- ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

វិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ ត្រូវបានសម្ពោធនៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អះអាងថាការបង្កើតឲ្យមានវិទ្យាស្ថាននេះឡើង គឺដើម្បីបណ្ដុះធនធានគ្រូបង្វឹក មន្ត្រីអាជ្ញាកណ្ដាល ចៅក្រមអន្ដរជាតិ សម្រាប់ទៅផ្សព្វផ្សាយគុនខ្មែរ នៅបរទេស។
វិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការយោគយល់ ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះអនុស្សរណៈយោគយល់នៅទីក្រុង Cheng Du ជាមួយស្ថាប័ន Emei Legend នៃប្រទេសចិន។ កាលពីដើមខែឧសភា សហព័ន្ធកីឡាជាតិមួយនេះ បានចុះ MoU ជាមួយ Emei Legend ក្នុងការជួយអភិវឌ្ឍ និងជួយផ្សព្វផ្សាយគុនខ្មែរ។
តាមរយៈវីដេអូរបស់ទំព័រហ្វេសប៊ុក Seng Moliny Journalis លោក ខូវ ឆាយ ចាត់ទុកថាការសម្ពោធវិទ្យាស្ថាននេះ គឺជាគន្លឹះ និងជាជំហានដ៏សំខាន់មួយសម្រាប់គុនខ្មែរ ដែលត្រូវបណ្ដុះបណ្ដាលធនធានគ្រូបង្វឹក មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម សម្រាប់បញ្ជូនទៅដឹកនាំការប្រកួត ក៏ដូចជាផ្សព្វផ្សាយ និងបង្វឹកនៅក្រៅប្រទេស។ វិទ្យាស្ថាននេះ នឹងផ្ដោតសំខាន់ គឺការបណ្ដុះបណ្ដាលធនធានយកទៅផ្សព្វផ្សាយ និងបង្វឹកគុនខ្មែរ នៅប្រទេសចិន ដែលមានចំនួនប្រជាជន និងអ្នកហាត់ក្បាច់ប្រដាល់ច្រើន។ នេះបើតាមការបញ្ជាក់ពីលោកខូវ ឆាយ។
«នេះគឺជាជំហានគន្លឹះ ដ៏សំខាន់មួយសម្រាប់វិស័យគុនខ្មែរយើង ដែលប្រទេសផ្សេងៗធ្លាប់ធ្វើជាច្រើនហើយ គឺបណ្ដុះបណ្ដាលធនធានគ្រូ ក៏ដូចជាមន្ដ្រី អាជ្ញាកណ្ដាល ចៅក្រម ដើម្បីចេញទៅដឹកនាំការប្រកួត នៅក្រៅប្រទេសក៏ដូចជាចេញទៅដឹកនាំការប្រកួតនៅក្រៅប្រទេស ក៏ដូចជាចេញទៅបណ្ដុះបណ្ដាលគុនខ្មែរនៅក្រៅប្រទេស។ ផែនការរបស់វិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរ គឺផ្ដោតតែលើប្រទេសចិន។ នេះ គឺជាការចាប់ផ្ដើមមួយ ដែលយើងនឹងប្រើប្រាស់វិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរនេះ ដើម្បីបណ្ដុះបណ្ដាលសិក្ខាកាម ក៏ដូចជាសិស្ស។»។ ប្រធានសហព័ន្ធកីឡាជាតិរូបនេះ បានប្រាប់ដូច្នេះ។
រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ឲ្យទទួលស្គាល់សញ្ញាបត្រ ដែលចេញដោយវិទ្យាស្ថាននេះ ហើយសញ្ញាបត្រនោះ មានតម្លៃទៅនិងសញ្ញាបត្រសិក្សាទូទៅ ព្រោះដើម្បីឲ្យសិក្ខាកាមអាចយកទៅប្រើប្រាស់បន្ដ ជាពិសេសការយកទៅប្រើប្រាស់នៅបរទេស ឬក៏ប្រទេសចិន។
លោក ខូវ ឆាយ បានប្រាប់ថា៖«មានន័យថាសញ្ញាបត្រ ដែលចេញដោយវិទ្យាស្ថាន និងមានតម្លៃស្មើបរិញ្ញាបត្រ ឬក៏ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ បន្តបន្ទាប់ទៀត។ សញ្ញាបត្រ ដែលចេញដោយវិទ្យាស្ថានរបស់យើង អាចនឹងបន្ដការសិក្សានៅក្រៅប្រទេស។»។
តាមការបញ្ជាក់ពីប្រធានរូបនេះ បច្ចុប្បន្ន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការជាមួយសកលវិទ្យាល័យកីឡា២ នៅប្រទេសចិន គឺទី១ គឺសកលវិទ្យាល័យកីឡានៅ Chengdu ដែលមានសិស្ស ជាង១៦ ០០០នាក់ និងទី២ សកលវិទ្យាល័យកីឡា នៅខេត្តក្វាងស៊ី។ សកលវិទ្យាល័យកីឡាទាំង២នេះ បានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដោយមិនគិតប្រាក់ ហើយថែមទាំងផ្ដល់ជូននូវអាហារ និងថវិកាឧបត្ថម្ភ បន្ថែមទៀត។
ដោយឡែក វិទ្យាស្ថានបណ្ដុះបណ្ដាលគុនខ្មែរនោះ នឹងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ដែលឈានដល់វ័យមិនអាចប្រកួតបាន ឲ្យចូលទៅរៀន ដើម្បីក្លាយជាគ្រូបង្វឹក និងមន្ដ្រីបច្ចេកទេសអន្ដរជាតិ។ លោក ខូវ ឆាយ បានបន្ថែមទៀតថា គ្រូបង្វឹក មន្ដ្រីបច្ចេកទេសអន្ដរជាតិ ត្រូវមានសញ្ញាបត្រ ដែលមានគរុកោសល្យត្រឹម ទើបអាចចេញទៅបណ្ដុះបណ្ដាលគុនខ្មែរ នៅក្រៅប្រទេសបាន។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានប្រាប់ថា៖«យើងក៏អាចផ្ដល់ឱកាសឲ្យកីឡាករ កីឡាការិនីខ្មែរ នូវពេលពួកគេចូលដល់វ័យមួយ ប្រកួតលែងបាន ពួកគាត់អាចមករៀន ដើម្បីទទួលសញ្ញាបត្រ ក្លាយជាគ្រូ ដែលមានគរុកោសល្យត្រឹមត្រូវ ហើយនៅថ្ងៃអនាគតគាត់អាចចេញទៅបណ្ដុះបណ្ដាលគុនខ្មែរ និងផ្សព្វផ្សាយគុនខ្មែរ នៅក្រៅប្រទេស ដូចជាចិន ឬប្រទេសផ្សេងទៀត ក៏បានដែរ។»៕
អ្នកសរសេរអត្ថបទ
