- ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១១:២៣ នាទី ព្រឹក

ក្បួនដង្ហែថ្មើរជើង «ព្យុហយាត្រាសាមគ្គីភាព» (Solidarity March) នាថ្ងៃទី១៨ មិថុនា ដែលទីតាំងចាប់ផ្ដើមពីមហោស្របកោះពេជ្យ មកបញ្ចប់នៅវិមានឯករាជ្យ មានអ្នកចូលរួមជាង ១៥ម៉ឺននាក់។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ អត្ដពលិក គ្រូបង្វឹក និងមន្ដ្រីតាមសហព័ន្ធកីឡាជាតិមួយចំនួន បានចូលរួមក្បួនដង្ហែនេះ ដើម្បីបង្ហាញពីការគាំទ្រដំណោះស្រាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្ដីស្រឡាញ់ដឹងគុណ ដល់កងទ័ពកម្ពុជា។
ក្បួនដង្ហែថ្មើរជើងរបស់ប្រជាជនកម្ពុជា ដែលចូលរួមផ្ទាល់ ជាង១៥ម៉ឺននាក់ និងប្រជាជន ដែលគាំទ្របានចែករំលែកការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ មិនបានបង្ហាញថាកម្ពុជា គាំទ្រចំពោះជម្លោះជាមួយប្រទេសជិតខាងទេ។ ប៉ុន្ដែ ការចូលរួមច្រើននេះ គឺជាការបង្ហាញពីការគាំទ្រ លើគោលជំហរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្ដិវិធី។ ម្យ៉ាងវិញទៀត ការចូលរួមនេះ ក៏ជាការបង្ហាញពីការលើកទឹកចិត្ត និងការដឹងគុណចំពោះកងកម្លាំង ដែលប្រចាំការការពារនៅតាមព្រំប្រទល់ ផងដែរ។ នេះ បើតាមការប្រាប់ពីអ្នកចូលរួម ដែលសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍បែបនេះ។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានប្រាប់សារព័ត៌ថ្មីៗតាមតេលេក្រាមថា មិនមាននរណាម្នាក់ គាំទ្រឲ្យមានសង្គ្រាមទេ ប៉ុន្ដែការចូលរួមរបស់ក្រុមកីឡាករ-កីឡាការិនី គឺបង្ហាញពីការគាំទ្រ លើដំណោះស្រាយរាជរដ្ឋាភិបាល ក្នុងការនាំយកបញ្ហាជាមួយប្រទេសជិតខាងទៅតុលាការអន្ដរជាតិ ICJ។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ការចូលរួមរបស់អត្ដពលិកប៉ារ៉ាឡាំពិក គឺដើម្បីបង្ហាញពីក្ដីស្រឡាញ់ ទៅកាន់កងកម្លាំងការពារព្រំដែន។
ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមក្បួនដង្ហែថ្មើរជើង Solidarity March
លោក យី វាសនា បាននិយាយប្រាប់ថា៖«យើងទាំងអស់គាំទ្រ នូវឆន្ទៈរបស់រាជរដ្ឋាភិបាល។ យើង គាំទ្រដែលសម្ដេច នាំយកបញ្ហានេះ ទៅតុលាការអន្ដរជាតិ (ICJ) ដើម្បីបញ្ចប់ទំនាស់ប្រទេស និងប្រទេស។ ខ្ញុំដឹកនាំក្រុមអត្ដពលិកប៉ារ៉ាឡាំពិកចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា សូមផ្ញើសារជូនបងប្អូនកងទ័ព្ធជួរមុខ។ បេះដូង យើងនៅខាងក្រោយ គឺនៅជាមួយបងៗជួរមុខជានិច្ច។ សង្គ្រាម នាំយើងឲ្យរើសអើងជាតិសាសន៍។ សង្គ្រាមនាំឲ្យបាត់បង់សេដ្ឋកិច្ចជាតិ។ សង្គ្រាម មិនឈ្នះ មិនចាញ់អូសបន្លាយពេលយូរអង្វែង ដែលធ្វើឲ្យក្លាយជាជំងឺរាំរ៉ៃមួយគួរឲ្យភ័យខ្លាចបំផុត។ យើងស្អប់សង្គ្រាមណាស់។ យើង មិនចង់ឃើញប្រជាពលរដ្ឋរើសអើងគ្នា មើលមុខគ្នាមិនត្រង់ទេ។ យើង មិនត្រូវរើសអើងជាតិសាសន៍ទេ»។
ប្រតិភូកីឡាគុនល្បុក្កតោ រូបពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
កញ្ញា ខៀវ ចិន្ដារ័ត្ន កីឡាគុនចម្រុះ បានប្រាប់ថា ក្បួនដង្ហែនេះ គឺជាពេលមួយ ដែលប្រជាពលរដ្ឋមកពីមជ្ឈដ្ឋាន ស្ថាប័នផ្សេងនានា បានបង្ហាញពីស្មារតីស្រឡាញ់ជាតិមាតុភូមិ និងការក្ដីស្រឡាញ់ទៅកាន់កងទ័ព។ កីឡាការិនីរូបនេះ ជឿថាជម្លោះព្រំដែននេះ នឹងដោះស្រាយបានដោយសន្ដិវិធី ដោយមិនចាំបាច់មានសង្គ្រាម។
«ក្បួនដង្ហែនេះ ជាឱកាសដែលប្រជាជន បានបង្ហាញពីទឹកចិត្តស្នេហាជាតិ។ យើង មានឱកាសបង្ហាថា ស្រឡាញ់ជាតិ ស្នេហាជាតិ គាំទ្រគោលនយោបាយរាជរដ្ឋាភិបាល និងការគាំទ្របងប្អូនៗ ដែលនៅការពារព្រំដែន។»។ ខៀវ ចិន្ដារ័ត្ន បាននិយាយដូច្នេះ។
ក្នុងក្បួនដង្ហែនេះ មានក្រុមកីឡាករ-កីឡាការិនី និងមន្ដ្រីកីឡាមួយចំនួនទៀត ចូលរួមក្នុងនាមជាប្រជាជនកម្ពុជា៕
ក្រុមកីឡាករ-កីឡាការិនី ក្លិបប្រដាល់ Cambodian Top Team


ក្បួនដង្ហែថ្មើរជើង Solidarity March
អ្នកសរសេរអត្ថបទ
