ផ្លូវជាតិលេខ៤៨ នៅកោះកុង ភ្ជាប់ទៅពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ត្រូវបានបញ្ចប់ការសាងសង់ហើយ
  • ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:២៩ នាទី រសៀល
ផ្លូវជាតិលេខ៤៨ នៅកោះកុង ភ្ជាប់ទៅពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ត្រូវបានបញ្ចប់ការសាងសង់ហើយ
គម្រោងផ្លូវជាតិលេខ៤៨នៅកោះកុង ភ្ជាប់ទៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ត្រូវបានបញ្ចប់ការសាងសង់។ រូបថត៖ MPWT

ភ្នំពេញ៖ គម្រោងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ប្រវែង១៤៨គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការសាងសង់ហើយ។ គម្រោងផ្លូវតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន នេះត្រូវបានសាងសង់ ឬស្ថាបនាឡើងក្រោមជំនួយរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងទំហំទឹកប្រាក់ប្រមាណ៧៨លានដុល្លារអាម៉េរិក។

TTN-Free-Banner-In-Article-PC


លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCIeng & KECC Joint Venture និងក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ចុះពិនិត្យគុណភាព និងបច្ចេកទេសលើការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដើម្បីធ្វើពិធីប្រគល់-ទទួល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។​

ការណ៍នេះ គឺពិនិត្យឡើងវិញគុណភាពនៃការសាងសង់ ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ជាដើម។  ក្នុងនោះ អ្នកបច្ចេកទេសបានពិនិត្យទៅលើកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) ធ្វើតេស្តជម្រាបទឹកលើស្រទាប់កៅស៊ូ និងពិនិត្យចំណុចបច្ចេកទេសមួយទៀត ផងដែរ។ បន្ទាប់បានត្រួតពិនិត្យ និងវាយតម្លៃរួចរាល់ ភាគីពាក់ព័ន្ធឯកភាពគ្នាប្រគល់-ទទួល ផ្លូវជាតិលេខ៤៨ ជាផ្លូវការ នៅក្នុងថ្ងៃទី១៧ ខែមិថុនា​ ដដែល។ តែយ៉ាងណាមិញ ក្រុមហ៊ុនសាងសង់មានកាតព្វកិច្ចថែទាំផ្លូវនេះ រយៈពេលធានា២ឆ្នាំទៀត បន្ទាប់ពីការប្រគល់-ទទួលនេះ។

ទិដ្ឋភាពទូទៅនៃផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ពីលើអាកាស។ រូបថត៖ ក្រសួងសាធារណការ​

បើតាមក្រសួងសាធារណការ ផ្លូវតម្លៃ៧៨លានដុល្លារនេះ  គឺមានប្រវែង១៤៨គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC។ ផ្លូវនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ 

ផ្លូវនេះ ត្រូវបានស្ថាបនាឡើងជា៤គន្លង ចំនួន៥ទីតាំង ប្រវែង៣០គីឡូម៉ែត្រ និង២កន្លង ប្រវែង១១៨ គីឡូម៉ែត្រ។ តាមផែនការ គម្រោងផ្លូវនេះ គឺត្រូវបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៤ ក៏ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះ ពន្យាពេលសាងសង់ជាងមួយឆ្នាំ។  ពោល គម្រោងនេះ ទើបត្រូវបានបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០២៥។​

ទិដ្ឋភាពទូទៅនៃផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ពីលើអាកាស។ រូបថត៖ ក្រសួងសាធារណការ​.jpg

ក្រសួងសាធារណការបានបញ្ជាក់ថា គម្រោងនេះ គឺតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់កម្ពុជាទៅប្រទេសថៃ។ « លក្ខណៈតភ្ជាប់នេះ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច»។

កន្លងមក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ផ្លូវជាតិលេខ៤៨នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទីពីរ រួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដែលជាតំបន់ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងតំបន់មាត់សមុទ្រ។ លោកបានអះអាងបន្ថែមថា  ផ្លូវជាតិមួយខ្សែនេះ នឹងជួយជំរុញសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងបន្ថែមទៀត ក៏ដូចជាតំបន់ទេសចរណ៍គីរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃកម្ពុជា។ តាមរយៈផ្លូវជាតិដ៏មានសក្តានុពលនេះ ក៏នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដោយរំពឹងបាននូវការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ។ 

បើតាមលោក ស៊ុន ចាន់ថុល ផ្លូវមួយខ្សែនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10) ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ផងដែរ៕ 

ទិដ្ឋភាពទូទៅនៃផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ពីលើអាកាស។ រូបថត៖ ក្រសួងសាធារណការ​.jpg


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

អ៊ូ សុខមាន