CWC៖ Botafogo ធ្វើឱ្យជើងឯកអឺរ៉ុប ​PSG ខកចិត្ត រីឯ ​Messi ជួយ Inter Miami ឈ្នះ Porto
  • ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
CWC៖ Botafogo ធ្វើឱ្យជើងឯកអឺរ៉ុប ​PSG ខកចិត្ត រីឯ ​Messi ជួយ Inter Miami ឈ្នះ Porto

ក្រុមជើងខ្លាំងពីប្រេស៊ីល Botafogo FC ផ្តល់មេរៀនខកចិត្តឱ្យ Paris Saint Germain ម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League ជាមួយជ័យជម្នះ ១-០ ក្នុងការប្រកួតពូល B ព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៥។ Lionel Messi បង្ហាញភាពលេចធ្លោតាមរយៈការស៊ុតបាល់ពិន័យ Free kick ដ៏អស្ចារ្យជួយ Inter Miami វាយបកឈ្នះ FC Porto ២-១ ក្នុងពូល A ស្របពេល Palmeiras ឈ្នះ Al Ahly។ Atletico Madrid រកបាន ៣ពិន្ទុត្រឡប់មកវិញ ពីក្រុម Seattle Sounders ក្នុងជំនួបពូល ​B។

TTN-Free-Banner-In-Article-PC

គ្រាប់បាល់ជ័យជម្នះរបស់ Botafogo ពីសំណាក់​កីឡាករ Igor Jesus នាទី៣៦ បង្អាក់ដំណើរអបអររបស់ក្រុម PSG និងសង្ឃឹមឡើងវគ្គ ១៦ក្រុម របស់ពួកគេឱ្យនៅទ្រឹងមួយកន្លែងសិន ក៏ដូចជាទាញការប្រកួតឱ្យកាន់តែតានតឹងក្នុងពូល B។ Botafogo ឆ្លងកាត់ ២ប្រកួត ជាមួយលទ្ធផលឈ្នះទាំង ២លើក រុញច្រានពួកគេឡើងឈរកំពូលតារាងមាន ៦ពិន្ទុ មានភាគខ្ពស់ឆ្លងវគ្គ ១៦ក្រុមចុងក្រោយ ខណៈការប្រកួតចុងក្រោយវគ្គពូលត្រូវប៉ះក្រុម Atletico Madrid។

Atletico Madrid ក៏ដើម្បីបាន ៣ពិន្ទុ ត្រឡប់មកវិញ ពីក្រុម Seattle Sounders FC ដើម្បីអាចបន្តក្តីសង្ឃឺមប្រជែងកៅអីវគ្គបន្ទាប់ នៅការប្រកួតចុងក្រោយវគ្គចែកពូល។ ក្លិប​ Seattle Sounders ទៀតសោតក៏ជាក្រុមដែលប្រឈមធ្លាក់ចេញពីការប្រកួតដំបូងគេ ត្រឹមវគ្គចែកពូល ដោយពួកគេចាញ់ ២លើក ជាប់គ្នា ហើយការប្រកួតចុងក្រោយក្នុងពូល ត្រូវជួបក្រុមខ្លាំង PSG ដែលមាន៣ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន ស្មើ Atletico Madrid ដែលនៅលេខ៣។

ចំណែក ការប្រកួតពូល A ខ្សែប្រយុទ្ធ Lionel Messi ជួយ Inter Miami បង្កើតរឿងភ្ញាក់ផ្អើលដោយអាចវាយបកឈ្នះជើងខ្លាំងព័រទុយហ្កាល់ FC Porto ក្នុងលទ្ធផល ២-១ និងមានភាគរយខ្ពស់ផងដែរ សម្រាប់ឡើងវគ្គបន្ទាប់។ ការទាត់បាល់ពិន័យ ​Free kick ដ៏ល្អបំផុតពីសំណាក់កីឡាករអាហ្សង់ទីន Messi ជួយឱ្យ Inter Miami ក្រសោបបាន ៣ពិន្ទុ ខណៈជាគ្រាប់បាល់ទី៥០ របស់គេ នៅក្លិបក្នុងទឹកដីអាម៉េរិក។

អ្នកគាំទ្រស្ទើពេញកីឡដ្ឋាន Mercedes Benz បានស្រែកច្រៀងឈ្មោះរបស់ Messi ជាតារាបាល់ទាត់កំពូលមួយរូបមានវត្តមានប្រចាំការប្រកួត Club World Cup បន្ទាប់ពីគេបង្កើតរឿងរ៉ាវដ៏អស្ចារ្យក្នុងការប្រកួត ទល់ Porto។

ក្រោយចប់ការប្រកួតប្រធានក្រុមអាហ្សង់ទីនរូបនេះបាននិយាយដូច្នេះថា៖«វាជារឿងដ៏អស្ចារ្យបំផុត ហើយការងារយើងធ្វើគឺបានល្អខ្លាំង ខ្ញុំពិតជារីករយ[…]។ ពេលទាត់បាល់ពិន័យ ខ្ញុំបានមើលឃើញប្រៀបនាំមុខ ត្រង់ទីតាំងទូលាយ​ដែលអ្នកចាំទីធ្វេសប្រហែស ដូចនេះនរណាម្នាក់មិនទៅឈរបាំងនៅទីនោះ និងគ្មានអ្នកជួយការពារ ខ្ញុំក៏បានស៊ុតសំដៅទៅទីនោះ។[…]»។

តាមរយៈជ័យជម្នះនេះ Inter Miami ស្ថិតនៅចំណាត់ថ្នាក់លេខ២​ ពូល A តាមពីក្រោយ Palmeiras ដែលស្ថិតក្នុងពូលតារាងដោយមាន៤ពិន្ទុដូចគ្នា។ Palmeiras បានយកឈ្នះ Al Ahly ក្នុងលទ្ធផល ២-០។ ការប្រកួតចុងក្រោយក្រុមកំពូលតារាងទាំង ២ នឹងត្រូវជួបគ្នា ខណៈ Al Ahly ត្រូវទៅជួប FC Porto៕


អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង