- ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

ក្រុមអ្នកគាំទ្រក្លិប Manchester United មានការខឹងសម្បារ និងខ្លះត្អូញត្អែរ ចំពោះការដំឡើងថ្លៃសំបុត្រទស្សនាការប្រកួតក្នុងកីឡដ្ឋាន Old Trafford សម្រាប់រដូវកាលថ្មី ២០២៥-២៦ បើទោះរដូវកាលមុនក្រុមធ្វើមិនល្អនៅ Premier League នឹងគ្មានកៅអីលេងពានរង្វាន់អឺរ៉ុបក៏ដោយ។
ចំថ្ងៃតែមួយពេលក្របខណ្ឌ Premier League ប្រកាសកាលវិភាគប្រកួតសម្រាប់រដូវកាលថ្មី កាលពីថ្ងៃទី១៨ មិថុនា ក្លិប Man Utd ក៏បានប្រកាសពីការឡើងថ្លៃសំបុត្រ សម្រាប់ការប្រកួតក្នុងទឹកដី។ សំបុត្របានបែងចែកតម្លៃតាមប្រភេទ A, B និង C។
សំបុត្រប្រភេទ A ត្រូវបានចាត់ថ្នាក់សម្រាប់ការប្រកួតប៉ះក្រុមធំៗ ដូចជាក្រុម Man City, Liverpool, Arsenal, Chelsea, Tottenham Hotspur និង Newcastle United ជាដើម ដែលមានតម្លៃចាប់ពី ៧៩ដុល្លារ ដល់ ១៣០ដុល្លារ ក្នុងមួយប្រកួត សម្រាប់តម្លៃលក់រាយ។ បញ្ហាសំបុត្រឡើងថ្លៃប្រឈមផលប៉ះពាល់ខ្លាំងដល់អ្នកគាំទ្រដែលទិញសំបុត្រមួយលើកៗ ខុសពីអ្នកទិញសំបុត្រជាកញ្ចប់ពេញមួយរដូវកាល។
បើតាមការលើកឡើងរបស់ក្រុមអ្នកគាំទ្រក្លិបបិសាចក្រហម Man Utd supporter Trust (MUST) ប្រព័ន្ធលក់សំបុត្រថ្មី នឹងធ្វើឱ្យថ្លៃសំបុត្រកើនឡើងប្រមាណ ៥០ភាគរយ ហើយប៉ះពាល់ដល់អ្នកគាំទ្រជាង ២ម៉ឺននាក់ដែលតែងទិញសំបុត្រមើលមួយលើកៗ។
យ៉ាងណាក្លិប Man Utd ពន្យល់ថាការដំឡើងថ្លៃសំបុត្រនេះ ដើម្បីជួយបង្កើនចំណូលក្លិប ខណៈក្លិបកំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ។ ក្រុមអ្នកគាំទ្រ MUST បានរិះគន់ចំពោះការសម្រេចចិត្តនេះ និងលើកឡើងថាអ្នកគាំទ្រភាគច្រើនខឹងសម្បារ និងត្អូញត្អែរខ្លាំងលើបញ្ហានេះ។
ដំឡើងថ្លៃសំបុត្រ ជាផ្នែកមួយនៃគម្រោងកាត់បន្ថយការចំណាយខ្ជះខ្ជាយរបស់ក្លិប ហើយស្វែករកការសន្សំប្រាក់ត្រឡប់មកវិញ ក្រោមការដឹកនាំរបស់សហម្ចាស់ក្លិបថ្មីលោក Sir Jim Ratcliffe។ កន្លងទៅក្លិបបានកាត់ការងារបុគ្គលិកដែលមិនចាំបាច់ជាង ៥០០នាក់ បិទអាហារដ្ឋានរបស់បុគ្គលិកក្លិប រួមទាំងការផ្តាច់កិច្ចសន្យាទូតសុច្ឆន្ទៈរបស់លោក Sir Alex Ferguson ជាអតីតអ្នកចាត់ការខ្លាំងមួយរូបប្រចាំប្រវត្តិសាស្រ្តក្លិបថែមទៀត។
មិនសុខចិត្តនឹងការដំឡើងថ្លៃសំបុត្រ ដោយសារតែក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Ruben Amorim ចាញ់ច្រើនប្រកួតក្នុងក្របខណ្ឌ Premier League រហូតឈរចំណាត់ថ្នាក់លេខ ១៥ នៅចុងបញ្ចប់រដូវកាល និងគ្មានកៅអីប្រកួតក្នុងពានរង្វាន់អឺរ៉ុបថែមទៀត៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
