- ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា ត្រូវទទួលភារកិច្ចជាប្រធានស្តីទីសហព័ន្ធគុនខ្មែរអន្តរជាតិ ស្របពេលលោក ខូវ ឆាយ ប្រធានសហព័ន្អកីឡាប្រដាល់គុនខ្មែរ ជាអគ្គលេខាធិការស្ដីទី។ តាមរយៈសេចក្តីប្រកាសរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ (KMIF) លោក វ៉ាត់ ចំរើន និង លោក ខូវ ឆាយ នឹងកាន់តំណែងនេះរហូតដល់ការរៀបចំមហាសន្និបាតវិសាមញ្ញឡើងវិញ ក្រោយអាណត្តទី៣ ឆ្នាំ ២០២៤២០-២៨។
ការប្រគល់តួនាទីសំខាន់ទាំងពីរនេះ KMIF ធ្វើឡើងក្នុងបំណងពង្រឹងសាមគ្គីភាពផ្ទៃក្នុងគុនខ្មែរឈានទៅលើឆាកអន្តរជាតិ ដើម្បីសម្រេចគោលដៅនាំគុនខ្មែរចូលក្នុងចលនាអូឡាំពិកឱ្យបានឆាប់។
កាលពីដើមខែមិថុនាកន្លងទៅ កម្ពុជា-រុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU) ស្តីពីសំណើសុំឱ្យកម្ពុជា ទទួលស្គាល់សហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្សី ជាសមាជិកគុនខ្មែរ និងល្បុក្កតោអន្ដរជាតិ។ ការស្នើរបស់រុស្ស៊ី សំដៅអភិវឌ្ឍក្បាច់គុនខ្មែរឲ្យកាន់តែខ្លាំង នៅប្រទេសរុស្ស៊ី។ ការចុះហត្ថលេខា MOU ត្រូវបានធ្វើឡើង រវាង លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក Konstantin Artyomov អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្ស៊ី។
ជាមួយនឹងការស្នើសុំអនុស្សរណៈយោគយល់ចូលជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ Artyomov ក៏ស្នើសុំការចូលជាសមាជិកសហព័ន្ធកីឡាគុនល្បុក្កតោដែរ។ អនុប្រធានសហព័ន្ធកីឡាគុនខ្មែររុស្ស៊ី បញ្ជាក់ថា ការចុះហត្ថលេខា MOU រវាងស្ថាប័នកីឡាកម្ពុជា និងរុស្ស៊ី បង្កើតការងាយស្រួលក្នុងការអភិវឌ្ឍវិស័យក្បាច់គុនខ្មែរ នៅប្រទេសរុស្ស៊ី ជាពិសេសក៏ទទួលបានការគាំទ្រពីក្រសួងកីឡាប្រទេសរុស្ស៊ីដែរ។ ជាក់ស្ដែង ការចុះMOU នេះ ក៏ត្រូវមានភាគីពាក់ព័ន្ធដូចជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ។
បច្ចុប្បន្ន សមាជិករបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ មានចំនួន ៧៥ប្រទេស៕
អ្នកសរសេរអត្ថបទ
