

TTN-Free-Banner-In-Article-PC

នៅយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី ១៣​មិថុនា អ៊ីស្រាអែល​បាន​បញ្ជូន​យន្តហោះចម្បាំង​ជាង​២០០គ្រឿង​ទៅវាយប្រហារ​លើ​មូលដ្ឋានទ័ពអាកាស និង​ទីតាំង​នុយក្លេអ៊ែរ​ជាច្រើន​កន្លែង​នៅទូទាំង​ប្រទេសអ៊ីរ៉ង់ នៅក្រោម​ហេតុផល​​ការពារ​ខ្លួន ព្រោះថា អ៊ីរ៉ង់​ជិតបានសម្រេចគោលដៅក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​គំរាមកំហែង​អាយុជីវិត​របស់​អ៊ីស្រាអែល។

អ៊ីស្រាអែលនៅ​អះអាងថា ខ្លួន​មាន​ភស្តុតាង​ដែលបង្ហាញថា អ៊ីរ៉ង់​មាន​សមត្ថភាព​ជិត​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ យ៉ាងយូរ​នៅ​ប៉ុន្មាន​ខែខាងមុខ។ ប៉ុន្តែ នេះគ្រាន់តែ​ជា​ការលើកឡើងជាឯកតោភាគី ​របស់​អ៊ីស្រាអែល។ អ៊ីរ៉ង់វិញ​​បាន​បដិសេធទាត់ចោលការចោទប្រកាន់ រហូតតមក។ ​ចំណែក​ ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ​AIEA ក៏បាន​បញ្ជាក់ដែរថា អ៊ីរ៉ង់សព្វថ្ងៃ​អាច​ចម្រើន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ត្រឹម​៦០% ពោលគឺ​មិនគ្រប់គ្រាន់​ដើម្បីអាចផលិត​អាវុធ​នុយក្លេអ៊ែរ​នៅឡើយទេ។

ការវាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​ក្នុងទឹកដីអ៊ីរ៉ង់ គ្រាន់តែ​ជាលេសមួយប៉ុណ្ណោះរបស់អ៊ីស្រាអែល​ដើម្បី​បង្កាត់ភ្លើងសង្រ្គាម​ជាមួយអ៊ីរ៉ង់។ ជាក់ស្តែង រោងចក្រ​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់​ដែល​មួយចំនួន​ស្ថិតនៅក្រោមដី​ក្នុងជម្រៅ​ដ៏សែនជ្រៅ​ដល់​ទៅ ៨០០ម៉ែត្រ មិនត្រូវ​បំផ្លាញ​ខូចខាតធំដុំដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​​។ បើសិន​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​មិនមែនជា​គោលដៅបំផ្លាញរបស់ខ្លួន តើ​អ៊ីស្រាអែល​មានហេតុផលអ្វីដែលត្រូវ​ប្រកាស​ធ្វើសង្រ្គាមនឹង​​អ៊ីរ៉ង់ ដែលជា​ប្រទេស​ដ៏ធំមានឥទ្ធិពលជាងគេនៅក្នុងតំបន់ ​នៅពេល​នេះ?

មហិច្ឆតា​ចង់​បាន​របស់អ៊ីស្រាអែល​បាន​ស្តែង​ចេញ​យ៉ាងច្បាស់​នៅក្នុងសារ​របស់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។ ក្រៅតែពីអួតសរសើរ​ប្រតិបត្តិការដ៏ជោគជ័យ​របស់​កងទ័ពជើងអាកាស​របស់អ៊ីស្រាអែល ប្រមុខដឹកនាំ​រដ្ឋាភិបាលអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ​បាននិយាយ​ថា លោកសង្ឃឹម ថា ការបន្តប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​ទឹកដីអ៊ីរ៉ង់​នឹង​ជួយបើកផ្លូវ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​ឈាន​ទៅ​សម្រេចក្តីប្រាថ្នា​របស់ពួកគេ នោះគឺការទាមទារ​​​សិទ្ធិសេរីភាព​។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលចង់​ឲ្យមានការផ្លាស់ប្តូរ​របបដឹកនាំ​នៅអ៊ីរ៉ង់ ព្រោះថា ចាប់តាំង​ពីកកើតឡើង​ដោយសារ​បដិវត្តអ៊ីស្លាម​ របបដឹកនាំ​អ៊ីស្លាម​បាន​គំរាមជាប់ជានិច្ចថា នឹង​បំផ្លាញ ​លុប​អ៊ីស្រាអែល​ចេញពីផែនទីពិភពលោក។ ពាក្យគំរាមនេះ​បាន​ដក់ជាប់​ក្នុង​ការចងចាំ​របស់​ប្រជាជន​អ៊ីស្រាអែល។

ដូច្នេះ ចំពោះ​ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល នេះជាវេលា​ដ៏ប្រពៃ​ដែលអ៊ីស្រាអែលត្រូវតែបើកការ​វាយប្រហារ ដើម្បី​ឈានទៅផ្តួលរំលំអំណាច​របស់​របបដឹកនាំ​អ៊ីស្លាម​នៅ​អ៊ីរ៉ង់។ ម្យ៉ាង​នេះ​ក៏អាច​ជាផ្នែកមួយ​នៃ​ផែនការ​យុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែលដែរ។ អ្វីៗចាប់ផ្តើម​ជាមួយ​សង្រ្គាម​ហ្កាហ្សា នៅពេល​អ៊ីស្រាអែល​ចាប់វាយប្រហារ​លើ​ក្រុមហាម៉ាស​ប៉ាឡេស្ទីនដែល​ទទួល​ជំនួយ​យោធា​ពីអ៊ីរ៉ង់។ 

បន្ទាប់ពី​បំបាក់កម្លាំង​​ហាម៉ាសឲ្យរាបដល់​ដី​ ដូច​អគារបាក់រលំដោយសារ​តែ​ការសង្រ្គាមវាយប្រហារ​ជាង​១ឆ្នាំ អ៊ីស្រាអែលនៅ​ខែ​កញ្ញាឆ្នាំ ២០២៤ ចាប់​ងាក​ទៅវាយប្រហារ​ចលនា​ហេសបូឡា​ដែល​ជា​កូនចៅម្នាក់​ទៀត​របស់​​ឲ្យអ៊ីរ៉ង់ នៅ​លីបង់។ មាន​បច្ចេកវិទ្យា​និង​សមត្ថភាពខ្លាំងពូកែ​ខាង​ផ្នែកចារកម្ម អ៊ីស្រាអែល​បាន​ដៅ​សម្លាប់​គ្មាន​សល់​មេបញ្ជាការ និង​ថ្នាក់ដឹកនាំនយោបាយ​របស់​ក្រុមហេសបូឡាលីបង់។ សព្វថ្ងៃនេះ ចលនា​ហេសបូឡា​ដែល​អ៊ីរ៉ង់​លួចចិញ្ចឹម​ ផ្តល់ជំនួយ​យោធា​និងហិរញ្ញវត្ថុ ត្រូវ​ចុះទ្រោមគ្មាន​សមត្ថភាព​យោធា​ដើម្បីបាញ់រ៉ូក្កែត​គំរាមអ៊ីស្រាអែល។

ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​ហេសបូឡាលីបង់ បានធ្វើ​ឲ្យ​រណសិរ្ស​ប្រឆាំង​អ៊ីស្រាអែល​ដែល​អ៊ីរ៉ង់ចាប់បណ្តុះ​ដាក់នៅប្រទេស​ជុំវិញ​អ៊ីស្រាអែល​ ​​ចាប់ចុះខ្សោយជាបន្តបន្ទាប់។ កងកម្លាំងប្រដាប់អាវុធនៅអ៊ីរ៉ាក់​ដែលធ្លាប់​ប្រកាស​ស្ម័គ្រ​គាំទ្រ​អ៊ីរ៉ង់​បាន​ប្រកាស​ទម្លាក់អាវុធ។ នៅស៊ីរីឯណោះវិញ ការចុះខ្សោយកម្លាំង​របស់​ចលនា​ហេសបូឡាលីបង់​បានធ្វើ​ឲ្យ​កងទ័ពស៊ីរី​របស់​របបបាស្ហាអាល់អាសាដបាត់បង់​ជំនួយ​ គ្មានកម្លាំង​ប្រយុទ្ធតទល់​នឹង​ក្រុម​ប្រឆាំង​។ ការដួលរលំរបបបាស្ហាអាល់អាសាដ​នៅស៊ីរី​ដែលជា​សម្ព័ន្ធមិត្ត ជា​ដំណឹងអាក្រក់​មួយទៀត​ ព្រោះថា អ៊ីរ៉ង់នឹង​លែងមានសិទ្ធិ​ប្រើ​ទឹកដី​ស៊ីរីដើម្បី​អាច​វាយប្រហារ​ទៅលើ​អ៊ីស្រាអែល។

ក្រៅតែ​ពីបំបាក់​ធ្មុង​របស់អ៊ីរ៉ង់ តាមរយៈ​ការវាយប្រហារ​កូនចៅ​របស់​អ៊ីរ៉ង់ម្តងមួយៗ ​ឲ្យ​រាបដល់​ដី ដូចជា​សម្លាប់​មេដឹកនាំ​របស់​ចលនា​ហាម៉ាស ហេសបូឡា​នៅលីបង់ អ៊ីស្រាអែល​​បាន​បំបាក់​​សមត្ថភាពប្រព័ន្ធការពារ​ដែនអាកាស​របស់​អ៊ីរ៉ង់ដល់ទៅ​២លើក។ ជាក់ស្តែង នៅពេល​អ៊ីរ៉ង់​សងសឹក​នឹង​អ៊ីស្រាអែលដែលបាញ់មីស៊ីល​បំផ្លាញស្ថានទូត​អ៊ីរ៉ង់​នៅ ស៊ីរី អ៊ីស្រាអែល​បាន​វាយបកវិញ ដោយ​បញ្ជូនយន្តហោះទៅ​ទម្លាក់គ្រាប់បំផ្លាញ​មូលដ្ឋានទ័ពអាកាស​របស់អ៊ីរ៉ង់ និង​ទីតាំង​ស្តុកមីស៊ីល​ជាច្រើន​កន្លែង​របស់អ៊ីរ៉ង់។

ឆ្លៀត​ដែល​អ៊ីរ៉ង់​ចុះខ្សោយ​កម្លាំងជាពិសេស​ផ្នែក​ការវាយប្រហារ​តាមផ្លូវអាកាស អ៊ីស្រាអែល​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅទម្លាក់គ្រាប់​លើ​មូលដ្ឋានយោធា និង​សម្លាប់​បាន​មេបញ្ជាការគ្រាក់ៗ​របស់​អ៊ីរ៉ង់ជាច្រើននាក់ ​ដែលនៅក្នុងនោះមានផងដែរ មេទ័ពរបស់​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។ អ៊ីស្រាអែល​វាយបំបាក់​ឆ្មាំបដិវត្តន៍ដែលជា​សសរទ្រូង​ការពារ​របបអ៊ីស្លាម​​។ ទោះត្រូវ​រងមីស៊ីលរបស់អ៊ីរ៉ង់រាប់រយដើម អ៊ីស្រាអែល​ដែលគ្របការពារ​ដំបូល​ប្រព័ន្ធខែលមីស៊ីល និង​មាន​សព្វាវុធ​អាមេរិក​ស្តុកទុកក្នុងដៃយ៉ាងក្រាសក្រែល មិនរាថយ​ក្នុងការបន្តធ្វើសង្រ្គាម​ រហូតធ្វើឲ្យ​របបដឹកនាំអ៊ីស្លាម​ចុះទន់ខ្សោយ លែង​អាច​មាន​កម្លាំងបង្រ្កាប​ប្រជាជន​អ៊ីរ៉ង់​ដែលចង់ក្រោកឈរទាមទារឲ្យផ្លាស់ប្តូររបបផ្តាច់ការ៕​

ដោយ៖ឈាង បុប្ផា/ RFI ខេមរភាសា


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other