- ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១១:៤៤ នាទី ព្រឹក

Real Madrid ប្រកួតស្មើ Al Hilal ក្រុមជើងខ្លាំងពីអារ៉ាប៊ីសាអូឌីត និងទ្វីបអាស៊ី ក្នុងលទ្ធផល ១-១ នៅព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០២៥។ ក្នុងនាមជាអ្នកចាត់ការទូទៅថ្មី លោក Xabi Alonso ត្រូវបានគេរំពឹងថានឹងដឹកនាំក្រុមរហស្សនាមអធិរាជសកាន់តែមានអន់នៅរដូវកាលថ្មី។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ត្រូវការពេលកែសម្រួលក្រុមឡើងវិញ។
មុនទទួលតំណែងអ្នកចាត់ការ Real Madrid បុរសវ័យ ៤៣ឆ្នាំ ដែលភាគច្រើនត្រូវគេរំពឹងថានឹងកែប្រែក្រុមយក្សអេស្ប៉ាញ ឱ្យរកឃើញទម្រង់លេងខ្លាំងឡើងវិញ បន្ទាប់ពីលោកបានដឹកនាំក្រុម Bayer Leverkusen ជោគជ័យរយៈពេលជាង ២រដូវកាល។
ជំនួបស្មើលទ្ធផល ១-១ ទល់នឹងក្រុម Al Hilal ជាក្រុមអធិរាជមួយមកទ្វីបអាស៊ី និងជាជើងខ្លាំងប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត ធ្វើឱ្យ Real Madrid ស្ថិតក្រោមការដឹកនាំរបស់លោក Xabi Alonso ពុំសូវរីករាយ ប៉ុន្តែបុរសសញ្ជាតិអេស្ប៉ាញនិយាយថាក្រុមត្រូវការពេលបន្ថែម ដើម្បីកែខៃចំណុចខ្វះខាត។
«យើងដឹងថារឿងខ្លះគឺទាមទារពេលវេលា យើងត្រូវការកែតម្រូវចំណុចខ្វះខាត និងភាពល្អិតល្អន់មួយចំនួន។ រឿងគ្រប់យ៉ាងតែងតែទាមទារពេលវេលា។ អ្នកបានដឹងហើយថា មកដល់ពេលនេះគឺត្រឹមតែរយៈពេល ៩ថ្ងៃប៉ុណ្ណោះ ដែលខ្ញុំបានចូលមកកាន់ការងារនៅ Real Madrid ដូច្នេះវាកំពុងតែវិវឌ្ឍន៍ទៅមុខ។»។ លោក Alonso និយាយប្រាប់អ្នកកាសែតបែបនេះ បន្ទាប់មើលឃើញក្រុមជាប់គាំងប្រព័ន្ធលេងក្នុងការប្រកួត។
ក្រុមអធិរាជស បានអវត្តមានកីឡាករសំខាន់ៗត្រង់តំបន់ការពារ រួមមាន Antonio Rudiger, Eder Militao និង Dani Carvajal ជាដើម ស្របពេលក្រុមបានបញ្ចូលវត្តមានកីឡាករថ្មី រួមមានកីឡាករ Dean Huijsen និង Trent Alexander Arnold។ Arnold ក្នុងការប្រកួតដំបូងរបស់គេនៅក្លិបយក្សអេស្ប៉ាញ ហាក់ពុំទាន់អាចបង្ហាញទម្រង់លេងដ៏យល់ចិត្តបំផុតមួយ ជាមួយនឹងមិត្តរួមក្រុមថ្មី។
បញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ធ្វើឱ្យ Real Madrid និង Al Hilal បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ ហើយក្លិបជើងខ្លាំងអេស្ប៉ាញ Real Madrid ឈរលេខ ២ បណ្តោះអាសន្ត ហើយក្លិបជើងខ្លាំងអារ៉ាប៊ីសាអូឌីតឈរលេខ ៣។ ដោយឡែកក្លិប FC Salzburg វិញ ជាក្រុមឈរកំពូលតារាងពូល F បន្ទាប់ពីពួកគេបានយកឈ្នះការប្រកួតទល់នឹងក្រុមម៉ិកស៊ិក Pachuca លទ្ធផល ២-១។
ដោយឡែកការប្រកួតក្រុមដទៃនៅ Club World Cup វគ្គចែកពូលជុំទីមួយ ជើងខ្លាំងអង់គ្លេស Manchester City ដែលពោរពេញដោយវត្តមានកីឡាករថ្មី ប្រកួតឈ្នះក្រុម Wydad Casablanca លទ្ធផល ២-០ ក្នុងពូល G។ ចំណែកក្រុម Juventus វិញបានផ្តួលគូប្រកួត Al Ain លទ្ធផល ៥-០ ដើម្បីឈរកំពូលតារាងក្នុងពូល G៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
