តើពាក្យ«ពិសោធ» និង«ពិសោធន៍» មានលក្ខខណ្ឌប្រើប្រាស់ខុសគ្នាដូចម្ដេច?
- ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

ភ្នំពេញ៖ ពាក្យថា «ពិសោធ» និង«ពិសោធន៍» សាធារណជន នៅមានភាពមិនច្បាស់លាស់ នៅក្នុងការសរសេរ ថាពេលណាត្រូវ«ពិសោធ» ហើយពេលណាត្រូវសរសេរថា«ពិសោធន៍»។ មូលហេតុ គឺមិនសូវបានយល់ពីក្បួន វេយ្យាករណ៍ នៃកិរិយាសព្ទ គុណសព្ទ នាមសព្ទ បាលី និងសំស្ក្រឹតនៅក្នុងភាសាខ្មែរ។ ពាក្យថា «ពិសោធ» និង«ពិសោធន៍» មានលក្ខខណ្ឌសរសេរដូចខាងក្រោម៖

នៅក្នុងការសរសេរអត្ថបទ សាធារណជនត្រូវចំណាំក្នុងក្បួនវេយ្យាករណ៍ខ្មែរថា បើខ្លួនចង់ប្រើពាក្យនេះ ជាករិយាសព្ទ គឺត្រូវសរសេរថា«ពិសោធ» ដែលមានន័យថា សាកមើលឲ្យឃើញពិត ពិនិត្យដោយការល្បងឲ្យឃើញប្រាកដ។ ប៉ុន្តែ ប្រើជានាមសព្ទ គឺចាំបាច់ត្រូវសរសេរ«ពិសោធន៍» ដែលមានន័យថា ការល្បងមើល ដំណើរពិនិត្យសាកមើលឲ្យឃើញពិត ជាដើម។
ប៉ុន្តែក្នុងករណី សាធារណជន សរសេរពាក្យនេះ ផ្សំជាមួយពាក្យថា «ការ, ក្ដី, សេចក្ដី និងដំណើរ» គឺមិនត្រូវសរសរថា «ការពិសោធន៍ , ក្ដីពិសោធន៍ , សេចក្ដីពិសោធន៍ និងដំណើរពិសោធន៍» ឡើយ ព្រោះការសរសេរបែបនេះ មិនត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ខ្មែរ នោះទេ។ មូលហេតុគឺដោយសារពាក្យថា «ការ, ក្ដី, សេចក្ដី និងដំណើរ» ជានាមសព្ទ មិនអាចយកមកផ្សំជាមួយពាក្យថា «ពិសោធន៍»បានទេ ព្រោះជានាមសព្ទដូចគ្នា។
ដោយឡែក ចំពោះពាក្យថា «ការ, ក្ដី, សេចក្ដី និងដំណើរ»នេះ ត្រូវផ្សំជាមួយពាក្យថា «ពិសោធ» ទើបត្រឹមត្រូវ។ ឧទាហរណ៍៖ «ការពិសោធ, ក្ដីពិសោធ, សេចក្ដីពិសោធ និងដំណើរពិសោធ»៕
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com