សម្តេច ហ៊ុន សែន ប្រាប់រដ្ឋាភិបាលឱ្យពិចារណាផ្អាកនាំចូលទំនិញកំប៉ុងគ្រប់ប្រភេទពីថៃ
- ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៣:២៤ នាទី យប់

សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភាកម្ពុជា
ប្រធានគណបក្សកាន់អំណាច សម្តេច ហ៊ុន សែន ផ្តល់យោបល់ដល់រដ្ឋាភិបាលឱ្យពិចារណា ក្នុងការ ផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃ គឺរាប់តាំងពីគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ។ សម្តេច ហ៊ុន សែន បានលើកឡើងបែបនេះ នាយប់ថ្ងៃទី២០ ខែមិថុនា បន្ទាប់ពីឃើញបក្សប្រឆាំងថៃមួយបានគំរាមមិនលក់ប្រេងឥន្ទនៈឱ្យកម្ពុជា។

« ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃ ឱ្យឈប់លក់ប្រេងឱ្យកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាចុះចាញ់»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដោយបានអះអាងទៅវិញយ៉ាងដូច្នេះ៖ « យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឱ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឱ្យអ្នកធ្វើតាមបំណងចុះ»។
លើសពីនេះ ក្នុងនាមជាប្រធានគណបក្សកាន់អំណាច សម្តេច ហ៊ុន សែន បានផ្តល់យោបល់ដល់រដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឱ្យគេមានហេតុផលគំរាមកម្ពុជាតទៅទៀត។ សម្តេច បានបញ្ជាក់ថា ៖ « ចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឱ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០»។
បើតាមសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានប្រធានព្រឹទ្ធផងដែរនោះ កម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយស្ថានភាពដែលភាគីថៃគំរាមនាកន្លងមក។ ដូចជា៖ ការគំរាមរបស់ថៃលើការបិទការផ្គត់ផ្គង់អ៊ិនធឺនណែត អគ្គិសនី ពលករ និងពេលនេះ ថៃបានយកល្បែងប្រេងធ្វើជាអាវុធប្រឆាំងនឹងកម្ពុជាទៀត។ សម្តេចបានរំឭក ថា បញ្ហាពលករពេលមុន ខាងថៃមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមកម្ពុជាផង។ តែពេលដែលកម្ពុជាប្រកាសទទួលយកពលករវិញ តែពេលនេះខាងថៃបែរជាចេះយកចិត្ត និងលួងលោមពលករឱ្យបន្តការងារក្នុងទឹកដីរបស់ខ្លួនទៅវិញ។ សម្តេច ហ៊ុន សែន ដឹងច្បាស់ថា បើពលករខ្មែរចាកចេញពីរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់ថៃមួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។
« បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែល កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា»។ នេះជាសារព្រមានរបស់ប្រធានគណប្រជាជនកម្ពុជាទៅកាន់ភាគីថៃ។
កម្តៅនយោបាយរវាងកម្ពុជា-ថៃ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមកទល់បច្ចុប្បន្ន បន្ទាប់ពីកើតឡើងនូវជម្លោះព្រំដែនរវាងប្រទេសទាំងពីរសារជាថ្មី កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតនៅលើទឹកដីខ្លួន។ ជម្លោះនេះបានរីករាលដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដោយកម្ពុជាត្រូវបង្ខំចិត្តបិទការនាំចូលទំនិញ និងសេវាកម្មចំនួនពីប្រទេសថៃ បន្ទាប់ពីរងការគំរាមគំហែងជាបន្តបន្ទាប់ពីយោធាប្រទេសថៃ។ កន្លងមក កម្ពុជា បានបិទការនាំចូលប្រភពអគ្គិសនី អ៊ីនធឺណែត រួមទាំងបិទការនាំចូល និងចាក់បញ្ចាំងភាពយន្តរបស់ថៃ។ រហូតដល់ថ្ងៃទី១៧ ខែមិថុនា កម្ពុជាសម្រេចបិទការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃ ចាប់ពីពេលនោះ មកទល់សព្វថ្ងៃ៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com