សម្ដេច ហ៊ុន ម៉ាណែត៖ លិខិតកម្ពុជា ទៅដល់ដៃក្រឡាបញ្ជី ICJ ហើយ
  • ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៣២ នាទី ល្ងាច
សម្ដេច ហ៊ុន ម៉ាណែត៖ លិខិតកម្ពុជា ទៅដល់ដៃក្រឡាបញ្ជី ICJ ហើយ
លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់លិខិតដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់។ រូបពី STPM

ភ្នំពេញ៖ លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ បានប្រគល់លិខិតផ្លូវការរបស់កម្ពុជា ទៅលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា នេះ។ នេះបើតាម សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។
TTN-Free-Banner-In-Article-PC


សម្តេចនាយករដ្ឋមន្ត្រី ប្រកាសពីការទៅដល់នៃលិខិតរៀបចំបណ្តឹងរឿងបញ្ហាព្រំដែននៅតុលាការអន្តរជាតិក្រុងឡាអេ បន្ទាប់ពីទទួល បានរបាយការណ៍ពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បើតាមតាមសម្តេច លិខិតផ្លូវការនេះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយផ្លូវច្បាប់លើបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅដល់ដៃក្រឡាបញ្ជីនាម៉ោង ១១កន្លះព្រឹក។ 

ស្របពេលជាមួយគ្នានោះ សម្តេចក៏បញ្ជាក់សារឡើងវិញដែរ ពីជំហរឥតងាករេរបស់កម្ពុជាក្នុងការបន្តប្រើប្រាស់យន្តការច្បាប់អន្តរជាតិនេះ។

«កម្ពុជាមិនដកថយទេ ពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី»។ នាយករដ្ឋមន្ត្រី លើកឡើងដូច្នេះ។

សម្ដេចបន្តសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តធ្វើកិច្ចការនេះ ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី