លីគបាល់ទាត់នារីកម្ពុជាសម្រាក ៤សប្ដាហ៍ ដើម្បីសម្រួលក្រុមជម្រើសជាតិ ត្រៀម AFC Asian Cup
  • ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៤០ នាទី រសៀល
លីគបាល់ទាត់នារីកម្ពុជាសម្រាក ៤សប្ដាហ៍ ដើម្បីសម្រួលក្រុមជម្រើសជាតិ ត្រៀម AFC Asian Cup
Front-លីគនារីកម្ពូជា ត្រូវសម្រាក់រយៈ ៤សប្ដាហ៍ រូបពី Cambodian Women's League

លីគបាល់ទាត់កម្ពុជាផ្នែកនារី (Cambodian Women’s League) នឹងត្រូវសម្រាកចំនួន ៤សប្ដាហ៍ បន្ទាប់ពីប្រកួតចប់សប្ដាហ៍ទី៣ នាថ្ងៃទី១៤ មិថុនា មុនចាប់ផ្តើមវិញនៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៥។ ការសម្រាកនេះ ដើម្បីសម្រួលដល់ក្រុមជម្រើសជាតិនារីកម្ពុជា ប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិដូចជា ប្រកួតមិត្តភាពជាមួយកោះហ្គាំ និងវគ្គជម្រុះ AFC Women’s Asian Cup Australia ឆ្នាំ ២០២៦។

TTN-Free-Banner-In-Article-PC

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផ្នែកនារី មានបេសកកម្មប្រកួតមិត្តភាពអន្ដរជាតិជាមួយ កោះហ្គាំ នៅថ្ងៃទី២៥ មិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា មុនបន្តប្រកួតជម្រុះ ពូល G នៃព្រឹត្តិការណ៍ AFC Women’s Asian Cup Australia 2026។ ជំនួបដំបូងក្នុងពូល កម្ពុជា ត្រូវស្វាគមន៍ហុងកុង នៅថ្ងៃទី២៩ មិថុនា ហើយជួបជាមួយហ្វីលីពីន នៅថ្ងៃទី២ ខែកក្កដា។ ជំនួបចុងក្រោយនៅថ្ងៃទី៥ កក្កដា កម្ពុជា ត្រូវប៉ះអារ៉ាប៊ីសាអូឌីត។

ក្រុមជម្រើសជាតិនារីកម្ពុជា ដែលសមាសភាពកីឡាការិនី បានមកពីសមាគម ក្លិប និងក្រុម ក្នុងលីគ ត្រូវប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនេះ ដែលតម្រូវឱ្យលីគត្រូវសម្រាក៤សប្តាហ៍។ 

ការប្រកួតរវាងភ្នំពេញក្រោន និងខេត្តកណ្ដាល រូបពី Cambodian Women's League

នៅសប្ដាហ៍ទី៤ នាថ្ងៃទី១៩ ខែកក្កដា សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ត្រូវស្វាគមន៍ ក្រុមបាល់ទាត់បឹងកេត នៅកីឡដ្ឋានខេត្តកណ្ដាល វេលាម៉ោង ៣:៣០រសៀល ស្របពេលដែល ណាហ្គាវើលដ៍ ទទួល មីស្ទើរលេង នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ លុះចូលដល់ថ្ងៃទី២០ ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយ វិសាខា នៅទីលានបាល់ទាត់វិទ្យាល័យស្វាយរៀង វេលាម៉ោង៣:៣០ រសៀល ទន្ទឹមពេលដែល ក្លិបបាល់ទាត់ខេត្តសៀមរាប ប្រកួតជាមួយភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន មាន ៩ពិន្ទុពេញ តាមពីក្រោយដោយវិសាខា មាន ៧ពិន្ទុ។ ចំណែកលេខ៣ ក្រុមណាហ្គាវើលដ៍ មាន ៦ពិន្ទុ ខណៈ ព្រះខ័នរាជស្វាយរៀង មាន ៤ពិន្ទុ នៅចំណាត់ថ្នាក់លេខ៤។ បឹងកេត នៅចំណាត់ថ្នាក់លេខ៥ មាន ៣ពិន្ទុស្មើក្រុមមីស្ទើរលេង ដែលឈរនៅលេខ៦។ ក្រុមសៀមរាបនៅចំណាត់ថ្នាក់លេខ៧ មាន ១ពិន្ទុ ចំណែក សមាគមបាល់ទាត់ខេត្តកណ្ដាល នៅបាតតារាង គ្មានពិន្ទុរាប់នៅឡើយ៕

ការប្រកួតរវាងវិសាខា និងបឹងកេត រូបពី Cambodian Women's League


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា