ស.ស.យ.ក និងអាជ្ញាធរ ត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍ថ្មើរជើងថ្ងៃទី១៨ មិថុនាខាងមុខ
  • ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:១៤ នាទី យប់
ស.ស.យ.ក និងអាជ្ញាធរ ត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍ថ្មើរជើងថ្ងៃទី១៨ មិថុនាខាងមុខ

ភ្នំពេញ៖ នៅសល់២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ការធ្វើដំណើរថ្មើរជើង Solidarity March នឹងចាប់ផ្ដើម ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជន តាមរយៈការ បង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី។ ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមច្រើន មកពីទីតាំងផ្សេងៗគ្នា ចូលរួមដើរពីតំបន់កោះពេជ្រ ដល់វិមានឯករាជ្យ។
TTN-Free-Banner-In-Article-PC


នៅថ្ងៃទី១៨ មិថុនាខាងមុខ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីធ្វើដំណើរថ្មើរជើង Solidarity March។ គិតត្រឹមថ្ងៃទី១៦ មិថុនានេះ សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ទទួលមហាគ្រួសារខ្មែរ ដែលមានបំណងបង្ហាញសេចក្ដីស្រឡាញ់ និងស្នេហាជាតិមាតុភូមិ។ 

 លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ក្រុមការងាររៀបចំបានត្រៀមខ្លួនគ្រប់ជ្រុងជ្រោយទាំងផ្នែកចរាចរណ៍ និងលំហូរ ដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរ។ ប្រធានស.ស.យ.ក.រូបនេះ បញ្ជាក់ថា ព្រឹត្តិការណ៍នេះ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលជួបជុំគ្នានៅម៉ោង៥ព្រឹក និងចេញដំណើរនៅម៉ោង៧ព្រឹក។

តាមរយៈព្រឹត្តិការណ៍នេះ អាជ្ញាធររាជធានីភ្នំពេញ នឹងធានាសុវត្ថិភាព និងធ្វើយ៉ាងណាឱ្យកម្មវិធីបញ្ចប់ដោយរលូន និងរីករាយកក់ក្ដៅដល់អ្នកចូលរួម។ ការធ្វើដំណើរថ្មើរជើងនេះ ដើម្បីបង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ។ 

លើសពីនេះ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន និងបង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតីត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។

សូមបញ្ជាក់ថា កិច្ចប្រជុំនារសៀលថ្ងៃទី១៦ មិថុនានេះ មានការចូលរួមពីលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ច៕
អត្ថបទទាក់ទង




អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ញឹក ស្រីល័ក្ខ