- ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី យប់

នាយកប្រតិបត្តិ គ្រូបង្វឹក និងក្រុមកីឡាករ Juventus មួយចំនួន ត្រូវបានជ្រើសរើសឱ្យចូលជួបប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅសេតវិមាន នៅថ្ងៃទី១៨ មិថុនា មុនពេលពួកគេឈានដល់ការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៥។
ប្រតិភូក្លិប Juventus រួមមានទាំងកីឡាករតំណាងក្រុមជម្រើសជាតិអាម៉េរិក កីឡាករ Weston McKennie, Timothy Weah និងអ្នកចាត់ការលោក John Elkann ត្រូវបាអញ្ជើញធ្វើទស្សនិកនៅសេតវិមាន។ ប្រតិភូបាល់ទាត់បានរួមគ្នាប្រគល់អាវក្រុមមានស្លាកលេខ ៤៧ ទៅកាន់ លោកត្រាំ។
ជំនួបនេះ ធ្វើឡើងមុនពេល Juventus យកឈ្នះក្រុម Al Ain ក្នុងលទ្ធផល ៥-០ ក្នុងជំនួបវគ្គសន្សំពិន្ទុពូល G នៃពានរង្វាន់ FIFA Club World Cup នៅថ្ងៃទី១៩ ខែមិថុនា។
តំណាងក្លិប Juventus មកពីអ៊ីតាលី រួមមានគ្រូបង្វឹកលោក Igor Tudor, គ្រូបង្វឹកជម្រើសជាតិអ៊ីតាលីថ្មីលោក Manuel Locatelli និងកីឡាករ Federico Gatti, Teun Koopmeiners, Dusan Vlahovic ព្រមទាំងអតីតខ្សែការពារ Giorgio Chiellini ដែលបច្ចុប្បន្នកំពុងជាប្រធានផ្នែកយុទ្ធសាស្ត្រកីឡាក្លិប។ នាយកប្រតិបត្តិក្លិប Juventus លោក Maurizio Scanavino និងអ្នកចាត់ការទូទៅក្រុមលោក Damien Comolli និងវត្តមានរបស់មេសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ចូលជួបលោកត្រាំ រួមគ្នា។
ក្រុមប្រតិភូ បានឈរពីក្រោយលោក ត្រាំ ស្របពេលលោកត្រាំ បានឆ្លើយតបនឹងសំណួរមួយចំនួនទាក់ទងនឹងបញ្ហាជម្លោះប្រដាប់អាវុធរវាង អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលកំពុងឡើងកម្តៅ។ លោក ត្រាំ ថែមទាំងបានរំលេចឡើងអំពីបញ្ហាស្ត្រីប្តូរភេទ (ស្ត្រីមានកោសិការក្រូម៉ូសូមបុរស) ដែលចូលរួមក្នុងការប្រកួតកីឡារបស់នារីផងដែរ។
ក្រៅពីប្រតិភូបាល់ទាត់ ក៏មានវត្តមានតំណាងក្លិបកីឡាបេស្បលជើងឯកពិភពលោក Los Angeles Dodgers និងជើងឯកកីឡាបាល់ឱប (Super Bowl) ក្រុម Philadelphia Eagles ក៏បានចូលជួបសម្តែងការគួរសមចំពោះលោក ដូណាល់ ត្រាំ នៅសេតវិមាន។
សូមរំឮកថា ពេលថ្មីៗនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលគ្មានវត្តមានក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០២៥ បានផ្ញើអាវក្រុមជម្រើសជាតិព័រទុយហ្កាល់ មានចុះហត្ថលេខាលើអាវនោះ ភ្ជាប់ជាមួយនឹងសារទទូចរកសន្តិភាព ទៅឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។
ការផ្ញើសារពីសំណាក់ ខ្សែប្រយុទ្ធ Ronaldo ទៅកាន់លោក ត្រាំ តាមរយៈអាវក្រុមជម្រើសជាតិព័រទុយហ្កាល់ ដោយភ្ញាប់ពាក្យសន្តិភាពក្នុងនោះ ហាក់បីដូចជាកីឡាករ ប្រធានក្រុមព័រទុយហ្កាល់ ចង់ទទូចឱ្យលោកប្រធានាធិបតីអាម៉េរិក ជួយដោះស្រាយបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងងអ៊ីរ៉ង់ ដែលកំពុងកើតមាននៅតំបនមជ្ឈិមបូព៌ា៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
